សហរដ្ឋអាមេរិក ៖ ពេលនេះប្រជា ពលរដ្ឋសហរដ្ឋអាមេរិកកំពុងតែអបអរសាទរ ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីលើបេក្ខជនប្រធានាធិបតីទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump)មកពីបក្សសាធារណរដ្ឋដែលបានឈ្នះឆ្នោតដាច់លើលោកស្រីហ៊ីល ឡារី គ្លីនតុន (Hillary Clinton) ដែលមក ពីបក្សប្រជាធិបតេយ្យ ។ ខាងក្រោមនេះជា ព័ត៌មានលម្អិតរបស់បេក្ខជនប្រធានាធិបតីរូបនេះថា តើលោក ដូណាល់ ត្រាំ ជា នរណា? មានប្រវត្តិបែបណា?
ព័ត៌មានទូទៅ៖
ទីកន្លែងកំណើត ៖ កើតនៅទីក្រុងញ៉ូវ យ៉ក សហរដ្ឋអាមេរិកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ១៩៤៦ បច្ចុប្បន្នមានវ័យ៧០ឆ្នាំ។
ទីលំនៅបច្ចុប្បន្ន ៖ ទីក្រុងញូវយ៉ក
មុខរបរ ៖ ពាណិជ្ជករ តួអង្គល្បីក្នុងកម្ម វិធីទូរទស្សន៍ និងអ្នកនយោបាយ។
បក្សនយោបាយ ៖ បក្សសាធារណរដ្ឋ (ពីឆ្នាំ១៩៨៧-១៩៨៨ ពីឆ្នាំ២០០៩ ដល់ ២០១១ ពីឆ្នាំ២០១២ដល់បច្ចុប្បន្ន) បក្ស ឯករាជ្យ (ពីឆ្នាំ២០១១ដល់ឆ្នាំ២០១២) បក្សប្រជាធិបតេយ្យ (ឆ្នាំ១៩៨៧ ឆ្នាំ ២០០១ដល់ឆ្នាំ២០០៩) បក្សកំណែ ទម្រង់ (ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១)។
ភរិយា និងកូន ៖ លោកស្រី Ivana Zelnickova (រៀបការពីឆ្នាំ១៩៧៧ដល់១៩៩១ មានកូន៣នាក់ គឺលោក Donald Trump Jr នាង Ivanka Trump លោក Eric Trump)។ លោកស្រី Marla Maples (រៀបការពីឆ្នាំ ១៩៩៣ដល់ឆ្នាំ១៩៩៩ មានកូនស្រីម្នាក់គឺ អ្នកនាង Tiffany Trump) ។ លោកស្រី Melania Knauss (រៀបការនៅឆ្នាំ២០០៥ ដល់បច្ចុប្បន្នមានកូនម្នាក់គឺBarron Trump) និងមានចៅ៨នាក់ សរុបមកលោកមាន ប្រពន្ធ៣នាក់ ។
ឪពុកម្តាយ ៖ លោក Fred Trump និង លោកស្រី Mary Anne MacLeod ។
សែស្រឡាយ៖ លោក ត្រាំ មានឪពុកកាត់ អាល្លឺម៉ង់។ ចំណែកម្តាយកាត់ជនជាតិ ស្កុតឡេន។ ជីដូនជីតាទាំងសងខាងសុទ្ធតែកើតនៅក្រៅដែនដីសហរដ្ឋអាមេរិក។
លោក ដូណាល់ ចន ត្រាំ (Donald John Trump) ជាកូនទី២ក្នុងចំណោម កូន៥នាក់របស់អ្នកស្រី Mary និងលោក Fred Trump ។ បងប្អូនទាំងអស់សុទ្ធតែ នៅមានជីវិត លើកលែងតែបងប្រុសបង្អស់ គឺលោក Fred Jr. បានស្លាប់ក្នុងឆ្នាំ១៩៨១ ដោយសារជាតិអាល់កុល។ ចំណុចនេះ ហើយដែលធ្វើឲ្យលោក ត្រាំ ស្បថខ្លួនឯង ថា លោកនឹងមិនប៉ះពាល់ជាតិអាល់កុល និងបារីឡើយ ។ ដោយសារមានបញ្ហាផ្នែក ឥរិយាបថលោក ត្រាំ បានឈប់រៀនតាំងពី អាយុ១៣ឆ្នាំ និងចុះឈ្មោះចូលរៀននៅ សាលាយោធាក្នុងទីក្រុងញូវយ៉ក ព្រមទាំង ចូលរួមធ្វើសមយុទ្ធពាក់ឯកសណ្ឋាន និង ទទួលបានតួនាទីជាកាពីទែន ថែមទៀត ផង។ ឪពុករបស់លោកបានប្រាប់អ្នកសារ ព័ត៌មានថា លោកជាមនុស្សម្នាក់ដែលមានចរិតគ្រោតគ្រាតតាំងពីតូចមក ។
លោក ត្រាំ បានចូលសិក្សានៅសាកល វិទ្យាល័យ Fordham អស់រយៈពេលពីរឆ្នាំ ក្រោយមកត្រូវបានផ្ទេរទៅសាលា Wharton សិក្សាផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Pennsylvania ដែល ផ្តល់ការបង្រៀនផ្នែកអចលនទ្រព្យនៅ សហរដ្ឋអាមេរិក។ ខណៈកំពុងសិក្សាលោក បានធ្វើការនៅក្រុមហ៊ុនមានលក្ខណៈជាក្រុមគ្រួសារមួយដែលមានឈ្មោះថា Elizabeth Trump & Son ជាឈ្មោះរបស់ជីដូន ជីតាខាងឪពុករបស់លោក។ លោកត្រាំ បញ្ចប់ការសិក្សាពីសាលា Wharton កាល ពីខែឧសភា ឆ្នាំ១៩៦៨ ផ្នែកវិទ្យាសាស្ត្រ និងសេដ្ឋកិច្ច ។
ក្នុងឆ្នាំ១៩៩៨បន្ទាប់ពីលែងលះជា មួយភរិយា២នាក់មកលោក ត្រាំ ក៏ចាប់ ផ្តើមទំនាក់ទំនងជាមួយនាង Melania Knauss ដែលជាតារាបង្ហាញម៉ូដ និងជាជន ជាតិស្លូវ៉ានីដែលបច្ចុប្បន្នជាភរិយាទី៣ របស់លោក។ តាមសារព័ត៌មានមួយបានបង្ហើបឲ្យដឹងថា ភរិយារបស់លោកធ្លាប់ធ្វើជាស្ត្រីលក់ខ្លួនម្នាក់តែមិនបើកចំហនោះទេ។ ក្រោយមកពួកគេបង្កើតបានកូនប្រុសម្នាក់មានឈ្មោះថា Barron William Trump ដែលក្រោយមកលោក ត្រាំ បានប្រើប្រាស់ឈ្មោះនេះដាក់ជាឈ្មោះអាជីវកម្មថ្មីរបស់លោកថែមទៀតផង ។
ប្រធានាធិបតីអាមេរិកថ្មីរូបនេះជា មនុស្សដែលមានភាពខ្ពើមរអើមច្រើនហេតុ នេះលោកមិនចូលចិត្តវប្បធម៌ចាប់រលាក់ដៃឡើយ។ ក្នុងកម្មវិធី The Howard Stern Show លោក ត្រាំ បានពិភាក្សាជាមួយលោក Stern ពីហានិភ័យដែលបណ្តាលមកពីការ ឆ្លងរោគក្នុងពេលណាត់ជួបគ្នា។ លោក ត្រាំ ក៏បានបង្ហាញពីបទពិសោធន៍ក្នុងទំនាក់ ទំនងជាមួយស្ត្រីផ្សេងៗ។ លោកធ្លាប់មាន ពាក្យចចាមអារ៉ាមថា បានណាត់ជួបជាមួយ តារាម៉ូដែលល្បីៗដូចជានាង Carla Bruni នាងKara Young តាំងពីពាក់កណ្តាលរហូត ដល់ចុងទសវត្សឆ្នាំ១៩៩០តែត្រូវនាង បដិសេធថា បានជួបលោក ត្រាំ តែម្តង ប៉ុណ្ណោះ ។ លោកក៏បានអះអាងថាធ្លាប់ បានថ្វាយព្រះនាង Diana នូវបាច់ផ្កាដ៏មានតម្លៃថ្លៃផងដែរបន្ទាប់ពីព្រះនាងលែងលះពីព្រះអង្គម្ចាស់ Charles។
ការប្រឡូកនយោបាយជាលើកដំបូង៖
លោក ត្រាំ តែងតែផ្លាស់ប្តូរគោលនយោ បាយរបស់ខ្លួនជាច្រើនលើកច្រើនសា និង ផ្ទុយគ្នាពីមួយពេលទៅមួយពេល។ សារ ព័ត៌មាន Politifact ធ្លាប់បានរាប់ពីចំនួនដង នៃការនិយាយស្តីរបស់លោកត្រាំ ហើយបាន ឲ្យដឹងថា រឿងខ្លះលោកធ្លាប់បាននិយាយ ១៧ដង ប៉ុន្តែបន្ទាប់មកលោកបដិសេធថា ខ្លួនមិនបាននិយាយក៏មាន។ លោក ត្រាំ ធ្លាប់បានបង្ហាញការចាប់អារម្មណ៍ក្នុងការឈរឈ្មោះបោះឆ្នោតជាលើកដំបូងតាំងពីឆ្នាំ១៩៨៧មកម្លេ៉ះដោយលោកបានចំណាយ ប្រាក់រហូតដល់១០០ពាន់ដុល្លារដើម្បីចុះផ្សាយអត្ថបទលើសារព័ត៌មានរិះគន់ទៅលើគោលនយោបាយការពារជាតិសហរដ្ឋអាមេរិកក្នុងកាសែតមួយចំនួន។ លោក បានបន្តអូសបន្លាយបំណងក្នុងការឈរឈ្មោះជាប្រធានាធិបតីរហូតដល់ឆ្នាំ ១៩៨៨ ឆ្នាំ២០០៤ និងឆ្នាំ២០១២ និង មានបំណងឈរឈ្មោះធ្វើជាអភិបាលក្រុងញូវយ៉កក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤ ប៉ុន្តែ ទោះបីយ៉ាងនេះក្តីក៏លោកមិនបានចូលរួមក្នុងការបោះឆ្នោតទាំងនោះដែរ ។
ភាពលេចធ្លោរបស់លោក ត្រាំ ក្នុងនាម ជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងឆ្នាំ ២០១២ ដោយសារលោកជាពាណិជ្ជករ ម្នាក់មិននិយាយ ឬគិតដូចអ្នកនយោបាយ ឡើយ។ ជាទូទៅលោកទទួលបានសំឡេង គាំទ្រទាបជាង១៧ភាគរយដែលលោកមិនអាចក្លាយជាបេក្ខជនបក្សសាធារណរដ្ឋ បានឡើយ។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១១ លោកបានប្រកាសថា លោកនឹង មិនឈរឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១២ឡើយ ខណៈដែលពេលខ្លះលោកលើក ឡើងទាំងអំនួតថា លោកប្រាកដជាទទួល បានជោគជ័យ ។
យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦៖
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លោក ត្រាំ បានប្រកាសពីបេក្ខភាពប្រធានា ធិបតីសម្រាប់សហរដ្ឋអាមេរិកនៅអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក ។ ក្នុង ពេលនោះលោកបានអូសទាញចំណាប់ អារម្មណ៍លើបញ្ហាក្នុងស្រុកដូចជា វិបត្តិ ជនអន្តោប្រវេសន៍ខុសច្បាប់ វិបត្តិការងារ បំណុលជាតិ បទឧក្រិដ្ឋ ភេរវកម្មពួកអ៊ិស្លាម ជាដើម ។ ក្នុងពាក្យស្លោកក្នុងយុទ្ធនាការ របស់លោកបានសរសេរថា«ធ្វើឲ្យសហរដ្ឋអាមេរិកប្រសើរឡើងសាជាថ្មី»។ លោក បានចាត់ទុកខ្លួនឯងជាមនុស្សអភិរក្ស និយម ពិសេសលើផ្នែកពន្ធ និងសាសនា។ យុទ្ធនាការរបស់លោកក៏បានផ្តោតទៅលើភាពស្នេហាជាតិផងដែរ។ ក្នុងពេលធ្វើ យុទ្ធនាការបោះឆ្នោតកន្លងមកមានការផ្ទុះអំពើហិង្សាបាតុកម្ម ព្រមទាំងមានការវាយ ប្រហារគ្នាទៅវិញទៅមកដែលការប្រឈមមុខដាក់គ្នានេះបានកើតឡើងរវាងក្រុមអ្នកប្រឆាំងនឹងអ្នកគាំទ្រលោក ត្រាំ ។
គួរបញ្ជាក់ថា លោក ត្រាំ ជាមនុស្សទី២ ក្នុងនាមជាបេក្ខជនប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រអាមេរិកដែលមានបទពិសោធន៍ ខ្ពស់ផ្នែកពាណិជ្ជកម្ម (ទីមួយគឺលោក Wendell Willkie)។ ពេលជាប់ឆ្នោតលោក នឹងក្លាយជាប្រធានាធិបតីអាមេរិកទី១ ដែលគ្មានបទពិសោធន៍ផ្នែករដ្ឋាភិបាល ឬ យោធា ។ មេដឹកនាំសំខាន់របស់បក្ស សាធារណរដ្ឋដូចជាលោក Paul Ryan ជា ដើមហាក់មានភាពស្ទាក់ស្ទើរក្នុងការគាំទ្របេក្ខជនប្រធានាធិបតីរូបនេះតាំងពីការ ចាប់ផ្តើមមកម្លេ៉ះ ដោយបារម្ភថា តើលោក អាចមានឱកាសឈ្នះឆ្នោតឬទេ។ ម្យ៉ាងទៀតពួកគេមានក្តីបារម្ភខ្លាចលោក ត្រាំ អាចក្លាយជារូបភាពអាក្រក់មួយដែលបង្កផលប៉ះពាល់ដល់បក្សសាធារណរដ្ឋទាំង មូល ។
សេចក្តីថ្លែងការណ៍របស់លោកក្នុង យុទ្ធនាការបោះឆ្នោតបានបង្កការវិវាទគ្នាជាខ្លាំង និងត្រូវបានគេពណ៌នាក្នុងរូបភាពខុសៗគ្នាដោយអ្នកខ្លះចាត់ទុកថា ជាភាព ខុសឆ្គងទាំងស្រុងតែម្តង។ អង្គការត្រួត ពិនិត្យការឃោសនាមួយចំនួនដូចជា អង្គ ការ Politi Fact និង Fact Check.org បានចាត់ទុកលោកតែម្នាក់គត់ដែលមានកំហុស ច្រើនក្នុងពេលធ្វើសេចក្តីថ្លែងក្នុងអំឡុងនៃការធ្វើយុទ្ធនាការបើប្រៀបធៀបនឹងបេក្ខ ជនប្រធានាធិបតីផ្សេងទៀតដោយពឹង ផ្អែកលើការវិភាគរបស់ពួកគេ ។
អ្នកសារព័ត៌មាន James Oliphant និង Emily Flitter បានលើកឡើងថា លោក ត្រាំ ជាមនុស្សចូលចិត្តនិយាយបំផ្លើសស្រប ពេលដែលសាស្ត្រាចារ្យ Lucas Graves បាន បញ្ជាក់ថាលោកត្រាំតែងតែនិយាយបែប ផ្តល់យោបល់ដែលធ្វើឲ្យវាមានភាពមិន ច្បាស់លាស់ថា តើលោកចង់មានន័យអ្វីឲ្យ ប្រាកដ ។ ដោយឡែកលោក ត្រាំ បែរជា ឆ្លើយតបវិញថាអ្នកសារព័ត៌មានតែងតែ បំផ្លើសអ្វីដែលលោកមិនបាននិយាយទៅវិញ ។
មុខរបរនិងអាជីវកម្ម៖
វិស័យអចលនទ្រព្យ ៖ លោក ត្រាំ ចាប់ ផ្តើមមុខរបរក្នុងវិស័យអចលនទ្រព្យនៅ ក្រុមហ៊ុនឪពុករបស់លោកតាំងពីមុនបញ្ចប់ ការសិក្សាម្លេ៉ះ។ នៅពេលលោកបញ្ចប់ការ សិក្សាឆ្នាំ១៩៦៨អាជីវករវ័យក្មេងរូបនេះ មានប្រាក់ចំនួន២០ម៉ឺនដុល្លារដែលស្មើនឹង១.០២០.០០០ដុល្លារសម្រាប់ឆ្នាំ២០១៥។ ឆ្នាំ១៩៧២លោកបានលក់វីឡាមួយក្នុង តម្លៃទឹកប្រាក់៦,៧៥លានដុល្លារ តែនៅ ក្នុងវ័យ២៣ឆ្នាំលោកត្រូវបរាជ័យក្នុងមុខ របររបស់ខ្លួន ។
អគារ Trump Tower ៖ ក្នុងឆ្នាំ១៩៨៣ លោកបានសាងសង់អគារនេះដែលមាន កម្ពស់៥៨ជាន់ និងខ្ពស់ជាងគេក្នុងទីក្រុង ញូវយ៉ក ។
Trump Plaza ៖ ជាសណ្ឋាគារ និង កាស៊ីណូ ដែលត្រូវបានកសាងឡើងដោយ លោកត្រាំ ក្នុងទីក្រុងអាត្លង់ទិក ឆ្នាំ១៩៨៤ ដោយមានលោកស្រី Ivana ភរិយាទីមួយ របស់លោកគ្រប់គ្រង។ ក្រៅពីនេះលោក ត្រាំ នៅមានទីតាំងនិងអាជីវកម្មជាច្រើន ទៀត ។
ការដួលរលំ ៖
ក្នុងនាមជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ លោកបានប្រកាសពីការដួលរលំរហូត ដល់៤ដងចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០០៩ ដោយធ្វើកិច្ចចរចាជាច្រើនលើកអំពីបំណុល ជាមួយធនាគារ ម្ចាស់ភាគហ៊ុន និងបណ្ណ បំណុល ។ តែដោយកាលនោះអាជីវកម្ម បានប្រើប្រាស់ច្បាប់នៃការដួលរលំជំពូកទី១១ ដែលចែងថា គេអនុញ្ញាតឲ្យអាជីវ កម្មបន្តសកម្មភាពរបស់ខ្លួនដដែលក្នុង ដំណើរការនៃកិច្ចចរចា ។ លោក ត្រាំ បាន លើកឡើងថា ខ្ញុំបានបន្តអាជីវកម្មជាមួយ ច្បាប់នៃការដួលរលំវាពិតជាល្អមែនទែន សម្រាប់ខ្ញុំដែលអាចប្រើប្រាស់ជាមធ្យោ បាយក្នុងការដោះស្រាយបំណុល ។
កេរមរតក និងអ្វីដែលទទួលបាន៖
ក្នុងឆ្នាំ១៩៩៦ លោកទទួលបានអគារ ចាស់មួយនៅ Wall Street ដែលបច្ចុប្បន្ន មាន៧០ជាន់។ បន្ទាប់ពីឪពុករបស់លោក ស្លាប់ទៅលោកព្រមទាំងបងប្អូនទទួលបាន កេរមរតកដែលមានតម្លៃជាទឹកប្រាក់ម្នាក់ៗ ប្រហែល២៥០លានទៅ៣០០លានដុល្លារ អាមេរិក ។ ក្នុងឆ្នាំ២០០១លោកសម្រេច បានការសាងសង់អគារ Trump World Tower ដែលកម្ពស់មាន៧២ជាន់។ មិន តែប៉ុណ្ណោះលោកក៏គ្រោងនឹងកសាងអគារ Trump Place ដែលស្ថិតនៅតាមបណ្តោយ ដងទន្លេ Hudsonផងដែរ។ មិនតែប៉ុណ្ណោះ លោកនៅតែបន្តកសាងអគារសំខាន់ៗជាច្រើនទៀតដែលមានតម្លៃកប់ពពក។ មានភាពស្មុគស្មាញជាច្រើនពាក់ព័ន្ធនឹងប្រាក់ចំណូលក្នុងអាជីវកម្មរបស់លោកធ្វើឲ្យការវិភាគបានលើកឡើងថា លោកជាមនុស្ស ដែលអំនួតខ្លាំងទាំងទៅលើភាពបរាជ័យ និងជោគជ័យលើអាជីវកម្មរបស់ខ្លួន ។
បញ្ហាសង្គម៖
លោកត្រាំ បានចាត់ខ្លួនឯងជាមនុស្ស ដែលប្រឆាំងការពន្លូតកូនលើកលែងតែ ក្នុងករណីរំលោភ សហាយស្មន់ និងសុខ ភាពរបស់ម្តាយ ។ លោកគាំទ្រចំពោះការ រៀបការតាមបែបប្រពៃណីតែប្រឆាំងសេចក្តី សម្រេចរបស់តុលាការដែលបានផ្តល់ភាពស្របច្បាប់ដល់ការរៀបការភេទដូចគ្នា ដោយបញ្ជាក់ថា សេចក្តីសម្រេចនេះគួរតែត្រូវបានលុបចោល។ លោកប្រឆាំងការកែ ច្នៃសារធាតុកញ្ឆា ប៉ុន្តែគាំទ្រចំពោះថ្នាំដែល មានសារធាតុកញ្ឆា។ លោកក៏ជាមនុស្សដែលគាំទ្រទោសប្រហារជីវិតផងដែរ ។
បញ្ហាសេដ្ឋកិច្ច ៖
លោកត្រាំ ត្រូវបានគេចាត់ទុកថា «អ្នក ជំនួញបែបសេរី» ប៉ុន្តែបញ្ជាក់ថា ការធ្វើ ជំនួញត្រូវតែមានហេតុផលត្រឹមត្រូវ។ លោកជាមនុស្សដែល «ការពារនិយម» (លើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកតាមរយៈការបង្កើនពន្ធនាំចូល)។ លោកបានលើកឡើងថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាមេរិកខាងជើងជាទំនាក់ ទំនងពាណិជ្ជកម្មដ៏ខាតបង់មួយ។ លោកក៏ បានស្នើបង្កើនពន្ធនាំចូលពីសំណាក់ប្រទេស ចិនរហូតដល់៤៥ភាគរយ ព្រមទាំងបាន លើកឡើងពីគំនិតក្នុងការបង្កើនពន្ធ៣៥ ភាគរយសម្រាប់ការនាំចូលពីប្រទេស ម៉ិចស៊ិក ។ លោកបានចាត់ទុកអង្គការ ពាណិជ្ជកម្មពិភពលោកWTOថា ជាគ្រោះ មហន្តរាយ និងមានបំណងចង់ធ្វើកិច្ចចរចា សម្រាប់សហរដ្ឋអាមេរិកក្នុងការចាកចេញពីអង្គការពិភពលោកមួយនេះថែមទៀត ផង លើកលែងតែអង្គការនេះអនុញ្ញាតតាម សំណើរបស់លោកក្នុងការបង្កើនពន្ធនាំ ចូល ។
វិស័យសុខាភិបាល ការអប់រំ និងបរិស្ថាន៖
លោក ត្រាំ មានបំណងចង់លុបចោល ឬផ្លាស់ប្តូរគោលនយោបាយសុខាភិបាល របស់លោក អូបាម៉ា ជំនួសវិញដោយគម្រោង ទីផ្សារសេរី Free Market Plan ដែលគម្រោង នេះអនុញ្ញាតឲ្យមានការលក់ធានារ៉ាប់រងសុខភាពអាចឲ្យប្រជាពលរដ្ឋម្នាក់ៗកាត់ បន្ថយការចំណាយពង្រីកគណនីសន្សំសំចៃ លើវិស័យសុខាភិបាល និងបង្កើនការគ្រប់ គ្រងលើផ្នែកឱសថ។ ចំពោះវិស័យអប់រំ លោកបានគាំទ្រចំពោះគោលនយោបាយគ្រប់គ្រងលើសាលាថ្នាក់បឋម និងមធ្យម។ ប៉ុន្តែលោកប្រឆាំងនឹងគោលការណ៍ Common Core State Standards Initiative (តម្រូវឲ្យសិស្សត្រូវចេះភាសាអង់គ្លេស និង គណិតវិទ្យា) សម្រាប់ថ្នាក់បឋម និងថ្នាក់ មធ្យម ព្រមទាំងចាត់ទុកគោលនយោបាយ នេះថាជារឿងដ៏អាក្រក់ដែលត្រូវតែលុប បំបាត់ ។ លោកបានបញ្ជាក់ថា លោកនឹង បញ្ចប់គោលនយោបាយនេះនៅគ្រប់ស្ថាប័ន អប់រំទាំងអស់ ។
ទាក់ទងនឹងបញ្ហាបរិស្ថានលោកបាន បង្ហាញការបដិសេធចំពោះការលើកឡើងពីបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រមទាំង អះអាងម្តងហើយម្តងទៀតថា វិបត្តិកំណើន កម្តៅផែនដីជាការបោកបញ្ឆោត។ លោក សន្យាថា នឹងកាត់កញ្ចប់ថវិកាមកវិញទាំង អស់ ។ លោកក៏បានសន្យាផងដែរក្នុងការ លុបចោលនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលទាមទារឲ្យកាត់បន្ថយការបញ្ចេញសារធាតុកាបូនក្នុង១៧០ប្រទេសដោយប្រកាសថាកិច្ចព្រមព្រៀងនេះមានលក្ខណៈ មិនស្មើភាព និងហាក់លម្អៀងទៅប្រទេស មួយចំនួនទៀតដូចជាចិនជាដើម ។
គោលនយោបាយការបរទេស៖
លោកត្រាំ ត្រូវបានគេចាត់ទុកថា ជា មនុស្សជាតិនិយមប្រឆាំងគោលនយោ បាយអន្តរជាតិនិយម។ លោកគាំទ្រចំពោះ ការចំណាយលើវិស័យយោធាក្នុងប្រទេស តែចង់កាត់បន្ថយការចំណាយលើអង្គការណាតូ និងក្នុងតំបន់ប៉ាស៊ីហ្វិក ។
ប្រធានាធិបតីដ៏ចម្លែករូបនេះបញ្ជាក់ថា យើងគួរតែសម្លឹងពីផ្ទៃក្នុងប្រទេសចាប់ផ្តើម ប្រើប្រាស់ធនធានដើម្បីបំពេញតម្រូវការ ក្នុងស្រុកឲ្យបានគ្រប់គ្រាន់។ បុគ្គលស្នេហា ជាតិរូបនេះបានលើកឡើងថា ពេលលោក ជាប់ជាប្រធានាធិបតីលោកនឹងពង្រីកការធានារ៉ាប់រងសន្តិសុខសម្រាប់ប្រទេសជាសមាជិករបស់អង្គការNATO ។ មិនតែ ប៉ុណ្ណោះលោកអាចពិចារណាចាកចេញពីអង្គការNATO ថែមទៀតផងលើកលែងតែ មានកំណែទម្រង់លើប្រទេសសម្ពន្ធមិត្ត។ ជាមួយគ្នានេះដែរលោកបានស្នើរដ្ឋាភិបាល ជប៉ុនជួយចំណាយលើមូលដ្ឋានយោធា អាមេរិកដែលដាក់ពង្រាយនៅទីនោះ ព្រម ទាំងលើកឡើងថា ជប៉ុនគួរតែអភិវឌ្ឍអាវុធ នុយក្លេអ៊ែរក្នុងគោលដៅការពារខ្លួនពីការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង។
ពាក់ព័ន្ធនឹងការទប់ស្កាត់ពួកឧទ្ទាម ISIS លោកបានស្នើបញ្ជូនយោធាអាមេរិក ពី២០ពាន់ទៅ៣០ពាន់នាក់បន្ថែមទៅកាន់តំបន់ ។ លោកក៏បានទាមទារផងដែរឲ្យ ប្រទេសជាសម្ពន្ធមិត្តដូចជាអារ៉ាប៊ីសាអូ៊ឌីត ជាដើមគួរតែបញ្ជូនយោធាចូលរួមក្នុងការវាយប្រហារនេះ។ លោកគិតថា តំបន់ប្រេង ក្រោមការគ្រប់គ្រងរបស់ISISគួរតែត្រូវ បានទម្លាក់គ្រាប់បែកកម្ទេចចោល។
ក្នុងករណីលោកជាប់ជាប្រធានាធិបតី លោកត្រាំ នឹងបញ្ឈប់ផ្តោតការយកចិត្តទុក ដាក់ទៅលើកិច្ចព្រមព្រៀងនុយកេ្លអ៊ែរជា មួយប្រទេសអុីរ៉ង់។ ដោយឡែកពាក់ព័ន្ធ នឹងជម្លោះរវាងអុីស្រាអែលនឹងប៉ាឡេស្ទុីន លោកត្រាំ បានបញ្ជាក់ថា វាពិតជាមានសារ សំខាន់បំផុតក្នុងការប្រកាន់ជំហរអព្យាក្រឹត ប៉ុន្តែការពិតទៅលោកជាអ្នកគាំទ្រផ្កាប់មុខ ទៅលើប្រទេសអុីស្រាអែល។
ពាក់ព័ន្ធជាមួយបញ្ហារុស្ស៊ីវិញលោកហាក់មានលម្អៀងទៅរុស្ស៊ីដោយបញ្ជាក់ថា លោកអាចនឹងពិចារណាពីការដកទណ្ឌ កម្មពីប្រទេសនេះ។ មិនតែប៉ុណ្ណោះរុស្ស៊ី អាចជួយសហរដ្ឋអាមេរិកក្នុងការបង្ក្រាបពួក ISIS ផងដែរ។ ក្នុងបទសម្ភាសន៍ដដែល លោកត្រាំ សង្ឃឹមថា រុស្ស៊ីអាចជួយរកឃើញ សាររបស់លោកស្រី Hillary Clinton ដែលបានបាត់នាពេលកន្លងមកដោយ បានថ្លែងទៅកាន់រុស្ស៊ីថា ប្រសិនបើរុស្ស៊ី យកចិត្តទុកដាក់ទៅលើរឿងនេះរុស្ស៊ីអាចជួយរកសាររបស់លោកស្រីដែលបានបាត់រហូតដល់៣ម៉ឺនសារ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ លោកបានលើកឡើងថានេះជាការបញ្ឈឺ ចិត្តប៉ុណ្ណោះ ។
គោលនយោបាយជនអន្តោប្រវេសន៍៖
គោលនយោបាយជនអន្តោប្រវេសន៍ របស់លោកត្រាំ ត្រូវបានគេលើកយកមក ពិភាក្សាយ៉ាងផុសផុលក្នុងចំណោមគោលនយោបាយផ្សេងៗទៀតក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោកបានប្តេជ្ញា ក្នុងការកសាងជញ្ជាំងនៅតាមបន្ទាត់ព្រំដែន រវាងសហរដ្ឋអាមេរិកនឹងម៉ិចស៊ិកដើម្បីទប់ ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលលោកនឹងចំណាយដោយផ្ទាល់ទៅលើការសាងសង់ទាំងអស់។ លោកក៏នឹងបង្កើតកង កម្លាំងពិសេសដើម្បីបណ្តេញជនអន្តោ ប្រវេសន៍១១លាននាក់ដែលរស់នៅសហ រដ្ឋអាមេរិកដោយបញ្ជាក់ថា «នៅថ្ងៃទី១ របស់លោកក្នុងនាមជាប្រធានាធិបតីជន អន្តោប្រវេសន៍ខុសច្បាប់ទាំងអស់នឹងត្រូវចាកចេញយ៉ាងឆាប់រហ័ស»។ ជាមួយគ្នា នេះដែរលោកក៏បានបង្ហាញការប្រឆាំង ចំពោះការទទួលបានសិទ្ធិជាប្រជាពលរដ្ឋ ដោយសារការចាប់កំណើតនៅអាមេរិក ផងដែរ ។
កាលពីចុងខែសីហាកន្លងទៅលោកត្រាំ បានស្នើនិរទេសគ្រប់ជនអន្តោប្រវេសន៍ ដែលគ្មានឯកសារត្រឹមត្រូវ ។ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦ លោកបានធ្វើ ទស្សនកិច្ចនៅប្រទេសម៉ិចស៊ិក ព្រមទាំង ជួបជាមួយប្រធានាធិបតី Enrique Peña Nieto doy ដើម្បីបង្ហាញពីបំណងដែល លោកចង់បង្កើនទំនាក់ទំនងជាមួយប្រទេស នេះ ។ យ៉ាងនេះក្តីក្នុងកិច្ចពិភាក្សានារាត្រីនោះលោកបានបង្ហាញពីគម្រោង១០ ចំណុចដែលក្នុងនោះរួមទាំងការកសាង ជញ្ជាំងតាមបណ្តោយបន្ទាត់ព្រំដែនផងដែរ ដោយលោកផ្ទាល់ជាអ្នកចំណាយ ទាំងអស់។ លោកបញ្ជាក់ថា កងកម្លាំង ពិសេសទទួលបន្ទុកផ្នែកជនអន្តោប្រវេសន៍ នឹងត្រូវដាក់ទោសពីបទឧក្រិដ្ឋទៅលើជនអន្តោប្រវេសន៍ណាដែលស្នាក់នៅក្នុងដែនដីសហរដ្ឋអាមេរិកជាមួយទិដ្ឋាការលើសសុពលភាព ។
អ្វីដែលជាសំណើរបស់លោកត្រាំ ដែល កំពុងមានភាពវិវាទជាខ្លាំងនោះគឺគម្រោងហាមឃាត់ជាបណ្តោះអាសន្នទៅលើជន បរទេសមូស្លីមក្នុងដែនដីសហរដ្ឋអាមេរិក។ តែក្រោយមកលោកបានផ្លាស់ប្តូរគោល នយោបាយនេះវិញដោយលើកឡើងថា ការហាមឃាត់នេះនឹងធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋមូស្លីមដែលមកពីបណ្តា ប្រទេសធ្លាប់មានប្រវត្តិបង្កការវាយប្រហារ ភេរវកម្មប្រឆាំងសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួន ឬប្រទេសដែលមានជម្រក ពួកភេរវករ ៕