ព័ត៌មានទាន់ហេតុការណ៍៖

ហ្វ្រង់កូហ្វូនី៖ ឱកាសយុទ្ធសាស្ត្រដែលកម្ពុជាមិនគួរបញ្ចប់ត្រឹមកិត្យានុភាពការទូត

ចែករំលែក៖

កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និង​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាការទទួលបានកិត្តិយសក្នុងការរៀបចំព្រឹត្តិការណ៍​អន្តរ​ជាតិមួយ​នោះ​ទេ។ ក្នុងន័យនយោបាយ និងការទូត វាជាឱកាសដែលកម្ពុជាអាចប្រើប្រាស់ដើម្បីបង្ហាញ​ពី​តួនាទីរបស់ខ្លួន​ក្នុងក្របខណ្ឌអន្តរជាតិ ពង្រីកទំនាក់ទំនងជាមួយប្រទេសដទៃ និងបើកច្រកសម្រាប់កិច្ច​សហ​ប្រតិបត្តិ​ការ​ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ។ ការរៀបចំកិច្ចប្រជុំឱ្យបាន​ជោគ​ជ័យ គឺជារឿងមួយ ប៉ុន្តែ​ការយកឱកាសនេះទៅបង្កើតផលប្រយោជន៍យូរ​អង្វែង​សម្រាប់ប្រទេសជាតិ គឺ​ជារឿង​សំខាន់ជាងនេះ។

 

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី Organisation Internationale De La Francophonie (OIF) មានទំហំ និងឥទ្ធិពលគួរឱ្យកត់សម្គាល់ ដោយមានសមាជិក​ចំនួន​៩០ប្រទេស និងរដ្ឋាភិបាល ព្រមទាំងអ្នកប្រើប្រាស់ភាសាបារាំងប្រមាណ ៣២១ លាននាក់ ​នៅទូទាំងពិភព​លោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺអង្គការនេះមិនបានកំណត់តួនាទីរបស់ខ្លួនត្រឹមតែការលើក​កម្ពស់​ភាសា និងវប្បធម៌បារាំងប៉ុណ្ណោះទេ។ OIF ក៏ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការកសាងសន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ នេះមានន័យថា កម្ពុជាមិនបានមើលសមាជិកភាពក្នុងអង្គការនេះត្រឹមជាការរក្សាទំនាក់ទំនងផ្នែកភាសាប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែកម្ពុជាបានមើលអង្គការនេះជាបណ្តាញភាពជាដៃគូដែលអាចប្រើប្រាស់បានក្នុងការបម្រើផលប្រយោជន៍ជាតិ។

 

កម្ពុជាបានចូលជាសមាជិកសង្កេតការណ៍របស់ OIF នៅខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយបានក្លាយជាសមា​ជិក​ពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងកម្ពុជា និងអង្គការនេះបាន​បន្ត​រីក​ចម្រើនតាមរយៈកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។ ការបង្កើតគណៈកម្មាធិការជាតិហ្វ្រង់កូហ្វូនី​នៅឆ្នាំ២០១៦ និងការចូលរួមក្នុងយន្តការផ្សេងៗរបស់អង្គការនេះ ក៏បង្ហាញថាកម្ពុជាបាន​ខិតខំរក្សាតួ​នា​ទី​របស់ខ្លួនក្នុងគ្រួសារហ្វ្រង់កូហ្វូនីជាបន្តបន្ទាប់។

 

ដូច្នេះ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០ គឺជាជំហានមួយថ្មីទៀតក្នុងការពង្រឹងទំនាក់ទំនង​នេះ។ ជាពិសេស ក្នុងពេលដែលប្រទេសនានាកំពុងប្រកួតប្រជែងក្នុងការពង្រីកឥទ្ធិពល និងបង្កើត​បណ្តាញ​​ដៃគូអន្តរជាតិ ការមានវេទិកាដែលអាចប្រមូលផ្តុំថ្នាក់ដឹកនាំពីបណ្តាប្រទេស​ជាច្រើន​មកជួប​ជុំគ្នា​នៅលើទឹកដីកម្ពុជា គឺជាឱកាសដែលមានតម្លៃផ្នែកការទូតដ៏សំខាន់បំផុត។ កម្ពុជាអាចចាប់យកឱកាស​នេះ​​ដើម្បី​បង្ហាញពីទស្សនៈចំពោះបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងពង្រឹងការយល់ដឹងរបស់ដៃគូ​បរទេស​អំពីសក្តានុពល និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

 

ទោះជាយ៉ាងណា កិត្យានុភាពការទូតមិនមែនជាផលប្រយោជន៍តែមួយគត់ដែលកម្ពុជាត្រូវ​រំពឹងទុកនោះ​ទេ។ ចំណុចដែលគួរឱ្យយកចិត្តទុកដាក់ជាងនេះ គឺរបៀបដែលកម្ពុជាអាចប្រែក្លាយបណ្តាញទំនាក់ទំនង​ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនីទៅជាឱកាសសេដ្ឋកិច្ច។ កន្លងមក OIF បានជំរុញកិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ចតាមរយៈបេសកកម្មសេដ្ឋកិច្ច និងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចក្នុងប្រទេសជាសមាជិក។ កម្ពុជាក៏​ធ្លាប់​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ MECA លើកដំបូងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីខែមីនា ឆ្នាំ២០២២ ដែលមាន​ស្ថាប័ន និងប្រតិបត្តិករសេដ្ឋកិច្ចប្រមាណ៧០ចូលរួមផងដែរ។ កិច្ចសហប្រតិបត្តិការទាំងនេះបាន​បង្ហាញ​ពីសក្តានុពលក្នុងវិស័យកសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ និងសេវាកម្មឌីជីថល។

 

លើសពីនេះ គំនិតផ្តួចផ្តើមបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ច ACEF អាចជាយន្តការមួយជួយ​ភ្ជាប់​អ្នក​វិនិ​យោគ និងធុរកិច្ច ព្រមទាំងជំរុញពាណិជ្ជកម្មរវាងប្រទេសជាសមាជិក។ ប្រសិនបើកម្ពុជាអាច​ជំរុញឱ្យមានការតភ្ជាប់ជាក់ស្តែងរវាងវិស័យឯកជនក្នុងតំបន់ផ្សេងៗនៃគ្រួសារហ្វ្រង់កូហ្វូនី នោះឱកាស​ទាក់​ទាញទុនវិនិយោគ និងស្វែងរកទីផ្សារថ្មីៗក៏អាចកើនឡើងដែរ។ ប៉ុន្តែ ចំណុចនេះទាមទារឱ្យមាន​ការ​ត្រៀមលក្ខណៈ និងការតាមដានជាប្រព័ន្ធ មិនមែនគ្រាន់តែការលើកឡើងពីសក្តានុពលក្នុងអំឡុង​ពេល​កិច្ច​ប្រជុំនោះទេ។

 

ម្យ៉ាងទៀត កម្ពុជាក៏មិនគួរមើលរំលងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងការអភិវឌ្ឍធនធានមនុស្ស​ឡើយ។ ការគាំទ្រពី OIF ក្នុងការបណ្តុះបណ្តាលភាសាបារាំង និងការអប់រំអាចជួយបង្កើនសមត្ថភាព​យុវជន និងបើកឱកាសសិក្សា ការងារ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រទេសដទៃ។ ក្នុងរយៈ​ពេល​វែង ការវិនិយោគលើចំណេះដឹង និងជំនាញ គឺជាផ្នែកមួយនៃផលប្រយោជន៍ដែលមានតម្លៃ​មិនតិចជាង​ការទាក់ទាញទុនវិនិយោគនោះទេ។


ចែករំលែក៖