ខេត្តកំពង់ធំ ៖ នៅព្រឹក ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ៖ «ប្រជាជនជាកត្តាកំណត់ក្នុងការតស៊ូរំដោះជាតិ ការកសាង ការពារប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាងនយោបាយក្នុងសង្គមជាតិ។ គណបក្សត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងយកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន»
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានលើកឡើងរំលឹកដល់សមាជិក សមាជិកាគណៈចលនាមហាជនខេត្តកំពង់ធំ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់ ។
ការរំលឹកនូវប្រសាសន៍ដ៏មានតម្លៃខាងលើ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តបេសកកម្ម ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច