ព័ត៌មានទាន់ហេតុការណ៍៖

លោក វង សូត អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិនិត្យសមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញជាគណៈអធិបតី រួមជាមួយលោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យសមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល និងថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំ-សង្កាត់ទាំង៦៤។

ការពិនិត្យសមាសភាពបេក្ខជននាពេលនេះ គឺជាដំណាក់កាលដ៏មានសារៈសំខាន់ក្នុងការវាយតម្លៃលើសមត្ថភាព ប្រជាប្រិយភាព និងកម្រិតនៃការគាំទ្រចំពោះបេក្ខជនម្នាក់ៗ ដោយផ្អែកលើមតិយោបល់ និងការវាយតម្លៃរបស់សមាជិក សមាជិកា ព្រមទាំងថ្នាក់ដឹកនាំនៅមូលដ្ឋាន ដើម្បីជាមូលដ្ឋានក្នុងការរៀបចំបញ្ជីឈ្មោះបេក្ខជនផ្លូវការតាមលំដាប់លេខរៀង។

ការរៀបចំយន្តការពិនិត្យ និងជ្រើសរើសសមាសភាពបេក្ខជននេះ មានសារៈសំខាន់ក្នុងការធានាថា បេក្ខជនដែលត្រូវបានជ្រើសរើសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទទួលបានការជឿទុកចិត្ត និងមានឆន្ទៈមោះមុតក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ការរៀបចំយន្តការប្រជាធិបតេយ្យផ្ទៃក្នុងតាំងពីដំណាក់កាលដំបូងនេះ ក៏ជាការបង្ហាញពីការត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព ក្នុងគោលដៅធានាដល់ការរៀបចំបញ្ជីបេក្ខជនឱ្យបានសមស្រប និងត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខ៕

ដោយ ៖ សិលា 


ចែករំលែក៖