ព័ត៌មានទាន់ហេតុការណ៍៖

ការងារគូសគំនូសសញ្ញាចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ សម្រេចបានប្រមាណជិត ៩០% គ្រោងបញ្ចប់នៅសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ ៖ ការងារគូសគំនូសសញ្ញាចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ សម្រេចបានប្រមាណជិត ៩០% គ្រោងបញ្ចប់នៅសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៦ ។ សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តការងារគូសគំនូសសញ្ញាចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ ប្រវែងសរុប ៧៥គីឡូម៉ែត្រ ដោយចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតដល់ផ្លូវចូលព្រលានយន្តហោះខេត្តសៀមរាប។ គិតមកដល់ពេលនេះ ការងារសម្រេចបានប្រមាណ ៨៧% នៃផែនការដែលបានគ្រោងទុក និងរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។

ទន្ទឹមនឹងការគូសគំនូសសញ្ញាចរាចរណ៍ ក្រសួងក៏បាននិងកំពុងដំឡើងដុំចំណាំងផ្លាតនៅតាមបណ្តោយទ្រូងផ្លូវ និងចន្លោះគំនូសសញ្ញាចរាចរណ៍ ដើម្បីបង្កើនភាពមើលឃើញ និងសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសនៅពេលយប់ និងក្នុងស្ថានភាពមានភ្លៀងធ្លាក់។

សម្រាប់ផែនការបន្តនៅឆ្នាំ២០២៧ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអគ្គនាយកដ្ឋានបច្ចេកទេស នឹងបន្តអនុវត្តការងារថែទាំ និងគូសសញ្ញាចរាចរណ៍ឡើងវិញនៅតាមទីតាំងដែលមានសភាពរលុប ឬខូចខាត ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវថ្នល់។

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ និងបង្កើនការប្រុងប្រយ័ត្នចំពោះក្រុមការងារដែលកំពុងអនុវត្តការងារនៅលើដងផ្លូវ ព្រមទាំងសូមចូលរួមថែរក្សាគំនូសសញ្ញាចរាចរណ៍ និងដុំចំណាំងផ្លាត ដោយជៀសវាងការបើកបរកិន ឬបង្កការខូចខាតដល់សម្ភារៈទាំងនេះ ដើម្បីរួមគ្នាថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង៕

ដោយ ៖ សិលា


ចែករំលែក៖