ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿង ញៀន និងបានការណែនាំពី លោកវរសេនីយ៍ឯក យឿន ប៉ាក់ទី ស្នងការរង ជំនួយការដឹកនាំការងារការិយាល័យប្រឆាំងគ្រឿងញៀនបង្ក្រាបជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន។
មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថា នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៧ នឹង៣០នាទី នៅចំណុចភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង កម្លាំងនគរបាលស្រុកថ្ពង ដឹកនាំដោយ លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការស្រុក បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ០២នាក់៖
១-ឈ្មោះ លីម គក ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និង ២- ឈ្មោះ អ៊ុន ណាប់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(មានដីកាបង្គាប់ឲ្យចាប់ខ្លួន ) ចុះលេខ៣១៦ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ របស់លោក ថៃ គឹមមុនី ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ករណី រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។
វត្ថុតាងដកហូតរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់មធ្យម
២-ទូរសព្ទ័ដៃចំនួន ២គ្រឿង
៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង
៤-ឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច