ព័ត៌មានទាន់ហេតុការណ៍៖

ដល់ថ្នាក់ហ្នឹង ! ស្នងការរងនគរបាលខេត្តកំពត លោក ហួរ យ៉ៃ (អតីតអធិការនគរបាលស្រុកព្រៃនប់) និងជនល្មើសជិត១០នាក់ ត្រូវ PM ខេត្តព្រះសីហនុ ឃាត់ខ្លួន ព្រមទាំងចាប់យកថ្នាំញៀនជាង៦០០គីឡូក្រាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នេះជាប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនដ៏ធំមួយនៅខេត្តព្រះសីហនុ ដោយកម្លាំងអាវុធហត្ថខេត្ត បានចាប់ជនល្មើសជិត១០នាក់ ព្រមទាំងចាប់យកថ្នាំញៀនជាង៦០០គីឡូក្រាម។

តាមពិតកម្លាំងអាវុធហត្ថ បានបើកប្រតិបត្តិការនេះ ជាច្រើនថ្ងៃមកហើយ គឺ១១វិច្ឆិកា ឆ្នាំ២០២៦ តែខាងអង្គភាពយើងខ្ញុំ ក៏មិនទាន់ហ៊ានបញ្ចេញផ្សាយដែរ ព្រោះកងកម្លាំងអាវុធហត្ថ បាននិងកំពុងបន្តប្រតិបត្តិការថែមទៀត ដោយតាមចាប់បក្ខពួក និងមេក្លោង ចៀសវាងប៉ះពាល់ដំណើរការនីតិវិធីរបស់សមត្ថកិច្ច និងស្ថាប័នតុលាការ ។

តែព័ត៌មានមិនអាចលាក់បាន ក៏បែកធ្លាយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ជាពិសេសព័ត៌មានចាប់អារម្មណ៍ ក៏ព្រោះតែជនល្មើសម្នាក់ ក្នុងចំណោមជនល្មើសជិត១០នាក់នោះ មានម្នាក់ជាស្នងការរងនគរបាលខេត្តកំពត លោក ហួរ យ៉ៃ (អតីតអធិការនគរបាលស្រុកព្រៃនប់)។

លោក ហួរ យ៉ៃ នេះពីមុនជាមេប៉ុស្តិ៍ព្រៃនប់ បន្ទាប់មកឡើងជាអធិការរងស្រុកព្រៃនប់ និងបន្តឡើងជាអធិការនគរបាលស្រុកព្រៃនប់ តែមានបញ្ហា ក៏ត្រូវបានផ្អាកការងារ។ ក្រោយមកក៏ត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តកំពត។

សម្រាប់ក្រុមជនល្មើសទាំងនេះ កម្លាំងអាវុធហត្ថ បានបញ្ជូន៧នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត។

តែយ៉ាងណា កម្លាំងអាវុធហត្ថនៅបន្តស្រាវជ្រាវ និងតាមចាប់មេក្លោង (ថ្នាក់….) ដើម្បីមកកាត់ទោសតាមច្បាប់។

យើងឃើញបងប្អូនខ្លះ បង្ហោះដោយប្រៀបធៀបកងកម្លាំងអាវុធហត្ថ និងនគរបាល ដោយនិយាយថា អាវុធហត្ថចាប់នគរបាល ចុះនគរបាលគ្មានសមត្ថភាពចាប់នគរបាលជួញដូរគ្រឿងញៀន?

កម្លាំងទាំង២ បានខិតខំប្រឹងប្រែងការងារដូចគ្នា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសរៀងៗខ្លួន ដើម្បីស្ថេរភាពសង្គមមួយនេះ តែការចាប់ ហួរ យ៉ៃ គឺជាបុគ្គលនគរបាលធ្វើខុស ដែលត្រូវទទួលការកាត់ទោសបែបនេះហើយ។

សូមរួមគ្នាទប់ស្កាត់ កម្ចាត់ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីសង្គមជាតិរបស់យើង! សង្ឃឹមថា បងប្អូនលើកទឹកចិត្តដល់សមត្ថកិច្ច ដែលលះបង់គ្រប់យ៉ាងក្នុងបុព្វហេតុបម្រើជាតិ បម្រើប្រជាពលរដ្ឋ គោរព តួនាទី ភារកិច្ច ចំពោះបុគ្គលប្រព្រឹត្តបទល្មើសច្បាប់មិនលើកលែងទេ ៕


ដោយ ៖ សិលា


ចែករំលែក៖