ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងផ្ដន្ទាទោសយុវនារីមួយ​រូប​ ដែល​រិះគន់​បញ្ហា​សន្តិសុខ​នៅខេត្ត​ពោធិ៍សាត់​លើ​បណ្ដាញ​សង្គមឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ នារីមួយ​រូប​ដែល​រិះគន់​បញ្ហា​សន្តិសុខ​ខេត្ត​ពោធិ៍សាត់​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​កាត់​ទោស​ឱ្យ​ជាប់​ពនពន្ធនាគារយៈពេល៣​ឆ្នាំ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ថ្ងៃ​ទី១១ ខែវិច្ឆិកាឆ្នាំ២០២៦សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​ បាន​ប្រកាស​ថា យុវតី ភី ស្រីណយ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦​លាន​រៀល នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង»។

ជាង​នេះ​ទៅ​ទៀត តុលាការ​បាន​សម្រេច​រឹប​អូសទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ស៊ីម​កាត ដោយ​ចាត់​ទុក​ជា​វត្ថុ​តាង​នៅ​បញ្ញត្តិ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ បាន​ប្រកាស​ពីសេចក្ដី​សម្រេច​បែប​នេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ប្រឆាំង​នឹងអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រូប​នេះ​កាល​ពី​ថ្ងៃ​២៨ ខែ​តុលា ឆ្នាំ​២០២៦។

យុវតី ភី ស្រីណយ ឬ ភី យ៉ាងរី បាន​បង្ហោះ​សារ​ជា​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម TikTok ដោយ​បាន​​លើក​ឡើង​ពី​ចោរ​លួច​ប្រេង​ពី​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​ដែល​ឈប់​សម្រាក​នៅ​ម្ដុំ​ផ្លូវ​វាង​ក្រុង​ ស្ថិត​ក្នុង​ភូមិក្រាំងតាសែន សង្កាត់ព្រៃញី នៃ​ខេត្ត​ពោធិ៍សាត់។

តុលាការ​ខេត្ត​នេះ បាន​ដក​ស្រង់​សម្ដី​របស់ ភី ស្រីណយ ពី​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម ដែល​និយាយ​ថា «ចង់​និយាយ​ថា វីដេអូ​នេះ​អត់​មាន​សម្ដែង​ទេ​បងៗ​អ្នក​ខេត្ត​ពោធិ៍សាត់ បងៗ​តៃកុងឡាន​ធំ​ដូច​គ្នា បងៗ​ដឹង​ហើយថា ខេត្ត​ស្អាត Perfect គ្មាន​សំរាម តែ​មាយាទ​អន់ ពូជចោរ យាយថា​ពូជ​ចោរ ឡាន​ប្ដី​ខ្ញុំ​អស់​ប្រេង​ទៅ​សម្រាក​ គ្រាន់តែ​ឡើង​ទៅ​ថា​យ៉ាង​ច្រើន​១៥​នាទី អត់​មាន​សម្ដែង​ អត់​មាន​បង្ខូច​ខេត្ត​របស់​គេ​ទេ»។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ តុលាការ​បាន​ចាត់​ទុក​សម្ដី​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រូប​នេះ​ថា «នាំ​ឱ្យ​មាន​ការ​រើស​អើង និង​គុំ​កួន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់»៕


ចែករំលែក៖