ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខភាពប្រធានាធិបតីបារំាងសន្យាបើជាប់ឆ្នោតនឹងដកបារំាងចេញពីសហគមន៍អឺរ៉ុប

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីបារាំងលោកស្រី Marine Le Pen ដែលគេផ្តល់រហស្ស នាមថាជា «ដូណាល់ ត្រាំ ទីពីរ» បានប្រកាស គោលនយោបាយរបស់ខ្លួនពេលឃោសនាបោះឆ្នោតគឺប្រឆាំងនឹងសាកលភាវូបនីយកម្ម និងក្រុមអ៊ិស្លាម។ មិនត្រឹមតែប៉ុណ្ណោះលោកស្រីបានសន្យាថា នឹងធ្វើប្រជាមតិ ដកបារាំងចេញពីសហគមន៍អឺរ៉ុប បើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតីនោះ។

លោកស្រី Le Pen បេក្ខភាពប្រធានា ធិបតីបារាំងមកពីគណបក្សបដិវត្តន៍ប្រជាជន FN ដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសនេះបានប្រកាសកម្មវិធីនយោ បាយសំខាន់របស់ខ្លួនកាលពីថ្ងៃទី៥ខែកុម្ភៈថា សាកលភាវូបនីយកម្មកំពុងតែច្របាច់កអ្នកគ្រប់គ្នារហូតដល់ស្លាប់។

សារព័ត៌មាន BBC បានដកស្រង់សម្តី លោកស្រី Le Pen បញ្ជាក់ពីន័យសាកល ភាវូបនីយកម្មថា «ទាសករផលិតទំនិញ ដើម្បីលក់ឲ្យអ្នកអត់ការងាធ្វើ»។ លោក ស្រីបន្តទៀតថា ជាគណបក្សរបស់ជនជាតិ បារាំង និងដើម្បីប្រទេសជាតិសេរីភាព ឯករាជ្យភាពនិងប្រជាធិបតេយ្យ។

ក្រៅពីការប្រកាសប្រឆាំងសាកលភាវូប នីយកម្មលោកស្រី Le Pen ក៏បានប្រកាសកម្មវិធីនយោបាយប្រឆាំងនឹងក្រុមអ៊ិស្លាម ដែលលោក ត្រាំ ទើបតែបានអនុម័តបាន ប៉ុន្មានថ្ងៃប៉ុណ្ណោះទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ហើយទីបំផុត តុលាការសហរដ្ឋអាមេរិកបានសម្រេច លុបចោលច្បាប់ហាមជនភៀសខ្លួនមកពី៧ប្រទេសរបស់លោកត្រាំ។

រំលឹកដល់ការវាយប្រហារនៅសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីសនាពេលកន្លងមកថ្មីៗលោកស្រី Le Pen បានបញ្ជាក់ថា ទឹកដីបារាំងពេលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្វាស៊ីសអ៊ិស្លាមជ្រុលនិយម។ បារាំងជាប្រទេសមួយក្នុងតំបន់អឺរ៉ុបមាន ជនជាតិអ៊ិស្លាមរស់នៅច្រើនបំផុតដោយមានរហូតដល់ទៅ៥លាននាក់។

ក្រៅពីនេះមេដឹកនាំគណបក្សប្រឆំាង រូបនេះក៏បានប្រើប្រាស់ Brexit តាមគន្លង របស់អង់គ្លេសដើម្បីនាំបារាំងចេញពីសហគមន៍អឺរ៉ុប។ លោកស្រី Le Pen បញ្ជាក់ថា អឺរ៉ុបកំពុងតែបរាជ័យ ហើយមិនដែលបានអនុវត្តនៅការសន្យារបស់ខ្លួនបានជោគ ជ័យម្តងណាឡើយ។ លោកស្រីបញ្ជាក់ថា នឹងមានការបោះឆ្នោតប្រជាមតិចេញពីអឺរ៉ុប ដូចអ្វីដែលអង់គ្លេសបានធ្វើ។

ការបោះឆ្នោតប្រធានាធិបតីបារាំងនឹងធ្វើឡើងនៅថ្ងៃទី២៣ខែមេសាខាងមុខ។ តាមការស្ទង់មតិបានបង្ហាញឲ្យឃើញថា លោកស្រីអាចនឹងជាប់នៅក្នុងការបោះឆ្នោត ជុំទីមួយ។

ជាមួយគ្នានោះដែរលោកហ្វ្រង់ស័រ ហ្វុីយ៉ុង អតីតនាយករដ្ឋមន្ត្រីបារាំង និង ជាបេក្ខជនប្រធានាធិបតីនៃបក្សសាធារណ រដ្ឋដែលគ្រប់គ្នារំពឹងថាមានវាសនាខ្ពស់ អាចជាប់ជាប្រធានាធិបតីនៅខែឧសភាខាង មុខកំពុងជួបរឿងអាស្រូវកេងលុយរដ្ឋកាន់តែធ្ងន់ធ្ងរឡើងៗ។ សារព័ត៌មាន Le Canard Enchainé បានទម្លាយជាបន្តបន្ទាប់ថា កូនៗនិងភរិយារបស់លោកហ្វុីយ៉ុងបាន ទទួលប្រាក់ខែរដ្ឋប្រមាណជាង១លានអឺរ៉ូ ក្នុងនាមជាជំនួយការឪពុក និងស្វាមីកាល នៅជាសមាជិកសភា។ តើការយកប្រពន្ធ កូនមកធ្វើជាជំនួយការជាទង្វើខុសច្បាប់ឬ?

ការយកប្រពន្ធកូនមកធ្វើជាជំនួយការមិនមែនជាការខុសច្បាប់ទេ ប៉ុន្តែតើប្រពន្ធនិងកូនៗទាំងនោះពិតជាបានបំពេញការងារដោយជាក់ស្តែងឬគ្រាន់តែមានឈ្មោះដើម្បីបានប្រាក់ខែ? ព្រោះបើតាមការសាក សួររបស់ប៉ូលិសប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយនៅក្នុងក្របខ័ណ្ឌនៃការអង្កេត បឋមទៅកាន់ជំនួយការម្នាក់ទៀតដែលត្រូវ ធ្វើការជាមួយលោកស្រីហ្វុីយ៉ុងបានអះអាង ថា ស្គាល់លោកស្រី ហ្វុីយ៉ុង ត្រឹមជាភរិយា នាយករដ្ឋមន្ត្រីមិនដែលដឹងសោះថា លោក ស្រីមានតួនាទីជាជំនួយការសភា។

ក្រុមអង្កេតការណ៍បានចុះទៅឆែកឆេរនៅសភាដើម្បីសាកល្បងស្វែងរកភស្តុតាង ផ្សេងបញ្ជាក់អំពីការងារពិតៗរបស់លោក ស្រី ហ្វីយ៉ុង (ដែលមិនមែនត្រឹមតែបណ្ណប្រាក់បៀវត្សរ៍ឡើយ)។ លោក ហ្វ្រង់ស័រ ហ្វីយ៉ុង និងលោកស្រី ប៉េណេឡុប ហ្វុីយ៉ុង ក៏ត្រូវបានប៉ូលិសអង្កេតសាកសួរដាច់ ដោយឡែកពីគ្នា រួចមកហើយដែរកាលពីថ្ងៃចន្ទទី៣០មករា។

រឿងអាស្រូវទាំងនោះហើយអាចធ្វើឲ្យបេក្ខភាពមកពីគណបក្សប្រឆាំងដែលមាន គោលនយោបាយដូចជាលោក ត្រាំ មានសង្ឃឹមជាប់ឆ្នោតប្រធានាធិបតីបារាំង។ ប្រសិនបើលោកស្រី Le Pen ជាប់ឆ្នោត បារាំងនឹងបន្តចាកចេញពីអឺរ៉ុបទាំងនោះ ជំរុញឲ្យអឺរ៉ុបត្រូវតែបែកបាក់ជាមិនខានឡើយ៕ ម៉ែវ សាធី

161114152205-marine-le-pen-france-flag-super-tease

បេក្ខភាពប្រធានាធិបតីបារាំងលោកស្រី Marine Le Pen


ចែករំលែក៖