ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសមិុចស៊ីកូនឹងមិនចំណាយប្រាក់ក្នុងការសាងសង់ជញ្ជំាងព្រំដែនតាមសំណើលោក ដូណាល់ ត្រាំ ឡើយ

ចែករំលែក៖

ប្រាក់ចំណាយទៅលើការសាងសង់ ជញ្ជាំងព្រំដែនរវាងអាមេរិកនឹងមិុចស៊ីកូបាន ក្លាយទៅជាចំណុចវិវាទរបស់ប្រទេសទាំងពីរ។ កាលពីថ្ងៃទី២៥ ខែមករា ប្រធានា ធិបតីនៃប្រទេសម៉ិចស៊ីកូលោក Enrique Peña Nieto បានលើកឡើងថា ប្រទេសរបស់ លោកនឹងមិនបង់ប្រាក់ឬធ្វើការចំណាយសម្រាប់សាងសង់ជញ្ជាំងតាមបណ្ដោយ ព្រំដែនណាមួយទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការសាងសង់ជញ្ជាំងព្រំដែន គឺមិុចស៊ីកូត្រូវតែចំណាយក្នុងការសាង សង់ទាំងនោះ។ នៅសប្តាហ៍ក្រោយប្រធានាធិបតីមិុចស៊ីកូនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាជា មួយប្រធានាធិបតី ដូណាល់ ត្រាំ ពីបញ្ហា សំខាន់ក្នុងនោះមានទាំងការសាងសង់ ជញ្ជាំងព្រំដែនផងដែរ។

ប្រធានាធិបតីមិុចស៊ីកូបានបញ្ជាក់ថា លោកនឹងមិនចំណាយប្រាក់សម្រាប់ការសាងសង់ទាំងនោះឡើយ។ នៅពេលនេះ ដែរលោកនឹងរង់ចាំរបាយការណ៍ចុងក្រោយ មួយពីមន្ត្រីកំពូលរបស់លោកដែលបានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋ អាមេរិកដើម្បីជួបជាមួយរដ្ឋាភិបាលថ្មី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងកិច្ចប្រជុំកន្លងមកជាមួយក្រុមអ្នក ច្បាប់របស់ម៉ិចស៊ីកូមុនពេលធ្វើសេចក្ដី សម្រេចជាជំហានដែលរូបលោកនឹងធ្វើ ជាបន្ដទៀត។

កន្លងមករដ្ឋលេខាធិការសេដ្ឋកិច្ចនៃ ប្រទេសម៉ិចស៊ីកូបានថ្លែងនៅក្នុងសេចក្តី ជូនដំណឹងមួយដោយបានលើកឡើងសុំ មិនបញ្ចេញឈ្មោះថា ប្រទេសម៉ិចស៊ីកូសូម ថ្កោលទោសចំពោះទង្វើដែលដាក់កំហិត និងគំរាមកំហែងទៅលើអ្នកវិនិយោគដើម្បី ធ្វើឲ្យពួកគេភ័យលែងហ៊ានមកបោះទុននៅក្នុងប្រទេសម៉ិចស៊ីកូ។ បើទោះបីជាមិនបញ្ចេញឈ្មោះក៏គេអាចស្មានដឹងយ៉ាង ច្បាស់ថា សម្តីនេះសំដៅចោទប្រកាន់ទៅ លើលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកដែលកន្លងមកតែងតែបំភ័យ ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅម៉ិចស៊ីកូ ថា លោកនឹងដំឡើងពន្ធឲ្យខ្ពស់ចំពោះរថយន្តដែលនាំចូលពីម៉ិចស៊ីកូទៅអាមេរិក។

តាំងពីក្នុងពេលឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ តែងតែនិយាយបែប វាយប្រហារគំរាមកំហែង និងបំភិតបំភ័យ គេឯងគ្រប់គ្នា។ ក្នុងនោះក៏មានប្រទេស ម៉ិចស៊ីកូដែរ។ ក្រៅពីការប្រកាសសន្យាថា នឹងធ្វើរបងថ្មខណ្ឌចែកតាមព្រំដែនរវាង អាមេរិក និងម៉ិចស៊ីកូលោក ដូណាល់ ត្រាំ បានសន្យាទៀតថា លោកនឹងដំឡើងពន្ធនាំចូលឲ្យខ្ពស់ទៅលើរថយន្តដែលផលិតនៅប្រទេសម៉ិចស៊ីកូ។

លោក ដូណាល់ ត្រាំ បានចោទក្រុម ហ៊ុនផលិតរថយន្តអាមេរិកដូចជាក្រុមហ៊ុន Ford និង General Motors ជាដើមថាមក ពីក្រុមហ៊ុនទាំងនេះបានរើរោងចក្រទៅ ផលិតនៅម៉ិចស៊ីកូទើបធ្វើឲ្យប្រជាជនអាមេ រិកអត់ការងារធ្វើ។

បច្ចុប្បន្នមិុចស៊ីកូកំពុងតែប្រឈមនឹងការបាត់បង់ក្រុមអ្នកវិនិយោគធំៗក្នុងនោះមានក្រុមហ៊ុន Ford បានប្រកាសថា គេ បានសម្រេចចិត្តលុបចោលគម្រោងរោងសាងសង់រោងចក្រដំឡើងរថយន្តមួយ កន្លែងនៅក្នុងប្រទេសម៉ិចស៊ីកូ។ គម្រោង សាងសង់រោងចក្រនេះមានទឹកប្រាក់ប្រមាណ ជា១.៦០០លានដុល្លារ។ គឺសេចក្តីប្រកាស លុបចោលគម្រោងរបស់ក្រុមហ៊ុន Ford នេះហើយ ដែលធ្វើឲ្យម៉ិចស៊ីកូខឹង ហើយ បានគិតថា ក្រុមហ៊ុន Ford សម្រេចដូចនេះក៏ដោយសារតែខ្លាចការគំរាមរបស់លោក ដូណាល់ ត្រាំ។

មិនត្រឹមតែប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ លោក ដូណាល់ ត្រាំ ថែម ទាំងបានចោទក្រុមហ៊ុនផលិតរថយន្តធំៗ របស់ជប៉ុនដែលមានរោងចក្រនៅក្នុង ប្រទេសម៉ិចស៊ីកូទៀតផង។ លោក ដូណាល់ ត្រាំ បាននិយាយសំដៅទៅក្រុម ហ៊ុន Toyota ដោយផ្ទាល់តែម្តងថារដ្ឋាភិបាល ថ្មីរបស់លោកនឹងធ្វើច្បាប់ថ្មីដើម្បីដំឡើង ពន្ធនាំចូលឲ្យខ្ពស់ចំពោះរថយន្តដែលផលិត នៅម៉ិចស៊ីកូ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់ពេលនេះក្រុមហ៊ុន Toyota នៅ មិនទាន់មានប្រតិកម្មអ្វីទេ។

ការដាក់គំនាបទៅលើប្រទេសមិុចស៊ីកូពីអាមេរិកអាចធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនិងនយោបាយ។ ប៉ុន្មានថ្ងៃចុងក្រោយនេះមានសកម្មភាពហិង្សា និង បាតុកម្មកាន់តែកើនឡើងនៅក្នុងប្រទេសម៉ិចស៊ីកូបន្ទាប់ពីរដ្ឋាភិបាលបានដំឡើងថ្លៃប្រេងឥន្ធនៈ។ ៣ថ្ងៃកន្លងមកនេះហាងទំនិញ ធំៗប្រមាណជា១.០០០កន្លែងបានរងការខូចខាតដោយសារអំពើហិង្សាកុប្បកម្ម។ ស្ថានភាពទាំងអស់នេះពិតជាមិនអំណោយ ផលទេ សម្រាប់សេដ្ឋកិច្ចម៉ិចស៊ីកូ។ កាល ណាមានហិង្សាចលាចលគឺវាមិនដែលមាន ផលល្អទេ។ នៅដើមឆ្នាំ២០១៧នេះ ម៉ិចស៊ីកូកំពុងឆ្លងកាត់ការលំបាកខ្លាំងណាស់ ហើយរដ្ឋាភិបាលប្រទេសនេះត្រូវប្រឈម មុខដោះស្រាយឲ្យបាន។

យើងឃើញថា បន្ទាប់ពីលោកដូណាល់ ត្រាំ បានជាប់ឆ្នោត និងពាក្យសម្តីគំរាមកំហែង បំភិតបំភ័យជាច្រើនដងនោះធ្វើឲ្យទីផ្សារហិរញ្ញវត្ថុម៉ិចស៊ីកូបានខាតបង់។ អត្រាប្តូរ ប្រាក់ Peso របស់ម៉ិចស៊ីកូបានធ្លាក់ចុះដល់ទៅជាង១៦ភាគរយ។ ការប្រមូលពន្ធរដ្ឋក៏បានថយចុះខ្លាំងដែរ។ តែយ៉ាងណាការ សម្រេចដំឡើងថ្លៃប្រេងឥន្ធនៈដល់ទៅ ២០ភាគរយគឺជារឿងមួយដែលអ្នកជំនាញ យល់ថា រដ្ឋាភិបាលម៉ិចស៊ីកូគិតខុស។ ធ្វើបែបនេះគឺវាធ្វើឲ្យប្រជាជនកាន់តែមួម៉ៅ ខឹងនឹងរដ្ឋាភិបាល។

មួយវិញទៀតនៅប្រទេសម៉ិចស៊ីកូគឺ សំបូរទៅដោយក្រុមមនុស្សដែលមាននិន្នាការហិង្សាខ្លាំងណាស់ ហើយក្រុមសកម្ម ជនហិង្សាមួយចំនួនធំត្រូវបានញុះញង់ និង ប្រើប្រាស់ដោយអ្នកនយោបាយឆក់ ឱកាស។ ដូច្នេះបើសិនជាអំពើហិង្សានេះនៅតែបន្តវានឹងអាចក្លាយទៅជាវិបត្តិ នយោបាយផងក៏ថាបានសម្រាប់ម៉ិចស៊ីកូ។ បើសិនជាមានវិបត្តិនយោបាយបូកថែម ជាមួយភាពមិនប្រាកដប្រជាដោយសារ នយោបាយរបស់លោក ដូណាល់ ត្រាំ ជាមួយម៉ិចស៊ីកូទៀតនោះ នោះអ្នកវិនិយោគប្រាកដជានាំគ្នាដើរចេញពីម៉ិចស៊ីកូមិនខានទេ៕ ម៉ែវ សាធី

abe


ចែករំលែក៖