ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យសហគ្រាសធុនមីក្រូ តូចនិងមធ្យមគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិស័យសហគ្រាសធុនមីក្រូ តូចនិងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ដែលជំរុញដល់ការអភិវឌ្ឍប្រទេសជាតិនិង លើកកម្ពស់ជីវភាពប្រជាជនក៏ដូចជាផ្តល់ឱកាសការងារដល់ប្រជាជនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ពិព័រណ៍ផលិតផលខ្មែរ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ«រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) គឺជាការផ្សារភ្ជាប់រវាងអ្នកផលិត អ្នកលក់ដុំ និងអ្នកលក់រាយ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងប្រទេសឱ្យអស់ពីលទ្ធផល និងប្រកបដោយគុណភាព ព្រមទាំងតម្លៃសមរម្យ។

សម្តេចធិបតី បានបន្តថា ការពិព័រណ៍ផលិតផលខ្មែរ ក៏ជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយ សំដៅជំរុញឱ្យមានការផ្លាស់ប្ដូរពីការផ្សព្វផ្សាយផលិតផលទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្មផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» មានន័យថា រោងចក្រសហគ្រាសក្នុងស្រុក ត្រូវរួមគ្នាផលិតឱ្យបានច្រើន ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដា ថ្លៃសមរម្យ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព។ អ្នកប្រើប្រាស់ក្នុងស្រុក ទាំងគេហជន រោងចក្រសហគ្រាស ត្រូវផ្ដល់អាទិភាពខ្ពស់ចំពោះផលិតផលក្នុងស្រុក ដើម្បីជំរុញសមត្ថភាពផលិតកម្ម ជំរុញតម្លៃបន្ថែម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ចជាតិជារួម៕

ដោយ ៖ សិលា 


ចែករំលែក៖