ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក XPENG ក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរេចង្កូតទៅបុកឡើងខឿន រួចបន្តទៅបុកដើមផ្កា បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ជាសំណាងល្អ ហេតុការណ៍នេះមិនបង្កឱ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក XPENG ពាក់ស្លាកលេខភ្នំពេញ 2CL-0793 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ដោយប្រើប្រាស់ល្បឿនលឿន។
លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំដៃ បុកឡើងខឿន រួចបន្តទៅបុកដើមផ្កា បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ខណៈអ្នកបើកបរមិនបានគេចខ្លួនពីកន្លែងកើតហេតុនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចុះធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច