ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូបុកមន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុក បុរសម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដែលកំពុងអង្គុយលើម៉ូតូនៅក្បែរចិញ្ចើមផ្លូវរងចាំឆ្លងផ្លូវទៅសម្រួលចរាចរណ៍នៅលើផ្លូវជាតិលេខ៥១ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល បណ្តាលឲ្យជាមន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯយុវជនបង្កហេតុរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ សល់ សុខនាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ឋានន្តរស័ក្តិថ្នាក់ ព្រិន្ទបាលទោ មានទីលំនៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GC-9804 ។ ចំណែកឯយុវជនដែលបើកម៉ូតូបុកមន្ត្រីនគរបាលនោះឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ (រងរបួសធ្ងន់) មានទីលំនៅភូមិ ត្រពាំងដំរី ឃុំ សែនដី ស្រុកសំរោងទង ខេត្តកំពងស្ពឺ ជិះម៉ូតូម៉ាកហុងដាហ្សូម័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FX-1348 ។

លោកអធិការបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះជាមន្ត្រីនគរបាលចរាចរណ៍រូបនេះ និងលោកនាយផ្នែកចរាចរណ៍ បានជិះម៉ូតូម្នាក់មួយទៅចំណុចកើតហេតុ ដើម្បីធ្វើការវាស់វែងចំណុចកើតហេតុកាលពីយប់មិញ ។ បន្ទាប់ពីធ្វើការវាស់វែងរួច ជនរងគ្រោះបានឡើងជិះម៉ូតូនៅក្បែរចិញ្ចើមផ្លូវ បម្រុងឆ្លងផ្លូវជាតិលេខ៤ ក្នុងគោលបំណងឆ្ពោះទៅរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅលើផ្លូវជាតិលេខ៥១ គ្រាក៏ស្រាប់តែយុវជនខាងលើនេះជិះម៉ូតូមកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសងខាង តែជាអកុសលជនរងគ្រោះជាមន្ត្រីនគរបាលបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯយុវជនដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។

ដោយឡែកសាកសពជនរងគ្រោះជាមន្ត្រីនគរបាល ត្រូវបានលោកវរសេនីយ៍ឯក មាន សំណាង និងមិត្តរួមការងារ ព្រមទាំងក្រុមគ្រួសារ នាំយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅឋានជនរងគ្រោះ ស្ថិតក្នុងភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលរួចមក លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានចូលបុណ្យតាមរយៈលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលចំនួន១លានរៀលចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ៕ស្អាងជ័យ

ae (3) ae ae (1) ae (2)


ចែករំលែក៖