ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអនុរដ្ឋលេខាធិការក្រសួងធម្មការ ម្នាក់ ព្រោះចង់បានងារជាឧកញ៉ាពីបទរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តកំពត ៖ សមត្ថកិច្ចបានឃាត់ខ្លួន អនុរដ្ឋលេខាធិការក្រសួងធម្មការម្នាក់ឈ្មោះ នាក់ សំបូរ អាយុ៣១ឆ្នាំ រឿងជំពាក់ប្រាក់ អ្នកលក់គ្រឿងសំណង់រហូតដល់ជាង២០មឺុនដុល្លារ ដើម្បីយកទៅកសាងវត្តមួយនៅខេត្តកំពតព្រោះចង់បានងារជាឧកញ៉ា។

លោក ហែម ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ការចាប់ ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងកាល ពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពតដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួនចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តកំពតពីបទរំលោភលើទំនុក ចិត្ត។ លោកបន្តថា ការចាប់ខ្លួនជនសង្ស័យ រូបនេះដោយសារតែគាត់ទិញគ្រឿងសំណង់ របស់គេយកទៅកសាងវត្តរហូតដល់ជាង២០ម៉ឺនដុល្លារតែមិនព្រមសង ។

យ៉ាងណាក៏ដោយមន្ត្រីក្រសួងធម្មការ ម្នាក់បានឲ្យដឹងថា លោក នាក់ សំបូរ ពិតជា មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួង ធម្មការប្រាកដមែនដែលទើបនឹងទទួលបាន ព្រះរាជក្រឹត្យតែងតាំងនាពេលថ្មីៗនេះទេ។ មន្ត្រីដដែលបន្តថា លោក នាក់ សំបូរ ពីមុនធ្លាប់បួសជាព្រះសង្ឃនៅប្រទេសថៃហើយក្រោយមកត្រូវបានតែងតាំងជាជំនួយការលោក មិន ឃិន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ តែក្រោយពេលលោក មិន ឃិន ទទួល មរណភាពទៅស្រាប់តែទៅរត់ការបានរហូត ជាអនុរដ្ឋលេខាធិការក្រសួងតែម្តងធ្វើឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នាផងដែរ ។

នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនបានបញ្ជាក់ថា ជនត្រូវចោទបានប្រព្រឹត្តបទល្មើសនៅ ភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ត កំពត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ហើយជននេះត្រូវមានបទល្មើសព្រហ្មទណ្ឌ ដែលបានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៩១ និងមាត្រា៣៩២នៃក្រម ព្រហ្មទណ្ឌ ៕ សហការី

untitled-1


ចែករំលែក៖