ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកពិតជាបានត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយរុស្ស៊ីមែនឬ?

ចែករំលែក៖

មានសញ្ញាជាច្រើនអាចបញ្ជាក់បានថា អាមេរិកកំពុងតែត្រៀមលក្ខណៈធ្វើសង្គ្រាម ជាមួយរុស្ស៊ី បើទោះស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីរូបណាក្តី។ កន្លងមក អាមេរិកបានធ្វើសមយុទ្ធដោយមានយុទ្ធសាស្ត្រវាយប្រហារទៅលើយន្តហោះចម្បាំង របស់រុស្ស៊ីក៏ដូចជាកាំជ្រួចមីស៊ីល។

សារព័ត៌មាន Steigan របស់ប្រទេសន័រវេសបានផ្សាយនូវអត្ថបទវិភាគមួយបង្កឲ្យមានការភ្ញាក់ផ្អើលដោយក្នុងនោះយុទ្ធនាការដាក់ពង្រាយកម្លាំងទាហានរបស់ណាតូនិងអាវុធទំនើបៗនៅតាមព្រំដែនជាប់ ប្រទេសរុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ថា ណាតូបានត្រៀមលក្ខណៈជាស្រេចក្នុងការ ធ្វើសង្គ្រាមជាមួយរុស្ស៊ី។

នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនណាតូនឹងបង្កើនវត្តមានយោធានៅតំបន់អឺរ៉ុបខាង កើតជាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកក្រោយសង្គ្រាមត្រជាក់។ ជាក់ស្តែង៤កង ពលពហុប្រទេសដែលមានទាហានចម្រុះជាង៤ពាន់នាក់និងអាវុធទំនើបៗជាច្រើនទៅកៀកព្រំដែនប្រទេសរុស្ស៊ី។ កម្លាំង ទាហាននោះនឹងសហការជាមួយកម្លាំង ប្រតិកម្មរហ័សដែលមានទាហានជាង៤ មឺុននាក់ទៀតរបស់ណាតូនៅក្នុងតំបន់។

តាមសារព័ត៌មាន Steigan ក្នុងចំណោម សមាជិកណាតូដែលបានបញ្ចូនទាហានទៅកាន់ទីនោះមានប្រទេសអាល្លឺម៉ង់ដែលជាប្រទេសដំបូងបង្អស់បានបញ្ជូនទាហានទៅកាន់ព្រំដែនរុស្ស៊ីចាប់តាំងពីរបបហ្វាស៊ីស អាល្លឺម៉ងដួលរលំ។ ក្រៅពីនេះប្រទេសន័រវេសអង្គគ្លេសក៏បានបញ្ជូនកម្លាំងទាហានទៅកាន់ព្រំដែនជាប់ប្រទេសរុស្ស៊ីតាមការស្នើបង្កើត៤កងពលនៅទីនោះរបស់ណា តូ។

តាមអត្ថបទវិភាគនៅលើសារព័ត៌មាន Steigan រដ្ឋាភិបាលទីក្រុងមូស្គូមិនមាន សញ្ញាណាមួយដើម្បីវាយប្រហារទៅលើប្រទេសណាតូនោះឡើយដូចអ្វីដែលមេ ដឹកនាំរុស្ស៊ីលោកពូទីនបានលើកឡើងថា ការវាយប្រហារណាតូគឺជារឿងល្ងង់ខ្លៅ បំផុត។ ដូច្នេះសកម្មភាពរបស់ណាតូគឺជាការភ័យខ្លាចត្រៀមលក្ខណៈហួសហេតុ សម្រាប់សង្គ្រាមជាមួយរុស្ស៊ី។ ហេតុការណ៍ ខាងលើបានធ្វើឲ្យមានការប្រកូតប្រជែងអាវុធនៅក្នុងតំបន់សាជាថ្មី។

នៅពេលនេះដែរ ណាតូ និងរុស្ស៊ីធ្វើ សមយុទ្ធព្រមគ្នានៅតំបន់ Balkan ដែលជាហេតុធ្វើឲ្យស្ថានភាពកាន់តែតានតឹង។ កាលពីថ្ងៃទី៣១ ខែតុលា សម្ពន្ធមិត្តយោធា ណាតូបានធ្វើសមយុទ្ធដើម្បីត្រៀមទប់ស្កាត់ នឹងហេតុការណ៍អាក្រក់ដែលអាចកើតឡើង នៅក្នុងតំបន់ Montenegro ។ ក្នុងពេលជាមួយគ្នានោះកម្លាំងទាហានរុស្ស៊ីក៏នឹងធ្វើ សមយុទ្ធនៅក្នុងតំបន់ Serbia ផងដែរ។

នេះជាសញ្ញាមួយ បានបង្ហាញឲ្យឃើញ ថា ពីរប្រទេសនៅតំបន់ Balkan បាន ជ្រើសរើសយុទ្ធសាស្ត្រផ្ទុយគ្នាទាំងស្រុង។ ការធ្វើសមយុទ្ធអូសបន្លាយរយៈពេល៥ថ្ងៃនៅប្រទេស Montenegro ដែលមានយុទ្ធសាស្ត្រទប់ទល់នឹងគ្រោះធម្មជាតិព្រមទាំងការវាយប្រហារដោយអាវុធគីមី។

ការធ្វើសមយុទ្ធនោះមានការចូលរួមពីកម្លាំងទាហានជាង៦៨០នាក់មកពី៧ ប្រទេសសមាជិកណាតូនិងប្រទេសជាដៃគូ១០ផ្សេងទៀត។ ក្នុងពេលជាមួយគ្នា នោះរុស្ស៊ីក៏បានធ្វើសមយុទ្ធរយៈពេល១៣ថ្ងៃនៅសឺបៀកាលពីខែវិច្ឆិកា។ នៅក្នុង សមយុទ្ធនោះមានការចូលរួមពីកម្លាំងទាហានឆត្រយោងរុស្ស៊ី១៥០នាក់ និងទាហាន មួយចំនួនទៀតមកពីប្រទេសសឺបៀ និង Belarus ។

សកម្មភាពរបស់រុស្ស៊ីដែលបានបញ្ជូនកម្លាំងទាហាននិងអាវុធទៅកាន់ព្រំដែនជាប់ តំបន់អឺរ៉ុបបានធ្វើឲ្យណាតូព្រួយបារម្ភយ៉ាង ខ្លាំង។ ទាំងនោះហើយបានជាណាតូកោះប្រជុំពិភាក្សាដោយបានសម្រេចឲ្យដាក់ ពង្រាយកងទ័ពនៅតាមប្រទេសសមាជិកនៅអឺរ៉ុបខាងកើតក្នុងតំបន់បាល់ទិក និង ប៉ូឡូញ។ ទិសដៅគឺដើម្បីអាចអនុវត្ត គម្រោងពង្រាយកម្លាំងយោធានៅអឺរ៉ុបខាង កើតនេះឲ្យសម្រេចឡើងនៅឆ្នាំ២០១៧នេះ។

ការអនុវត្តការពង្រាយកម្លាំងយោធាណាតូគឺដើម្បីប្រឈមការគំរាមពីរុស្ស៊ី បើ រុស្ស៊ីចង់ឈ្លានពានចូលអឺរ៉ុបខាងកើត។ ឆ្នាំ២០១៤ រុស្ស៊ីបានភ្ជាប់តំបន់គ្រីមៀ អ៊ុយក្រែនចូលជាកម្មសិទ្ធិរុស្ស៊ី។ បញ្ហាគ្រីមៀ នេះឯងជាប្រភពនាំឲ្យទំនាក់ទំនងរវាងអូតង់ ប្រទេសលោកខាងលិច និងរុស្ស៊ីកាន់តែ តានតឹង។

សកម្មភាពយោធារុស្ស៊ីមួយរយៈចុងក្រោយនេះធ្វើឲ្យអូតង់បារម្ភណាស់។ ជាក់ ស្តែងដើមខែនេះរុស្ស៊ីបានផ្អាកកិច្ចព្រម ព្រៀងចុះជាមួយអាមេរិកទាក់ទងនឹងការ កម្ទេចជាតិភ្លុយតូនីញ៉ូមដែលគេប្រើសម្រាប់ ផលិតអាវុធនុយក្លេអ៊ែរ។ រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលទៅប្រចាំការនៅខែត្តកាលីនីន ក្រាត ភាគខាងលិច ជាប់ព្រំដែនប៉ូឡូញ និងលីទុយអានី។ រុស្ស៊ីបានបង្កើតឬបើក ទ្វារឡើងវិញនូវមូលដ្ឋានទ័ពខ្លួននៅបរទេស ច្រើនកន្លែងមាននៅតំបន់ហ្ស៊កហ្ស៊ីដូចជានៅអូសេទីខាងត្បូងឬនៅរដ្ឋអាប់ខាហ្ស៊ីជាដើម។

សប្តាហ៍កន្លងទៅប្រទេសសមាជិកអូ តង់ឃើញវត្តមាននាវាចម្បាំងរុស្ស៊ីធ្វើ ដំណើរកា់ត់តាមអឺរ៉ុបទៅសមុទ្រមេឌីទែរ៉ាណេធ្វើឲ្យអូតង់គិតថា រុស្ស៊ីអាចលួចទៅ វាយប្រហារក្រុងអាឡិបនៅស៊ីរី។

សកម្មភាពយោធារុស្ស៊ីធ្វើឲ្យប្រទេសសមាជិកអូតង់បារម្ភសុវត្ថិភាពខ្លួន ពិសេស អឺរ៉ុបខាងកើត និងខាងជើងដែលមានព្រំដែន ជាប់រុស្ស៊ី។ ដូច្នេះអូតង់ត្រូវតែអនុវត្តការ ពង្រឹងកម្លាំងយោធាតាមប្រទេសសមាជិកអឺរ៉ុបខាងកើតឲ្យបាននៅឆ្នាំក្រោយនេះ។

ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែនដែលជាចំណុចធ្វើឲ្យអឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ីនិងជាដើមហេតុបង្កឲ្យមានភាពតានតឹងរវាងលោកខាងលិចនឹងរុស្ស៊ីពេលនេះមានពលរដ្ឋអ៊ុយក្រែនភាគច្រើនបានគាំទ្រឲ្យចូល ជាសមាជិកណាតូ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរតាមការស្ទង់មតិ របស់អង្គការ Rating បានបង្ហាញឲ្យឃើញ ថា ពលរដ្ឋនៅក្នុងប្រទេសអ៊ុយក្រែនរហូតដល់ទៅ៤៣ភាគរយបានគាំទ្រអ៊ុយក្រែន ចូលជាសមាជិកណាតូ។ ការស្ទង់មតិនោះធ្វើឡើងនៅទូទំាងប្រទេសអ៊ុយក្រែនទាំង នៅតំបន់ Donbass មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងគៀវគឺគ្រប់ គ្រងដោយក្រុមបះបោរទាមទារផ្តាច់ខ្លួនផង ដែរ។

នៅក្នុងការស្ទង់មតិនោះមានពលរដ្ឋ រហូតដល់ទៅ៤៣ភាគរយគាំទ្រឲ្យអ៊ុយក្រែនចូលជាសមាជិកណាតូ។ ចំណែក អ្នកប្រឆាំងវិញមានតែ២៩ភាគរយប៉ុណ្ណោះ និង១១ភាគរយមិនបោះឆ្នោត ហើយ១៧ ភាគរយមិនបញ្ចេញយោបល់។

ទាំងនោះបានបង្ហាញឲ្យឃើញថា ពល រដ្ឋអ៊ុយក្រែនកាន់តែគាំទ្រចូលជាសមាជិកណាតូកាន់តែច្រើនឡើងពីមួយខែទៅមួយ ខែ។ នៅក្នុងការស្ទង់មតិកាលពីខែមិថុនាមានពលរដ្ឋតែ៣៩ភាគរយប៉ុណ្ណោះគាំទ្រ ឲ្យចូលជាសមាជិកណាតូ៕ ម៉ែវ សាធី

russia and usa


ចែករំលែក៖