ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ព្យុះវាយប្រហារនៅភាគខាងត្បូងឥណ្ឌាស្លាប់មនុស្ស៤នាក់

ចែករំលែក៖

ខ្យល់ព្យុះមួយបានវាយប្រហារនៅភាគខាងត្បូងប្រទេសឥណ្ឌា តំបន់ឈូងសមុទ្រកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នោះ បានបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៤នាក់ និងបានធ្វើឲ្យដើមឈើ បង្គោលភ្លើង លំនៅឋានប្រជាពលរដ្ឋបាក់រលំរាបដល់ដីយ៉ាងច្រើនទៀតផង ខណៈដែលអាជ្ញាធរ និងក្រុមជួយសង្គ្រោះបានធ្វើសកម្មភាពជម្លៀសពលរដ្ឋច្រើនពាន់នាក់ចេញពីទីទំនាបទៅរកទីខ្ពស់ ។

នាយកដ្ឋានឧតុនិយមឥណ្ឌាបានហៅខ្យល់ព្យុះ Cyclone Vardah នោះថា ខ្យល់ព្យុះដ៏កំណាច ។ វាបានធ្វើដំណើរចេញពីភាគខាងលិចឈូងសមុទ្រ បេងហ្គាល់ឆ្ពោះទៅកាន់ភាគខាងត្បូងរដ្ឋ Tamil Nadu ទីក្រុង Chennai ព្រមទាំងវាយប្រហារជិតរដ្ឋ Andhra Pradesh ផងដែរ ។

ល្បឿនខ្យល់មានកម្លាំងខ្លាំង រហូតដល់១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យគ្រប់យ៉ាងនៅតំបន់ឈូងសមុទ្រ រលំខូចខាតគ្មានសល់ ។ ដើមឈើរលំទាំងអស់ ខណៈដែលបង្គោលភ្លើង និងលំនៅឋានប្រជាពលរដ្ឋរងការបាក់រលំរាបដល់ដីគ្មានសល់ ។

អាកាសយានដ្ឋានទីក្រុង Chennai ត្រូវលុបចោលជើងហោះហើរទាំងស្រុង, សេវាកម្មដឹកជញ្ជូនតាមផ្លូវដែកក៏ត្រូវផ្អាកបណ្តោះអាសន្ន រីឯសាលារៀន និងថ្នាក់មហាវិទ្យាល័យនានាក៏ត្រូវបិទទ្វារផងដែរ ។ អាជ្ញាធរគ្រប់គ្រងមហន្តរាយជាតិបានបញ្ជាក់ថា ខ្យល់ព្យុះ Vardah បានឆ្លងកាត់ទីក្រុង Chennai ធ្វើឲ្យទីក្រុងនេះត្រូវជំនន់ទឹកភ្លៀងជន់លិចគ្មានសល់ ។ ប៉ុន្តែទោះយ៉ាងណា ត្រូវគេរំពឹងថា មានការធូរស្រាលពីស្ថានការណ៍ក្នុងពេលឆាប់ៗ ។

មន្ត្រីបានលើកឡើងថា មនុស្សជាង២៣.០០០នាក់ស្ថិតនៅក្នុងរដ្ឋ Tamil Nadu ត្រូវជម្លៀសទៅកាន់មណ្ឌលសង្គ្រោះ ក្រោមដំបូលប្រក់តង់កៅស៊ូរាប់ពាន់តង់សម្រាប់ពួកគេស្នាក់នៅបណ្តោះអាសន្ន ។ រីឯនៅក្នុងរដ្ឋ Andhra Pradesh វិញ មនុស្សប្រមាណ១០.០០០នាក់ត្រូវបានភៀសខ្លួន ។

អាជ្ញាធរបានបម្រាមដល់ក្រុមអ្នកនេសាទមិនឲ្យចេញទូកទៅសមុទ្រ រហូតដល់៣៦ម៉ោងបន្ទាប់ពីខ្យល់ព្យុះសានត្រាណទៅវិញ ។ ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យស្ថិតនៅទីដែលមានសុវត្ថិភាព ។

ខ្យល់ព្យុះតែងតែវាយប្រហារប្រទេសឥណ្ឌាចាប់ពីខែមេសា រហូតដល់ខែធ្នូ ជារៀងរាល់ឆ្នាំ ។ ខ្យល់ព្យុះទាំងនោះតែងបង្កឲ្យបាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងធ្វើឲ្យពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនទៅរកទីមានសុវត្ថិភាព ខណៈដែលភោគផលកសិកម្ម ពោត សណ្តែក រងការខូចខាតយ៉ាងដំណំ ។

ឆ្នាំ១៩៩៩ ព្យុះមួយមានកម្លាំងខ្លាំង ក្នុងល្បឿន៣០០គីឡូម៉ែត្រក្នុងមួយម៉ោងបានវាយប្រហារឥណ្ឌាបណ្តាលឲ្យស្លាប់មនុស្សរហូតដល់១០.០០០នាក់ ។ ក្នុងឆ្នាំ២០១៣ ព្យុះកម្លាំងខ្លាំងមួយទៀត ល្បឿន២០០គីឡូម៉ែត្រក្នុងមួយម៉ោងវាយប្រហារតំបន់ឈូងសមុទ្រភាគខាងកើតឥណ្ឌាផងដែរ ៕ ថាច់ យ៉ាត

 

chennai-m rains_3102804g rf34 se


ចែករំលែក៖