ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង៥០គ្រួសារស្រែកយំ ខណៈក្រុមហ៊ុនសុខាអូតែលបូកគោហាមដាំដុះលើដីខ្លួនឯង

ចែករំលែក៖

ខេត្តកំពត ៖ មន្ត្រីបរិស្ថាននិងសន្តិសុខក្រុមហ៊ុនសុខាអូតែលបូកគោបានយក អំណាចបម្រើផលប្រយោជន៍ក្រុមហ៊ុនមករំលោភយកដីប្រជាពលរដ្ឋជាង៥០គ្រួសារ ដែលអាស្រ័យផលជាក់ស្តែងនៅតំបន់ វាលពួច ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

ប្រជាពលរដ្ឋម្នាក់បានអះអាងថា ពួក គាត់បានអាស្រ័យផល និងកាន់កាប់ដីនេះ តាំងពីឆ្នាំ១៩៨៧ និងឆ្នាំ១៩៩០មកម្លេ៉ះ មុនបង្កើតក្រុមហ៊ុនសុខាអូតែលបូកគោទៅទៀត ។ គាត់បន្តថា ពួកគាត់មានដីនៅតំបន់នេះក្នុងម្នាក់ៗបន្តិចបន្តួចគ្រាន់អាស្រ័យ ផលដាំដំណាំ ចេក ពោត ស្រូវ ទៀបបារាំង ស្វាយជាដើមគ្រាន់ចិញ្ចឹមជីវិត ប៉ុន្តែមន្ត្រី បរិស្ថាននិងសន្តិសុខរបស់ក្រុមហ៊ុនសុខាអូតែលបូកគោបានប្រើប្រាស់អំណាចរបស់ ខ្លួនបញ្ជាឲ្យកម្លាំងសន្តិសុខ និងលោក អ៊ុក ចាន់ឌីណា អនុប្រធានមន្ទីរបរិស្ថាន និងជានាយកឧទ្យានុរក្សព្រះមុនីវង្សហាមឃាត់ប្រជាពលរដ្ឋជាង៥០គ្រួសារ មិនឲ្យដាំ ដំណាំលើដីរបស់ខ្លួនទាំងនោះឡើយ។ ប្រជាពលរដ្ឋបានអះអាងថា ដីរបស់ពួក គាត់ឋិតនៅជើងភ្នំមិនមែននៅលើកំពូលភ្នំដូចតំបន់ទឹកឈូនោះទេ ។

ដោយសាររងនូវភាពអយុត្តិធម៌នេះ ហើយទើបប្រជាពលរដ្ឋបានស្នើសុំកិច្ចអន្តរា គមន៍ពីលោក ចាន់ ចេស្តា អភិបាលនៃ គណៈអភិបាលខេត្តកំពត ។ សាលាខេត្តក៏ បានចេញ ស.ជ.ណ. កាលពីថ្ងទី២៩ ខែ មេសា ឆ្នាំ២០១៦ដែលបានចុះហត្ថលេខាដោយលោកអភិបាលខេត្តឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិ យោដីចុះអនុវត្តដោយវាស់វែងនិងជូនប្រជា ពលរដ្ឋដែលនៅសេសសល់បន្ទាប់ពីសារាចរលេខ០០១ដែលជាគោលនយោបាយដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែផ្ទុយទៅវិញរហូតមកដល់ពេលនេះហើយគ្មានមន្ត្រីណាយកចិត្តទុកដាក់អនុ វត្តតាមស.ជ.ណ.របស់សាលាខេត្តឡើយ។

ម្យ៉ាងទៀតការអនុវត្តរបស់មន្ត្រីជំនាញនិងមន្ត្រីបរិស្ថានទាំងនោះបានត្រឹមតែដោះដូរដីទំហំ៥៩ហិកតាដែលកាន់កាប់ដោយប្រជាពលរដ្ឋចំនួន២១គ្រួសារលើក្បាលដីចំនួន២៦ក្បាលដី ឋិតនៅទីតាំងវាយកូន ហ្គោលរបស់ក្រុមហ៊ុនសុខាអូតែលបូក គោដែលស្ថិតក្នុងភូមិព្រែកចេក និងភូមិ គីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូយកមក ត្រួតលើដីរបស់ប្រជាពលរដ្ឋដែលអាស្រ័យ ផលជាក់ស្តែងនៅតំបន់វាលពួចស្ថិតក្នុង ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ត កំពតនេះទៅវិញ ។

ប្រជាពលរដ្ឋបាននិយាយថា កាលពីឆ្នាំ ២០១៣ មន្ទីរបរិស្ថានបានហាមឃាត់ ប្រជាពលរដ្ឋនិងគំរាមតាមអំណាចតុលាការ មិនឲ្យប្រជាពលរដ្ឋអាស្រ័យផលលើដី ទាំងនេះទេ ដោយយកលេសថាជាដីព្រៃ របស់រដ្ឋឋិតក្នុងតំបន់ឧទ្យានជាតិ ។

ប្រជាពលរដ្ឋបានលើកឡើងថា ក្រុម មន្ត្រីបរិស្ថានទាំងនោះអនុវត្តច្បាប់លម្អៀងរៀបចំជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយ គាបសង្កត់ប្រជាពលរដ្ឋដែលមានដីអាស្រ័យ ផលនៅតំបន់វាលពួច។ ចំពោះដីផ្សេង ទៀតនៅលើជួរដងភ្នំជាប់ផ្លូវឡើងលើភ្នំ កំចាយ តំបន់ទឹកឈូនោះវិញបែរជាបណ្តែត បណ្តោយឲ្យអ្នកមានលុយមានអំណាច មួយចំនួនកាប់ព្រៃភ្នំទន្រ្ទានដាំដំណាំ ចេក ខ្នុរ ស្វាយ ពោត ទុរេនដល់លើជិតកំពូលភ្នំទៅហើយមិនដែលឃើញមានមន្ត្រីបរិស្ថាន និងសន្តិសុខក្រុមហ៊ុនសុខាអូតែលបូកគោ ទាំងនោះហាមឃាត់ម្តងណាឡើយ ។

ប្រជាពលរដ្ឋបានបន្តថា ចំពោះដីដែល មន្ត្រីបរិស្ថាននិងក្រុមហ៊ុនដកហូតពីពួក គាត់ដាក់ចូលក្នុងឧទ្យានជាតិធ្វើជាសម្បត្តិរដ្ឋនោះពួកគាត់មិនជំទាស់ទេប៉ុន្តែផ្ទុយទៅ វិញក្រុមហ៊ុននិងមន្ត្រីបរិស្ថានទាំងនោះបែរជាយកដីរបស់ពួកគាត់ដោះដូរទៅឲ្យប្រជាពលរដ្ឋដូចគ្នាធ្វើឲ្យពលរដ្ឋម្ខាងសប្បាយ ចិត្ត និងពលរដ្ឋម្ខាងទៀតកើតទុក្ខទឹកភ្នែកហើយបាត់បង់ដីខ្លួនទៀត។ តើគោល នយោបាយដោះស្រាយដីឲ្យប្រជាពលរដ្ឋនៅត្រង់ណា? បើមន្ត្រីទាំងនោះគ្មានឆន្ទៈក្នុងការដោះស្រាយ ហើយបែរជាមកជិះ ជាន់ប្រជាពលរដ្ឋទៅវិញ។

ចំពោះការផ្លាស់ប្តូរទីតាំងដីរបស់ប្រជាពលរដ្ឋពីឃុំកោះតូចមកឃុំបឹងទូកនេះធ្វើ ឲ្យប្រជាពលរដ្ឋជាម្ចាស់ដីអាស្រ័យផល ជាក់ស្តែងនៅតំបន់វាលពួចទាំងអស់កើតទុក្ខមិនសុខចិត្តនិងលើកគ្នាតវ៉ាសំណូមពរនិងអំពាវនាវដល់អាជ្ញាធរជួយធ្វើអន្តរាគមន៍ ដល់ជាប្រជាពលរដ្ឋជាង៥០គ្រួសារនេះផង ។

ទាក់ទងនឹងការចោទប្រកាន់នេះលោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានបានមាន ប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ខាង មន្ទីរធ្វើដើម្បីផលប្រយោជន៍ឲ្យប្រជាពល រដ្ឋទាំងអស់ បើប្រជាពលរដ្ឋមានដីមាន ដំណាំជាក់ស្តែងនោះមន្ទីរនឹងផ្តល់កម្មសិទ្ធិជូនពួកគាត់ ៕ ហេង នរិន្ទ្រ

88


ចែករំលែក៖