ក្រុមអ្នកឯកទេសសេដ្ឋកិច្ចកូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសេដ្ឋកិច្ចធ្លាក់ចុះ ក្រោយពេលរដ្ឋាភិបាលបានសម្រេចដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD របស់អាមេរិក នៅក្នុងទឹកដីកូរ៉េខាងត្បូង។
ការសម្រេចដាក់ប្រព័ន្ធមីស៊ីលខាងលើបានធ្វើឲ្យចិន បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដោយយល់ឃើញថា មីស៊ីលទាំងនោះ មិនសម្តៅទៅលើកូរ៉េខាងត្បូងនោះឡើយ គឺសម្តៅទៅលើប្រទេសចិនតែប៉ុណ្ណោះ ជាគោលដៅឡោមព័ទ្ធចិនរបស់អាមេរិក ។
ការអនុញ្ញាតឲ្យដាក់មីស៊ីល THAAD នៅកូរ៉េខាងត្បូង បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងនោះមានវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ក្រោយពេលចិនហាមពលរដ្ឋរបស់ខ្លួនចូលទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាត្បូង។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានសម្រេចបិទទ្វារក្រុមហ៊ុន កូរ៉េខាងត្បូងមួយចំនួននៅក្នុងទឹកដីចិនផងដែរ ។
ការដាក់មីស៊ីល ខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋជាអ្នកជំនួញ របស់ប្រទេសកូរ៉េខាងត្បូង នៅទីប្រជុំជនក្រុងសេអ៊ូល ជាកន្លែងដែលក្រុមអ្នកទេសចរចិន បានប្រមូលផ្ដុំគ្នានៅលើដងផ្លូវ មុនសេចក្ដីសម្រេចដើម្បីដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក នៅក្នុងប្រទេសដោយក្នុងនោះពួកគេបាន ត្អូញត្អែរពីការធ្លាក់ប្រាក់ ចំណូល ដែលធ្លាប់តែបានមកពីអតិថិជនចិន។
ចំពោះគុណសម្បតិ្ដ ដែលប្រទេសកូរ៉េខាងត្បូង នឹងទទួលបានក្រោយពីការដាក់ពង្រាយប្រព័ន្ធ ខែលការពារគ្រាប់ មីស៊ីលរបស់សហរដ្ឋ អាមេរិកខាងលើនោះនឹងជួយឲ្យទំនាក់ទំនង រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនមានភាពកាន់តែជិតស្និទ្ធបន្ថែមទៀត លើវិស័យការពារជាតិ ក្នុងនោះដែរអាចជួយឲ្យក្រុងសេអ៊ូល កាន់តែមានភាពកក់ក្ដៅ ឡើងពីការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលពីប្រទេសកូរ៉េខាងជើង ហើយកូរ៉េខាងត្បូងក៏ប្រហែលកំពុងតែរំពឹង ពីផលប្រយោជន៍ផ្នែក សេដ្ឋកិច្ចពីអាមេរិកផងដែរ ដែលត្រូវបានគេរំពឹងថាអាមេរិក នឹងបន្ថែមការវិនិយោគ មកកាន់ប្រទេសមួយនេះពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាអតីតអ្នក ជំនួញដ៏ជោគជ័យម្នាក់ ។
ជាមួយគ្នានេះដែរ ប្រទេសកូរ៉េខាងត្បូង ក៏នឹងទទួលបាននូវគុណវិបត្តិផងដែរពីការ ដាក់ពង្រាយប្រព័ន្ធ ខែលការពារមីស៊ីលខាងលើនេះដោយខ្លួនត្រូវប្រឈមមុខ នឹងការរឹតបន្ដឹងផ្នែកសេដ្ឋកិច្ចជាបន្ដទៅទៀតពីប្រទេសចិន ដោយសារទក្រុងប៉េកាំង ពីជំទាស់ពីការដាក់ពង្រាយប្រព័ន្ធខែលការពារ ដោយធ្លាប់បានរិះគន់ថា នោះជាប្រព័ន្ធរាដាដែលមានឥទ្ធិពលខ្ពស់ អាចប៉ះពាល់ដល់យុទ្ធសាស្រ្ដ សន្ដិសុខរបស់ប្រទេសចិនតួយ៉ាងក្នុងពេលថ្មីៗនេះ ប្រទេសចិន បានបិទការចាក់ផ្សាយខ្សែភាពយន្ដដ៏មានប្រជាប្រិយភាពរបស់ កូរ៉េខាងត្បូង លើសពីនេះប្រទេសកូរ៉េខាងត្បូងក៏គ្មានឱកាសបានជួបជុំ គ្រួសារកូរ៉េដែលបែកបាក់គ្នាជាយូរមកហើយនោះ ហើយក៏ត្រូវ វេទនាភ្នែកក្នុងការឈរមើលប្រទេសកម្មុនីស្ដកូរ៉េខាងជើង បន្ដការធ្វើតេស្ដបច្ចេកវិទ្យានុយក្លេអ៊ែរនិងមីស៊ីល ៕ ម៉ែវ សាធី