ភ្នំពេញ៖ ប្រទេសកម្ពុជានឹងបង្កើនមុខមាត់ជាថ្មី លើឆាកអន្តរជាតិ ជាមួយនឹងការក្លាយខ្លួនជាម្ចាស់ផ្ទះរៀបចំកម្មវិធីព្រឹត្តិការណ៍ប្រឡងបវរកញ្ញាទេសចរណ៍អន្តរជាតិ ឆ្នាំ២០១៦ ដែលមានបណ្តាប្រទេសចំនួន៤១ចូលរួម ។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងវេទិកាសន្និសីទកាសែតនៅណាហ្គាវើលនៅសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ព្រឹត្តិការណ៍នៃការប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងការរៀបចំពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិរួមគ្នាធ្វើឡើងដើម្បីប្រាកដថា កម្មវិធីដែលត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជានេះ កាន់តែអស្ចារ្យ ពិសេសគឺការលើកកម្ពស់កិត្យានុភាពមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ។
លោក Tan Sri Datuk Danny Ooiអ្នកគ្រប់គ្រងកម្មវិធីនេះ បានលើកឡើងថា លោកធ្លាប់បានធ្វើដំណើរមកកម្ពុជាជាច្រើនលើកច្រើនសារហើយបានស្គាល់ពីប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូផងរបស់ខ្មែរ ហើយលោកនឹកគិតទៅដល់ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រឡងបវរកញ្ញាទេសចរណ៍នេះនៅកម្ពុជា។ លោកបញ្ជាក់ថា ប្រទេសកម្ពុជាក៏ជាប្រទេស ដែលស្រស់ស្អាតសម្បូរបែបដោយវប្បធម៌ហើយលោកចង់ឲ្យវប្បធម៌ដ៏ល្អនេះត្រូវបានផ្សព្វផ្សាយពាលពេញពិភពលោក ។ លោកបញ្ជាក់ដែរថា នៅថ្ងៃទី១១ ខែវិច្ឆិកា កញ្ញា ឯកតំណាងនៃប្រទេសនីមួយៗរួមទាំងកម្ពុជានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទឹកដីអង្គរនៃខេត្តសៀមរាបដើម្បីឲ្យពួកគេបានទស្សនា និងបានស្គាល់ពីសម្បត្តិវប្បធម៌ដ៏ល្អរបស់កម្ពុជា។ លោកលើកឡើងដែរថា បវរកញ្ញា តំណាងឲ្យប្រទេសចំនួន៤១បានមកដល់កម្ពុជាចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា មកម្ល៉េះដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាក្រោមប្រធានបទ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ បូករួមទាំងការងារសប្បុរសធម៌មួយចំនួនផងដែរ។ លោកបន្តថា ក្នុងរយៈពេល នៃការធ្វើដំណើរនេះពួកគេនឹងបានស្វែងយល់ពីគ្នាទៅវិញទៅមកមុនពេលការប្រកួតផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា នៅសណ្ឋាគាណាហ្គាវើល ដោយមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ។
សម្រាប់តំណែងបវរកញ្ញា តំណាងអោយកម្ពុជាគឺកញ្ញាហង្សម៉ារីតាកម្ពស់១,៦៤ម៉ែត្រ ។ នេះជាវេទិកាទី១ ដែលមានការចាប់អារម្មណ៍នៅពាសពេញពិភពលោក ដោយបេក្ខនារីតំណាងប្រទេសនីមួយៗ សុទ្ធតែបានពាំនាំនូវវប្បធម៌យ៉ាងសំបូរបែបនៅលើវេទិកា អមដោយសំលៀកបំពាក់ម៉ូដប្លែកៗតំណាងវប្បធម៌របស់ខ្លួនដើម្បីប្រកួតប្រជែង ។
បេក្ខនារីតំណាងប្រទេសនីមួយៗ មិនមែនត្រឹមតែបង្អួតសម្រស់ប៉ុណ្ណោះទេ តែក៏ត្រូវបង្ហាញចំណេះដឹងនិងជំនាញរៀងខ្លួនលើឆាកអន្តរជាតិ ។ ព្រឹត្តការណ៍នេះរំពឹងថា នឹងទាក់ទាញអ្នកទេសចរណ៍ពីការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានធំៗ និងបង្ហាញពីមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ ៕ វឌ្ឍនា