ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកតាមដាននៅតំបន់វិវាទ

ចែករំលែក៖

សារព័ត៌មាន The Express Tribune កាលពីថ្ងៃទី៩ ខែមីនា បានផ្សាយថា ឥណ្ឌាបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក ផលិតដោយអាមេរិក នៅតាមបណ្តោយព្រំដែន LoC ក្នុងតំបន់ កាស្មៀរ ដែលមានវិវាទ ។ នេះជាសកម្មភាពថ្មីមួយដែលធ្វើឲ្យក្រុមអ្នកឯកទេសបញ្ជាក់ថា នឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងជាងមុន ក្នុងពេលដែលកំពុងតែតានតឹង ស្រាប់ហើយនោះ ។

បើទោះបីឥណ្ឌាបានរក្សាភាពស្ងៀមស្ងាត់រយៈពេលកន្លងមក ប៉ុន្តែក្រុមចារកម្មប៉ាគីស្ថានបានបញ្ជាក់ថា មានយន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ បានហោះហើរនៅពេលយប់ ក្នុងតំបន់ Poonch និង Rajouri ព្រំដែន LoC គ្រប់គ្រងដោយប្រទេសទាំងពីរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មជ្ឈមណ្ឌុលគ្រប់គ្រង និងទទួលទិន្នន័យពីយន្តហោះខាងលើ ស្ថិតនៅតំបន់ Srinagar ក្នុងការតាមដានរាល់សកម្មភាពប្រែប្រួលរបស់កម្លាំងទាហានប៉ាគីស្ថាននៅក្នុងតំបន់ព្រំដែននោះ។

សកម្មភាពខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំង ពីអ្នកអង្កេតការដោយសារតែសកម្មភាពនោះធ្វើឲ្យ ឥណ្ឌា និងប៉ាគីស្ថានកាន់តែតានតឹងជាងមុន ហើយធ្វើឲ្យទំនាក់ទំនងការបរទេសរវាងរដ្ឋាភិបាលទីក្រុងអិស្លាមម៉ាបាដ នឹងទីក្រុងញូវដេលី កាន់តែប្រឈមមុខដាក់គ្នា ។

មួយវិញទៀត ទំនាក់ទំនងរវាងប៉ាគីស្ថាន នឹងអាមេរិក ក៏ប្រឈមមុខតានតឹងដាក់គ្នាផងដែរ នៅពេលដែល អាមេរិកបដិសេធលក់យន្តហោះគ្មានមនុស្សបើកខាងលើទៅឲ្យប៉ាគីស្ថាន បែរជាលក់ទៅឲ្យឥណ្ឌា យាមល្បាត់នៅជាប់ព្រំដែនប៉ាគីស្ថានទៅវិញ ៕ ម៉ែវ សាធី

MAYBAYKNL


ចែករំលែក៖