ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងស្ថិតក្នុងការស៊ើបអង្កេតរឿងពុករលួយ

ចែករំលែក៖

បច្ចុប្បន្នស្ថានភាពនៅកូរ៉េខាងត្បូងកាន់ តែតានតឹងនៅពេលដែលមេដឹកនាំក្រុមហ៊ុន ធំៗរបស់កូរ៉េខាងត្បូងដែលលាក់មុខមិនសូវចង់ឲ្យគេឃើញ បែរជាត្រូវគេថត និង ចាក់បញ្ចាំងផ្ទាល់ជាសាធារណៈក្នុងពេលដែលពួកគេកំពុងត្រូវគណៈកម្មការសភា សួរដេញដោលក្នុងសំណុំរឿងអាស្រូវពុករលួយដែលមានជាប់ទាក់ទងមិត្តសំណព្វ ចិត្តរបស់លោកស្រីប្រធានាធិបតី ផាក គឿន ហេ។

ក្រុមហ៊ុនកូរ៉េខាងត្បូងទាំង៨ដែលជាប់ក្នុងសំណាញ់ស៊ើបអង្កេតរបស់សភាមាន ក្រុមហ៊ុនស៊ាំស៊ុង ក្រុមហ៊ុនអេឡិចត្រូនិក LG ក្រុមហ៊ុនផលិតរថយន្តហ៊ីយ៉ាន់ដាយជាដើម។ នៅពីមុខទស្សនិកជនរាប់លាន នាក់ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង ត្រូវបានគណៈកម្មការសភាជជីកសួរដោយ មិនប្រណីដៃពីវិភាគទានដែលពួកគេបានផ្តល់ទៅឲ្យមូលនិធិពុករលួយរបស់លោក ស្រី ឆយ ស៊ុនស៊ីល ដែលជាមិត្តជិតស្និទ្ធ របស់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង។ ជាមួយនឹងសំណួរដេញដោលចំៗថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង ជាពិសេស ក្រុមហ៊ុនសាំស៊ុងដែលពិបាកនឹងរៀបរកពាក្យនិយាយបានត្រឹមតែឆ្លើយដោះសាថា ពួកគេមិនបានចាយលុយដើម្បីជាថ្នូរនឹង ឥទ្ធិពលជំនួយរបស់លោកស្រីប្រធានាធិបតី ផាក គឿនហេ នោះទេ។ យ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុន និងសហព័ន្ធឧស្សាហកម្មកូរ៉េខាងត្បូងលោក ហ៊ុយ ឆាងសូ បានឆ្លើយ ដោយចុងមាត់ចុងកថា វាមិនមែនជារឿង ងាយស្រួលទេ ដែលក្រុមហ៊ុនឯកជននៅ កូរ៉េខាងត្បូងអាចបដិសេធសំណើចង់បានរបស់វិមានប្រធានាធិបតីនោះ។ ថៅកែ ក្រុមហ៊ុន LG លោក កូ ប៉ុនម៉ូ បានបន្ថែមថា ក្រុមហ៊ុនគ្មានជម្រើសអ្វីក្រៅតែពីដើរតាមនយោបាយរបស់រដ្ឋាភិបាលនោះទេ។

តាមការស៊ើបអង្កេត និងចម្លើយរបស់ សាក្សីក្រុមហ៊ុនសាំស៊ុងត្រូវគេជឿថា បាន ផ្តល់លុយប្រមាណ២០ពាន់លានវ៉ុន ស្មើនឹង ១៧លានដុល្លារអាមេរិកទៅមូលនិធិរបស់លោកស្រី ឆយ ស៊ុនស៊ីល គឺច្រើនជាង ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ក្រុមហ៊ុន SK LG ទៅទៀត៕ ម៉ែវ សាធី

a-cutting-edge-city


ចែករំលែក៖