សភាអាមេរិកបានបញ្ជាក់ថា សមាជិកព្រឹទ្ធសភា Mike Pompeo ត្រូវបានជ្រើសរើសធ្វើជាអគ្គនាយក អង្គការចារកិច្ចអាមេរិក CIA តាមបានជ្រើសរើសរបស់ប្រធានាធិបតីដូណាលត្រាំ។
ការបោះឆ្នោតសម្រេចខាងលើបានធ្វើឡើង កាលពីយប់ថ្ងៃទី២៣ ខែមករា ដោយមានសម្លេងគាំទ្រ៦៦និ ងសម្លេងប្រឆាំង៣២សម្លេង ទាំងនោះហើយបានជួយឲ្យលោក Mike Pompeo ក្លាយជាប្រធានCIA ថ្មី។ សូមបញ្ជាក់ថា អ្នកដែលប្រឆាំងមកពីគណបក្សប្រជាធិបតេយ្យ។
ក្នុងតំណែងជាប្រធានក្រុមចារកិច្ចជាតិ លោក Mike Pompeo អាយុ៥៣ឆ្នាំ នឹងត្រូវទទួលខុសត្រូវ គ្រប់គ្រងបណ្តាញចារកម្មអាមេរិក ក្នុងពេលដែលបញ្ហាសន្តិសុខកំពុងតែតានតឹងខ្លាំងឡើង។ ក្រៅពីនេះ នៅមានការប្រែប្រួលក្នុងទំនាក់ទំនង រវាងអាមេរិក និងរុស្ស៊ីក៏ដូចជាមហិច្ឆតាបរមាណូរបស់កូរ៉េខាងជើង ព្រមទាំង ក្រុមភេរវកម្មអិស្លាម IS ផងដែរ។
លោកMike Pompeo មានបទពិសោធន៍ និងចំណេះដឹងខ្ពស់ផ្នែកយោធានិងចារកម្ម។ លោកបានបញ្ចប់មហាវិទ្យាល័យយោធា នៅ West Point និងមហាវិទ្យាល័យ Harward ។ លោកធ្លាប់ចូលរួមនៅក្នុងគណកម្មាធិការចារកម្មអាមេរិកទៀតផង។ លោក Mike ធ្លាប់ចូលរួមនៅក្នុងការស្រាវជ្រាវ នៅប្រទេសលីប៊ីកាលពីឆ្នាំ២០១២ ក្រោយពេលគណប្រតិភូអាមេរិករងការវាយប្រហារនៅទីនោះ៕ ម៉ែវ សាធី