កាលពីថ្ងៃទី២២ ខែកុម្ភៈ ប៉ូលិសម៉ាឡេស៊ីបានធ្វើសន្និសីទកាសែតស្តីពីការស្លាប់របស់បងប្រុសមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងណាម ត្រូវគេធ្វើឃាតនៅអាកាសយានដ្ឋានកូឡាឡំពួរ ។
នៅក្នុងសន្និសីទកាសែតនោះ ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ពីខ្លឹមសារសំខាន់ៗដូចជា៖ ប៉ូលិស ម៉ាឡេស៊ីបានច្រានចោលសំណើរបស់មន្ត្រីកូរ៉េខាងជើង ទាមទារការស្រាវជ្រាវរួមករណីសម្លាប់លោកគីម ជុងណាម ។
ប៉ូលិសម៉ាឡេស៊ីជឿជាក់ថា ជនសង្ស័យ៤នាក់ បានទៅដល់កូរ៉េខាងជើង ហើយភាគីម៉ាឡេស៊ី នឹងស្នើដល់ស្ថានទូតកូរ៉េខាងជើង និងរដ្ឋាភិបាលកូរ៉េខាងជើងតាមចាប់ខ្លួនជងស្ស័យទាំង៤នាក់នោះ ។
ជាមួយគ្នានេះប៉ូលិសម៉ាឡេស៊ីបានបង្កើនការការពារសាកសពលោកគីម ជុងណាម ក្រោយពេលដែលប៉ូលិសរកឃើញពីគម្រោង លួចសាកសពលោកគីម ជុងណាម។ នៅពេលនេះសាកសពលោកគីម ជុងណាម បន្តរក្សាទុកនៅកន្លែងតម្កល់សពក្នុងមន្ទីរពេទ្យមួយស្ថិតក្នុងទីក្រុងគូឡាឡាំពួ។ កាលពីព្រលឹមស្រាងៗថ្ងៃអង្គារ ទី២១ កុម្ភៈនេះរដ្ឋអំណាចម៉ាឡេស៊ីបានបញ្ជូនកម្លាំងប្រដាប់អាវុធមួយក្រុមបានចូលក្នុងបរិវេណមន្ទីរពេទ្យដើម្បីការពារសពលោកគីម ជុងណាម។ វត្តមានកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ក៏ដោយសារមានព័ត៌មានលេចឮថាកូនប្រុសរបស់សពលោកគីម ជុងណាម បានទៅម៉ាឡេស៊ីដើម្បីទាមទារយកសពឱពុករបស់ខ្លួន។
កាលពីថ្ងៃ ទី២១កុម្ភៈ ដែលគេឃើញមានក្បួនរថយន្តចំនួន៤គ្រឿងបិទកញ្ជក់ខ្មៅបានបរចូលក្នុងមន្ទីរពេទ្យដែលមានរក្សាទុកសពលោកគីម ជុងណាម។ ក្បួនរថយន្តទាំង៤គ្រឿងត្រូវបានការពារយ៉ាងតឹងរឹងពីកម្លាំងពិសេសម៉ាឡេស៊ីប្រមាណជា៣០នាក់ តែគេមិនអាចដឹងថា តើជាក្បួនរថយន្តដឹកនរណាទេ ។ អ្វីដែលគេដឹង ប្រភពព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ម៉ាឡេស៊ីនិងកាសែតក្នុងស្រុកមួយចំនួនឲ្យដឹងថា លោកគីមហានស៊ុលដែលជាកូនប្រុសរបស់សពលោកគីមជុងណាមបានចេញពីទឹកដីម៉ាកាវទៅដល់ទឹកដីម៉ាឡេស៊ីកាលពីយប់ថ្ងៃចន្ទ ទី២០ កុម្ភៈក្នុងគោលដៅទាមទារយកសពឱពុកខ្លួន ។
តែពេលនេះនៅមិនទាន់មានព័ត៌មានណាមួយដែលអាចបញ្ជាក់ពីវត្តមានលោកគីមហានស៊ុលនៅលើទឹកដីម៉ាឡេស៊ីទេ។
សូមរម្លឹកជូនឡើងវិញថា ជិត១០ថ្ងៃក្រោយឃាតកម្មសម្លាប់លោកគីម ជុងណាម នៅព្រលានយន្តហោះក្នុងទីក្រុងគូឡាឡាំពួក្នុងថ្ងៃទី១៣ កុម្ភៈ មកទីក្រុងព្យុងយ៉ាងបន្តទទូចសុំឲ្យទីក្រុងគូឡាឡាំពួបញ្ជូនសពលោកគីម ជុងណាម ទៅឲ្យខ្លួន និងបានជំទាស់នឹងការធ្វើកោសល្យវិច័យ ។ តែម៉ាឡេស៊ីមិនព្រម និងបញ្ជាក់ជាថ្មីថាដរាបណាក្រុមគ្រួសារសពលោកគីម ជុងណាម មិនយក ADN ទៅផ្ទៀងផ្ទាត់ជាមួយ ADN របស់សពទេ នោះម៉ាឡេស៊ីមិនអនុញ្ញាតឲ្យយកសពលោកគីម ជុងណាម ចេញទេ ៕ ម៉ែវ សាធី