កន្លងមកលោក ដូណាល់ ត្រាំ បាន ប្រកាសថា លោកនឹងដកអាមេរិកចេញពី កិច្ចព្រមព្រៀងឆ្លងទ្វីប TPP ដែលមានអាមេរិកនិង១១ប្រទេសផ្សេងទៀតជាដៃគូ សំខាន់របស់អាមេរិក។ ប្រសិនបើដកចេញ ពិតមែនកិច្ចព្រមព្រៀងនោះគ្មានន័យទៀតឡើងបើគ្មានអាមេរិក។ កន្លងមកមេដឹកនាំជាច្រើនក៏បានប្រឆាំងនឹងគម្រោងខាងលើរបស់លោក ត្រាំ ផងដែរ។
ប្រសិនបើលោក ត្រាំ ដកកិច្ចព្រមព្រៀង TPP ចិននឹងជំនួសតំណែងរបស់អាមេរិក ដោយចិនក៏មានគម្រោងបង្កើតពាណិជ្ជ កម្មជាមួយប្រទេសជាដៃគូផងដែរ។
នៅពេលជាមួយគ្នានេះចិនបានបង្ហាញក្តី សង្ឃឹមបង្កើនទំនាក់ទំនងជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ រដ្ឋមន្ត្រីការបរទេសចិនបានប្រកាសនៅ ក្នុងសន្និសីទកាសែតថា «យើងចង់កែទម្រង់ ទំនាក់ទំនងជាមួយរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ តាមរយៈការយល់ចិត្តគ្នាមានទំនុកចិត្ត គ្នា។ ដើម្បីសម្រេចបាននូវគោលដៅទាំងនោះយើងបានបង្កើតនូវទម្រង់ចាំបាច់នៅក្នុងទំនាក់ទំនងជាមួយអាមេរិក»។
នៅពេលឃោសនាបោះឆ្នោតលោក ត្រាំ បានប្រកាសថា នឹងមាននយោបាយ តឹងតែងជាមួយចិន។ ក្នុងនោះលោក ដូ ណាល់ ត្រាំ បានប្រកាសថា ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនឹងចិនបានធ្វើឲ្យវិស័យផលិតរបស់អាមេរិកត្រូវធ្លាក់ចុះ។ លោក ដូណាល់ ត្រាំ បានសន្យាថា បើជាប់ឆ្នោតនឹងដំឡើងពន្ធដារលើមុខទំនិញរបស់ ចិនរហូតដល់៤៥ភាគរយ។
កន្លងមកបើទោះបីលោក ដូណាល់ ត្រាំ វាយប្រហារយ៉ាងខ្លាំងទៅលើចិនក្តីតែពល រដ្ឋចិនភាគច្រើនចង់ឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីជាងលោកស្រី ហ៊ីលឡារី គ្លីនតុន។ បើលោក ត្រាំ ជាប់ អាចនឹងផ្លាស់ប្តូរនយោបាយមួយចំនួនជាមួយចិន។
ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើប្រព័ន្ធផ្សព្វផ្សាយនានាទាំងបទ សម្ភាសន៍ក៏ដូចជាការថ្លែងសុន្ទរកថា លោក ត្រាំ បានរៀបឥរិយាបថទន់ភ្លន់ជាងមុនធ្វើខ្លួនឲ្យសមនឹងតំណែងប្រធានាធិបតីប្រទេស មហាអំណាចទីមួយលើពិភពលោក។
តាមការសង្កេតគេយល់ថា លោក ដូ ណាល់ ត្រាំ បានផ្លាស់ប្តូរឥរិយាបថច្រើនក្រោយពេលជាប់ឆ្នោតពោលគឺលោកដូ ណាល់ ត្រាំ ពេលឃោសនាបោះឆ្នោតដែល ជាមនុស្សសម្តីខ្លាំងៗ សម្តីរើសអើងប្រកាន់ ពូជសាសន៍សម្តីបែបកោងកាចនោះហាក់បន្ទន់មកស្លូតបន្តិចវិញ។
ជាការពិតណាស់ ជាពិសេសក្នុងឱកាស ជួបប្រជុំជាមួយលោក អូបាម៉ា លោក ដូណាល់ ត្រាំ ដែលធ្លាប់តែជេរប្រមាថរិះ គន់លោក អូបាម៉ា កប់ៗមាត់បែរជាអង្គុយនិយាយបែបយ៉ាងស្លូតបូត ព្រមទាំងបាន និយាយថា ខ្លួនមានកិត្តិយសណាស់ដែលបានជួបប្រាស្រ័យជាមួយលោក អូបាម៉ា ហើយថែមទាំងនិយាយទៀតថា លោក ត្រូវការជួបលោក អូបាម៉ា ច្រើនដងទៀត ដើម្បីប្រឹក្សាយោបល់។ ក្នុងឱកាសនោះ ទាំងអ្នកសារព័ត៌មានទាំងអ្នកនយោបាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោក ដូណាល់ ត្រាំ មិនបានសម្តែងអាកប្បកិរិ យាក្រអឺតក្រទមបែបកោងកាចឬមានពាក្យ សម្តីជ្រុលហួសហេតុដូចដែលគាត់ធ្លាប់ធ្វើកន្លងមកក្នុងពេលឃោសនាទេ។
ចំណុចមួយទៀតនោះគឺលោក ដូណាល់ ត្រាំ បានធ្វើសុន្ទរកថាបន្ទាប់ពីបានទទួលលទ្ធផលបោះឆ្នោតដោយនិយាយថា លោក នឹងប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាព ក្នុងនាមជាប្រធានាធិបតីរបស់ប្រជាជនអាមេរិកទាំងអស់គ្នា។ គឺពាក្យចុងក្រោយ “ទាំង អស់គ្នា” ដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។ កាលពីពេលឃោសនាបោះឆ្នោតលោក ត្រាំ បានញុះញង់ឲ្យមានការបែកបាក់ឲ្យ មនុស្សស្អប់គ្នាដោយគាត់ចង់ឲ្យអាមេរិក វិលត្រលប់ទៅរកអតីតកាលវិញដែលជាប្រទេសមានតែមនុស្សស្បែកសជាអ្នក មានសិទ្ធិអំណាច ឯមនុស្សស្បែកខ្មៅគឺជា ទាសករ។ តែពេលនេះគាត់ថា គាត់ចង់ធ្វើជាប្រធានាធិបតីរបស់ប្រជាជនអាមេរិកទាំង អស់គ្នាដែលវាមានខ្លឹមសារប្រមូលផ្តុំឱបក្រសោបនិងសាមគ្គីគ្នាជាជាងការបែកបាក់។
អ្វីដែលគួរឲ្យកត់សម្គាល់នូវនយោបាយ មួយចំនួនរបស់ប្រធានាធិបតី អូបាម៉ា អាចនឹងត្រូវបានបន្តទៅមុខទៀតក្រោមរដ្ឋា ភិបាលលោក ដូណាល់ ត្រាំ ក្នុងនោះមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរជាតិប៉ាស៊ីហ្វិក TPP និងកម្មវិធីសុខាភិបាល អូបាម៉ា ឃែរ ជាដើម។
បើទោះបីក្នុងពេលឃោសនាលោក ត្រាំ បានសន្យាថា នឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗទាំងចុះហត្ថលេខា ហើយទាំងកំពុងតែចរចា។ ឧទាហរណ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាមេ រិកខាងជើងហៅកាត់ថា Alena រវាងអា មេរិក កាណាដា និងមិុចស៊ីកូដែលបានអនុ ម័តរួច ហើយនិងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា TPP ដែលកំពុងគ្រោងរៀបចំអនុម័តផ្តល់សច្ចាប័នជាដើម។
កាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា លោក អូបាម៉ា ទើបបានប្រកាសថា រដ្ឋាភិបាលលោកបានសម្រេចព្យួរនីតិវិធីអនុម័តកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក TPP ហើយ ប្រគល់ការងារនេះទៅឲ្យរដ្ឋាភិបាលថ្មីរបស់ លោក ត្រាំ ជាអ្នកធ្វើ។ នៅសប្តាហ៍ក្រោយ លោក អូបាម៉ា នឹងធ្វើដំណើរទៅប្រទេសប៉េរូដើម្បីចូលរួមជំនួបកំពូលជាមួយបណ្តាថ្នាក់ដឹកនាំប្រទេសចំនួន១១ប្រទេសដែលជាប្រទេសសាមីនៃកិច្ចព្រមព្រៀងនេះក្នុងនោះក៏មានចិនដែរ។ លោក អូបាម៉ា នឹង ព្យាយាមពន្យល់ពីបញ្ហានេះទៅកាន់ ប្រទេសដែលជាប់ទាក់ទង ហើយថាចាប់ ពីពេលនេះទៅវាសនានៃកិច្ចព្រមព្រៀង ពាណិជ្ជ កម្មសេរី អន្តរប៉ាស៊ីហ្វិក គឺស្ថិតក្នុង កណ្តាប់ ដៃរបស់លោក ដូណាល់ ត្រាំ និង សភាទាំងពីររបស់អាមេរិក។
ជាមួយគ្នានោះច្បាប់ធានារ៉ាប់រងសុខភាពរដ្ឋឬហៅថា Obamacare ដែលលោក ដូណាល់ ត្រាំ បានស្រែកហើយស្រែក ទៀតថា លោកនឹងលុបចោលនៅពេល ឡើងកាន់អំណាច តែពេលនេះគាត់បែរជា និយាយថា គាត់កំពុងពិចារណាថានឹងមិន លុបចោលទេ ដោយគ្រាន់តែធ្វើការកែប្រែខ្លឹមសារនៃមាត្រាមួយចំនួនតែប៉ុណ្ណោះ។ លោក ដូណាល់ ត្រាំ និយាយបែបនេះគឺនៅក្រោយពេលបានជួបជាមួយលោក អូបាម៉ា ហើយគាត់ថា លោក អូបាម៉ា បាននិយាយពន្យល់គាត់ច្រើនអំពីសារសំខាន់នៃច្បាប់នេះដែលអនុញ្ញាតឲ្យប្រជាជនអាមេរិកក្រីក្រប្រមាណ២២លាននាក់អាចមាន លទ្ធភាពទទួលសេវាសុខភាពរបស់រដ្ឋ។ លោក អូបាម៉ា បានសុំឲ្យលោក ត្រាំ ពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តលុបច្បាប់នេះ ហើយដោយការគោរពចំពោះ លោក អូបាម៉ា លោក ដូណាល់ ត្រាំ បាន សន្យាថា លោកនឹងពិចារណាឲ្យបាន ច្បាស់ ៕ ម៉ែវ សាធី