ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូជាន់ខ្ពស់សភាចិន អញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីគម្រោងជួសជុលអតីតព្រះរាជវាំង និងប្រាសាទបុរាណសំខាន់ៗនៅរមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ុន ថាឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញអមដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកស្រី ធៀ នឹង (Tie Ning) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះពិនិត្យនិងស្វែងយល់ដោយផ្ទាល់អំពីវឌ្ឍនភាពនៃគម្រោងជួសជុលអតីតព្រះរាជវាំង នៅក្នុងរមណីយដ្ឋានអង្គរ ដែលជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌរវាងកម្ពុជា និងចិន។

ក្រៅពីការពិនិត្យមើលគម្រោងអភិរក្ស និងជួសជុលអតីតព្រះរាជវាំង លោកស្រី ធៀ នឹង និងគណៈប្រតិភូ ក៏បានអញ្ជើញទៅទស្សនាប្រាសាទបុរាណដ៏ល្បីល្បាញរបស់កម្ពុជា រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង និងកោតសរសើរមិនដាច់ពីមាត់ចំពោះស្នាដៃស្ថាបត្យកម្មដ៏វិចិត្រ និងតម្លៃប្រវត្តិសាស្ត្រនៃប្រាង្គប្រាសាទខ្មែរ។

ជាក់ស្តែង ដោយសារតែភាពល្អឯក និងភាពទាក់ទាញនៃសិល្បៈបុរាណខ្មែរ គណៈប្រតិភូម្នាក់ៗបានទាញទូរស័ព្ទដៃផ្ទាល់ខ្លួន ថតផ្តិតយករូបភាពក្បូរក្បាច់រចនាដ៏រស់រវើក ចម្លាក់ល្អិតល្អន់នៅតាមជញ្ជាំងប្រាសាទ និងទេសភាពដ៏ស្រស់ត្រកាលនៃតំបន់អង្គរ ទុកជាអនុស្សាវរីយ៍ប្រកបដោយក្តីរីករាយ និងស្ញប់ស្ញែងក្រៃលែង៕

ដោយ ៖ សិលា 


ចែករំលែក៖