ខេត្តស្ទឹងត្រែង៖ ស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត ត្រូវបានមន្ទីឧស្សាហកម្ម និងសិប្បកម្មខេត្ត ចុះត្រួតពិនិត្យ និងរង្វាស់លីត្រឲ្យត្រូវទៅតាមស្តង់ដា ដែលក្រសួងបានកំណត់ មិនឲ្យលក់តាមតែចិត្ត ជៀសវាងកេងចំណេញទៅលើអតិថិជនដែលជាអ្នកប្រើរថយន្ត ម៉ូតូ ឬប្រើទៅលើម៉ាស៊ីនផ្សេងៗ ធ្វើឲ្យថៅកែសាំងធំៗមួយចំនួន ក៏ដូចអ្នកលក់តាមតូប រាយរងមិនសូវសប្បាយចិត្តប៉ុន្មានទេ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រុមអ្នករត់តាក់ស៊ីនឹងអ្នករត់ម៉ូតូឌុបបានឲ្យដឹងថាៈ គាត់ឃើញខាងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តចុះត្រួតពិនិត្យតាមស្ថានីយលក់ប្រេង អីចឹងពួកគាត់មានការត្រេកអរជាខ្លាំង ដើម្បីជៀសវាងនូវការលក់ប្រេងចែកចាយឲ្យអ្នកទិញចាក់រថយន្ត ឬម៉ូតូ ឬក៏យកទៅប្រើប្រាស់ផ្សេងៗ មិនគ្រប់ចំណុះលីត្រទៅតាមស្តង់ដារបស់វា ធ្វើឲ្យខាតលុយ ខណៈដែលបច្ចុប្បន្ននេះសាំងឡើងថ្លៃផង (១លីត្រ៣៣០០រៀល ទៅ៣៥០០រយរៀល) ធ្វើឲ្យការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ជួបការលំបាកយ៉ាងខ្លាំង ព្រោះតែសាំងលក់មិនគ្រប់លីត្រផង ហើយឡើងថ្លៃទៀត រីឯអ្នកជិះត្អួញត្អែរថាថ្លៃ ពេលខ្លះពួគគាត់ឈ្លោះប្រកែកគ្នា ជាមួយអ្នកជិះក៏មានដែរ ដោយសារយកថ្លៃ បើមិនយកថ្លៃ មិនរួចថ្លៃសាំង និងហូបចុកនោះទេ ។
លោកសំណូមពរទៅក្រសួងមន្ទីរពាក់ព័ន្ធ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួយធ្វើយ៉ាងណា ឲ្យសាំងចុះថ្លៃបន្តិចដើម្បីពួគគាត់ ងាយស្រួលក្នុងការរកប្រាក់ គ្រាន់បានចំណេញខ្លះ ហើយអ្នកជិះក៏សម្បាយចិត្តដែរ ។
ជុំវិញរឿងនេះដែរ លោកនួន សុខក្តី ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបានឲ្យដឹងថាៈ លោកនាំក្រុមការងារមន្ទីររបស់លោក បានចុះត្រួតពិនិត្យតាមស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនប្រេងនីមួយៗ មិនឲ្យដឹងមុននោះទេ និងតាមតូបលក់សាំងរាយរងផ្សេងទៀត ដើម្បីឲ្យលក់ត្រឹមត្រូវទៅតាមច្បាប់ ជៀសវាងការរិះគន់ដល់មន្ទីររបស់លោកមិនធ្វើការ ។
លោកបន្តទៀតថា៖ ការចុះពិនិត្យ និងវាស់កម្រិតលីត្រឲ្យត្រូវទៅតាមស្តង់ដារបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលបានកំណត់ ។ នេះជាលើកទីបីហើយដែលលោកដឹកនាំក្រុមការងារចុះពិនិត្យដល់ស្ថានីយផ្ទាល់ បានប្រាំទៅប្រាំមួយស្ថានីយហើយក្នុងក្រុងស្ទឹងត្រែង ។ តាមការពិនិត្យឃើញថា មានភាពខុសនៃការពិនិត្យបន្តិចបន្តួច ហើយបានណែនាំឲ្យសម្រួលឡើងវិញ រួចបិទស្លាកសម្គាល់របស់ក្រសួងនៅលើធុងសាំងដើម្បីមិនឲ្យក្រុមហ៊ុន ឬអ្នកលក់ទាំងនោះលួចស៊ីរ៉េលួចបានទៀតទេ ។ ការពិនិត្យនេះ បើឃើញមានកំហុសចាប់ពី២ទៅ៣ដង ខាងមន្ទីរនឹងផាកពិន័យទៅតាមច្បាប់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មរួចបិទស្ថានីយ និងតូបលក់សាំងនោះ ឈប់ឲ្យលក់បន្តទៀត។ ការចុះពិនិត្យនេះ មានយៈពេលច្រើនថ្ងៃ ព្រោះស្ថានីយមានដល់ទៅ ជាង២០ស្ថានីយ ក្នុងនោះមានបីក្រុមហ៊ុនធំៗ ១ ក្រុមហ៊ុនតេលា ២ ក្រុមហ៊ុនសូគីមិច ៣ ក្រុមហ៊ុនL.H.R ស្ថិតក្នុងក្រុង និងស្រុកមួយចំនួន និងលក់រាយរងជាច្រើនទៀត ។
គួររំលឹកផងដែរថាៈ ស្ថានីយប្រេងឥន្ធនៈមានជាច្រើនក្រុមហ៊ុន ហើយបំបែកចេញជាច្រើនស្ថានីយក្នុងក្រុងស្ទឹងត្រែង និងនៅតាមស្រុកមួយចំនួន ហើយការនាំចូលសាំងគេចពន្ធ ក៏មិនតិចដែរ ជាពិសេសក្រុមហ៊ុន L.H.R ធំជាងគេ ដែលនាំចូលពីប្រទេសឡាវ ហើយអ្នកលក់តំលៃឡើងចុះហាងឆេងនៅលើមាត់ គ្មានកំណត់ ឬហាក់បីដូចជា ត្រូវរ៉ូគ្នាជាមួយសមត្ថកិច្ចជំនាញអស់ហើយមើលទៅ ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថាៈ ការត្រួតពិនិត្យនេះ ធ្វើគ្រាន់តែល្អមើលតែប៉ុណ្ណោះ គ្មានប្រសិទ្ធភាព តន្លាភាព និងយុត្តិធម៌នោះទេ គេធ្វើនេះ ដើម្បីមានប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង ៕ មាស សុផាត