ខេត្តប៉ៃលិន ៖ កម្មករម្នាក់ និងប្រជាពលរដ្ឋម្នាក់ ត្រូវដីភ្នំនៅទីតាំងក្រុមហ៊ុនតាឆាង បាក់សង្កត់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅម៉ោង៦ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរិះគន់អាជ្ញាធរ និងសមត្ថកិច្ចថា ព្រងើយកន្តើយមិនជួយយកសពចេញពីគំនរដី។
ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍បាក់ដីភ្នំសង្កត់មនុស្សស្លាប់នេះ ផ្តើមចេញពីការយកអេស្កាទ័រទៅកាយដីដោយគ្មានបច្ចេកទេសត្រឹមត្រូវចំពេលមេឃកំពុងងងឹតខ្លាំងផងដែរ។ អ្នកនៅកន្លែងកើតហេតុបន្តថា ក្រោយពីកើតហេតុពួកគាត់ បានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ តែសមត្ថកិច្ច និងអាជ្ញាធរពេលចុះដល់កន្លែងកើតហេតុបានត្រឹមឈរមើលប៉ុណ្ណោះ ដោយមិនបានរិះរករកវិធីជួយសង្គ្រោះ ឬយកសពចេញពីគំនរដីនោះឡើយ។
លុះជាងកន្លះម៉ោងក្រោយទើបប្រជាពលរដ្ឋ និងកម្មករសម្រេចចិត្តនាំគ្នាកាយដីយកសពតៃកុងអេស្កាទ័រ រីឯសពប្រជាពលរដ្ឋម្នាក់ទៀត យកមិនទាន់បាននៅឡើយទេ ៕