ក្រុមបាតុករក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ បានជួបជុំគ្នានៅមុខស្ថានទូតប្រទេសនីមួយៗកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្វែងរកការបញ្ចប់ការគាបសង្កត់ទៅលើក្រុមកុលសម្ព័ន្ធមូស្លីមរ៉ូហ៊ីនយ៉ា ។
អំពើហិង្សាបានផ្ទុះឡើងអំឡុងពេលថ្មីៗនេះ ត្រូវគេរាយការណ៍ថា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៨៦នាក់ និង៣០.០០០នាក់ បាត់បង់ទីជម្រក ។
ទាហានមីយ៉ាន់ម៉ាត្រូវគេចោទប្រកាន់ថា បានរំលោភផ្លូវភេទទៅលើស្ត្រីកុលសម្ព័ន្ធរាបសិបនាក់ ។
នៅទីក្រុងកូឡាឡាំពួរ ក្រុមអង្គការសង្គមស៊ីវិលម៉ាឡេស៊ីជាច្រើនរយនាក់បានចូលរួមជាមួយក្រុមកុលសម្ព័ន្ធមូស្លីមរ៉ូហ៊ីនយ៉ា ធ្វើបាតុកម្មប្រឆាំងចំពោះអំពើហិង្សាកើតឡើងនៅក្នុងរដ្ឋរ៉ាក់ឃីន មីយ៉ាន់ម៉ា នោះផងដែរ ។
អំឡុងពេលជាមួយគ្នានេះ នៅទីក្រុងហ្សាការតា បាតុករច្រើននាក់បានប្រមូលផ្តុំនៅមុខស្ថានទូតមីយ៉ាន់ម៉ា ទាមទារឲ្យបញ្ឈប់អំពើហិង្សានៅរដ្ឋរ៉ាក់ឃីន ។
មេដឹកនាំក្រុមសហគមន៍មូស្លីម Rafi Ismail បានថ្លែងថា សមាជិកក្រុមគ្រួសាររបស់លោកយ៉ាងតិច១៧នាក់ ត្រូវសម្លាប់រង្គាលនៅក្នុងរដ្ឋរ៉ាក់ឃីន មីយ៉ាន់ម៉ា ។
នៅទីក្រុងបាងកក ប្រទេសថៃ ក្រុមមូស្លីមប្រមាណ២០នាក់បានផ្ញើលិខិតទៅស្ថានទូតមីយ៉ាន់ម៉ា អំពាវនាវឲ្យបញ្ឈប់អំពើហិង្សាផងដែរ ។
ការបង្ហូរឈាមនៅពេលនេះ វាខ្លាំងក្លាជាងអំពើហិង្សាសម្លាប់មនុស្សរាប់រយនាក់ ក្នុងការបះទង្គិចគ្នារវាងសហគមន៍ នៅក្នុងរដ្ឋរ៉ាក់ឃីន ឆ្នាំ២០១២ទៅទៀត ៕ ថាច់ យ៉ាត