ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួន​ជនបរទេស​ម្នាក់ ដែល​ទទួល​ប្រាក់​កក់​បន្ទប់​ពី​ភ្ញៀវ​នា​ពេល​បុណ្យ អុំទូក តែ​គ្មាន​កន្លែង​ស្នាក់​នៅ

ចែករំលែក៖

ខេត្តសៀមរាប ៖ បន្ទាប់​ពី​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យក ចិត្តទុកដាក់​អស់​រយៈពេល ៥​ថ្ងៃ​កន្លង​មក នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឈាន​ដល់​ការ​ឃាត់ ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស​ម្នាក់​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ទទួល​ប្រាក់​កក់​បន្ទប់​ស្នាក់​នៅ​ពី​អតិថិជន​ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កន្លង​មក ប៉ុន្តែ​ពុំ​មាន​បន្ទប់​ឱ្យ​ភ្ញៀវ​ស្នាក់​នៅ នេះ​បើ​យោង​តាម​ប្រភព​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។

ប្រតិបត្តិការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក ប្រាក់ សោភ័ណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប រួម​ជាមួយ​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម និង​គ្រុប​តេ​ឡេ​ក្រាម ជុំវិញ​ករណី​ភ្ញៀវ​កក់​បន្ទប់​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Siem Reap Private Villa តែ​គ្មាន​កន្លែង​ស្នាក់​នៅ ។

គួរ​រំលឹក​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​រក​ឃើញ​អង្គហេតុ​ដូច​ខាងក្រោម ៖

-​ផេ​ក Siem Reap Private Villa ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឈ្មោះ ឈឿ​យ ឆ​វ័​ន្ត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។ បុគ្គល​រូប​នេះ បាន​ធ្វើ​ជា​ភ្នាក់ងារ​ទទួល​កក់​បន្ទប់​ឱ្យ​សណ្ឋាគារ និង​ផ្ទះសំណាក់​ចំនួន ៤​ទីតាំង ដើម្បី​ទទួល​បាន​កម្រៃជើងសារ ។

-​ក្នុង​ចំណោម​ទីតាំង​ទាំង ៤ មាន​សណ្ឋាគារ​ចំនួន ២ ដែល​ភ្ញៀវ​បាន​ចូល​ស្នាក់​នៅ​ជា​ធម្មតា ប៉ុន្តែ​ទីតាំង​ចំនួន ២ ទៀត​បាន​ជួប​បញ្ហា រួម​មាន ៖

១.​សណ្ឋាគារ មង្គល​អង្គរ​វីឡា ៖ បាន​ផ្អាក​ដំណើរការ​អាជីវកម្ម ដោយ​ពុំ​បាន​ជូនដំណឹង​ទៅ​កាន់​ម្ចាស់​ផេ​ក Siem Reap Private Villa ជា​មុន​ឡើយ​។ ទោះជា​យ៉ាងណា ម្ចាស់​ផេ​កបាន​ទទួលខុសត្រូវ ដោយ​ធានា​ទូទាត់​ប្រាក់​កក់​ជូន​ភ្ញៀវ​វិញ​ជា​បន្តបន្ទាប់ (​បាន​សង​មួយ​ចំនួន​រួច​ហើយ និង​កំពុង​បន្ត​សង​អ្នក​ដែល​នៅ​សល់​) ។

២.​សណ្ឋាគារ Asthra Green Aura ៖ ស្ថិត​នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជួល​ធ្វើ​អាជីវកម្ម​ដោយ​ជនជាតិ​ឥណ្ឌា​ឈ្មោះ VENUGOPAL ROSHAN ភេទ​ប្រុស (​ដែល​បាន​ផុត​កុងត្រា​ជួល​ពី​ម្ចាស់​ទីតាំង​តាំងពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ មក​ម្ល៉េះ​)​។ បុគ្គល​ជនជាតិ​ឥណ្ឌា​រូប​នេះ បាន​ទទួល​ប្រាក់​កក់​ពី​អតិថិជន​ដោយ​ផ្ទាល់ តែ​គ្មាន​បន្ទប់​ឱ្យ​ភ្ញៀវ​ស្នាក់​នៅឡើយ ទើប​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ​តាម​ស្វែងរក​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ ដើម្បី​នាំ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏​បាន​បញ្ជាក់​បន្ថែម​ជូន​សាធារណជន និង​អ្នក​សារព័ត៌មាន​ឱ្យ​បាន​ជ្រាប​ផង​ដែរ​ថា ករណី​ពាក់ព័ន្ធ​នឹង​ម្ចាស់​ផេ​ក​ខាងលើ គឺជា​ការ​រកស៊ី​ទទួល​កក់​បន្ទប់​យក​កម្រៃជើងសារ ប៉ុន្តែ​ជួប​បញ្ហា​ដោយសារ​សណ្ឋាគារ​ដៃគូ​បិទទ្វារ​ដោយ​មិន​បាន​ជូនដំណឹង​តែ​ប៉ុណ្ណោះ ពុំ​មែន​ជា​ករណី​ឆបោក​តាម​អន​ឡាញ (Scam) ឡើយ ៕

ដោយ៖ សូរិយា


ចែករំលែក៖