ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលមនុស្សជាច្រើនធ្លាប់ស្គាល់ និងចំណាំឃើញគាត់ ជាមនុស្សយក «ស្រាថ្នាំធ្វើជាបាយ»ស្ទើររាល់ថ្ងៃ ស្រាប់តែសុខៗបានដាច់ផ្ងារធ្លាក់ពីលើបង់ថ្មស្លាប់ទាំងព្រឹកព្រលឹមនៅចំពោះមុខស្រា០២ដបនៅលើតុថ្ងៃទី១១ វិច្ឆិកា នៅម្ដុំផ្សារទំនើប«ភូពុយ»ស្ថិតក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង ដែលគេសង្ស័យថា អាចស្លាប់ដោយសារជំងឺប្រចាំកាយ ។
តាមព័ត៌មានបឋមឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈូន ហ៊ាង ភេទប្រុស អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅឃុំគារ ស្រុកមោងប្ញស្សី យោង(អត្តសញ្ញាណប័ណ្ណ) ។ ប៉ុន្តែបុរសនេះត្រូវគេប្រទះឃើញដើហើរពាសពេញក្រុងបាត់ដំបង ហាក់ពុំមានកន្លែងស្នាក់នៅពិតប្រាកដទេ ហើយភាគច្រើនគេតែងឃើញគាត់ស្រវឹងជាប្រចាំ ។
បើតាមប្រភពព័ត៌មានពីអ្នកលក់ដូរផ្សារ«ភូពុយ»បានឲ្យដឹងថា គេតែងប្រទះឃើញជនរងគ្រោះរូបនេះនៅម្ដុំផ្សារទំនើប«ភូពុយ»ស្នាក់នៅតាមសំយ៉ាបផ្ទះគេទុកចោល ឬតាមផ្សារ ជាមួយនឹងដបស្រាថ្នាំជាប្រចាំ ។ ព្រឹកព្រលឹមថ្ងៃកើតហេតុ គេឃើញគាត់អង្គុយម្នាក់លើបង់ថ្មមួយកន្លែងជាមួយស្រាថ្នាំ០២ដបនៅលើតុ ដែលទំនងជាស្រវឹងទាំងព្រឹលឹមអុរផង ។ ប៉ុន្តែបន្តិចក្រោយមក ស្រាបតែគេបានប្រទះឃើញគាត់បែរជាដេកក្បែរបង់ថ្មដាច់ ខ្យល់ស្លាប់បាត់ទៅហើយ ។
បើតាមប្រភពខ្លះបាននិយាយថា គេបានឃើញបុរសនេះផឹកស្រាតាំងពីល្ងាចថ្ងៃទី១០ វិច្ឆិកា រហូតដល់យប់ជ្រៅ លុះព្រឹកឡើង គេនៅតែឃើញគាត់អង្គុយនៅលើបង់ថ្មទៀត ដែលមានស្រានៅលើតុផង ។ បើតាមមើលស្ថានភាពជាក់ស្ដែង បុរសម្នាក់នេះទំនងផឹកស្រាច្រើនមិនហូបបាយ ហើយមិនដេកមិនពួន ផឹករហូតរលត់ម៉ាស៊ីដាច់ផ្ងារធ្លាក់ពីលើបង់ស្លាប់តែម្ដង ។
អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន មិនទាន់បានព័ត៌មានលំអិតពាក់ព័ន្ធនឹងការស្លាប់របស់បុរសយកស្រាធ្វើជាបាយនេះទេ ។ លោកគ្រាន់តែផ្ដល់ព័ត៌មានបឋមថា ជនរងគ្រោះមានប្រវត្តិផឹកស្រាជាប្រចាំ តែការស្លាប់ខាងលើនេះ លោកមិនទាន់ដឹងពីមូលហេតុជាក់ លាក់ទេ ព្រោះពេលនេះ មន្ត្រីជំនាញបាននិងកំពុងសាកសួរព័ត៌មាន ជុំវិញករណីកន្លែងកើតហេតុ និងពិនិត្យសាកសព្វជនរងគ្រោះនៅឡើយ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច