ព័ត៌មានទាន់ហេតុការណ៍៖

មេប៉ុស្តិ៍នគរបាលវរការពារព្រំដែនលេខ៦២១ ឡេង សោភ័ណ្ឌ ជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្លាញឈើនៅតំបន់អូរហ៊ុច

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ពាក់ព័ន្ធទៅនឹងការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកអារផ្តួលរលំឈើ និងដឹកជញ្ជូនចេញពីតំបន់អូរហ៊ុចទៅវៀតណាម គឺជារឿងបទល្មើសឧក្រិដ្ឋ ដែលយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល ពិសេសគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិបាននិងកំពុងមានចំណាត់ការយ៉ាងក្តៅគគុកតាមនីតិវិធី ដើម្បីរកឲ្យឃើញជនពាក់ព័ន្ធនឹងបទល្មើសបំផ្លាញព្រៃឈើនៅចំណុចតំបន់អូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទង់ ស្រុកកែវសីមា ព្រំប្រទល់ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

គួររំលឹកថា នាព្រលឹមស្រាងៗ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានបើកប្រតិបត្តិការលក្ខណៈទ្រង់ទ្រាយធំ ចុះបង្ក្រាបបទល្មើសការផ្តួលរលំ និងដឹកជញ្ជូនឈើហ៊ុបដោយខុសច្បាប់ ដោយជនជាតិវៀតណាមនៅតំបន់អូរហ៊ុច ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុក ព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើស ជាមួយនឹងការបញ្ជាដោយនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ និងលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ក្នុងប្រតិបត្តិការនេះ យ៉ាងតិចមានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថជិត២០០នាក់ ជាមួយឧទ្ធម្ភាគចក្រ៣គ្រឿងហោះតាមដានប្រមាញ់ពីលើអាកាស ។ ជាក់ស្តែង សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយនឹងរថយន្តបាកុងដឹកឈើហ៊ុបចំនួន៨គ្រឿង ឈើហ៊ុបជាង១០០កំណាត់ និងប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ ប៉ុន្តែត្រូវបានប្រគល់ទៅឲ្យអាជ្ញាធរឃុំស្រែខ្ទង់ ស្រុកកែវសីមា និងជំនាញដើម្បីធានា ធ្វើការអប់រំឲ្យពួកគាត់បានត្រឡប់ទៅផ្ទះវិញ ។

ប្រភពពីវៀតណាម និងចេញពីសមត្ថកិច្ចខ្លះអាចយកជាការបាន បង្ហើបថា លោក ឡេង សោភ័ណ្ឌ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៦២១ មិនត្រឹមតែរួមគំនិតជាមួយមេប៉ុស្តិ៍អូរហ៊ុច និងអូរជុំប៉ុណ្ណោះទេ ក្នុងការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកអារផ្តួលរលំឈើក្នុងទឹកដីខ្មែរ តំបន់អូរហ៊ុច និងឲ្យឡានបាកុង ត្រាក់ទ័រប្រមាណជាង៤០គ្រឿងចូលមកប្រមូលដឹកជញ្ជូនឈើហ៊ុបយកទៅប្រទេសវៀតណាមប៉ុណ្ណោះទេ បុគ្គលរូបនេះ ថែមទាំងមានរថយន្តបាកុងសម្រាប់ដឹកឈើចំនួន៣គ្រឿង ក្នុងសកម្មភាពបំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច ដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង ។ ក្នុងនោះ គេថែមទាំងបញ្ជាក់យ៉ាងលម្អិតថា ឡេង សោភ័ណ្ឌ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៦២១ ឆ្នាំមុន គាត់បានប្រព្រឹត្តអំពើបែបនេះទទួលជោគជ័យ និងសល់លុយដល់ថ្នាក់លានដុល្លារ ។ ដោយឡែកឆ្នាំនេះ គាត់យល់ឃើញថា ការប្រព្រឹត្តអាចនឹងទទួលលាភសក្ការដោយអំពើឧក្រិដ្ឋខាងលើនេះ ទើបបញ្ជាឲ្យលោក សា ផល្លា នាយរងប៉ុស្តិ៍អូរជុំ ដែលជាកូនចៅ ជំនិតរបស់ខ្លួនទៅជួលឡានបាកុងចំនួន៣គ្រឿងពីជនជាតិវៀតណាមឈ្មោះ ទៀន ដើម្បីចូលរួមយកកម្មករវៀតណាម ចូលអាររលំឈើហ៊ុប ដឹកជញ្ជូនទៅវៀតណាមនោះទៀតផង ។ មិនតែប៉ុណ្ណោះ រថយន្ត៣គ្រឿងរបស់ លោកឡេង សោភ័ណ្ឌ ក៏ត្រូវបានសមត្ថកិច្ចឃាត់ចាប់ក្នុងបទល្មើសជាក់ស្តែង ។

ការបំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុចអាចកើតឡើងដោយការចាត់តាំងពីឈ្មួញវៀតណាម បន្ទាប់ពីមានភ្លើងខៀវដោយអាជ្ញាធរ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចជាច្រើនស្ថាប័នទៀតនៅខេត្តមណ្ឌលគិរី ។ ពីព្រោះការផ្តួលរលំឈើ និងការដឹកជញ្ជូនឈើហ៊ុបឆ្លងទៅវៀតណាមតាមច្រកអូរហ៊ុចនេះ មិនត្រឹមតែមានកម្លាំងសមត្ថកិច្ចយោធា និងនគរបាលចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្ត និងស្នងការដ្ឋាននគរបាលខេត្តនោះទេ សូម្បីតែស្នាក់ការគណៈកម្មការចម្រុះរបស់ខេត្ត ក៏មានចេតនាឃុបឃិតរួមគំនិតនៃបទឧក្រិដ្ឋនេះ ខណៈមានការអនុញ្ញាតឲ្យឈូសផ្លូវចេញចំពីក្រោយស្នាក់ការគណៈកម្មការចម្រុះខេត្តនេះតែម្តង ដែលមានចម្ងាយដីយ៉ាងតិចជាង១០គីឡូម៉ែត្រ ដើម្បីជាមធ្យោបាយសម្រួល ចរាចរណ៍ឲ្យជនជាតិវៀតណាមយកត្រាក់ទ័រ ឡានបាកុង គោយន្តកែច្នៃ ចូលមកដឹកឈើយ៉ាងងាយស្រួលបំផុត ។ ក្នុងរឿងនេះផងដែរ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិតជាបានទទួលស្គាល់ថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុចមានទ្រង់ទ្រាយធំ ហើយមន្ត្រីរបស់លោក ក៏ទទួលខុសត្រូវក្នុងអំពើនេះ និងថែមទាំងថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ លោកនឹងសម្រួលការងារ មន្ត្រីទាំងអស់នៅខេត្តមណ្ឌលគិរីក្នុងបទល្មើសនេះ ។

មនុស្សជាច្រើនមានអាជ្ញាធរ សមត្ថកិច្ចជំនាញ យោធា និងនគរបាលជាច្រើននាក់បានពាក់ព័ន្ធក្នុងរឿងនេះ ដែលត្រូវកោះហៅមកសាកសួរ ដោយគណៈកម្មការជាតិដើម្បីឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ ប៉ុន្តែរឿងនេះ គេពុំទាន់ទម្លាយថា ជនណាខ្លះ ដែលជាប់ពាក់ព័ន្ធ ពីព្រោះពាក់ព័ន្ធទៅនឹងដំណើរការនីតិវិធី ។ ដោយឡែកលោក ឡេង សោភ័ណ្ឌ ត្រូវបានគេទម្លាយថា គាត់បានចំណាយប្រាក់រាប់សិបម៉ឺនដុល្លារ ដើម្បីរួចផុតពីការចោទប្រកាន់ ឬពិរុទ្ធក្នុងបទល្មើសអនុញ្ញាតឲ្យវៀតណាមចូលមកអារផ្តួលរលំឈើក្នុងទឹកដីខ្មែរ និងប្រមូលដឹកជញ្ជូនទៅវៀតណាមតាមច្រកអូរហ៊ុចនេះ ។ បើទោះជាអំពើឃុបឃិតនេះត្រូវបានខ្វៀលឈ្មោះលោក ឡេង សោភ័ណ្ឌ មេបញ្ជាការនគរបាលវរការពារព្រំដែនដែនលេខ៦២១ឲ្យផុតពីរង្វង់ការទទួលខុសត្រូវក៏ដោយ ប៉ុន្តែគណៈកម្មាធិការជាតិបាននិងកំពុងអនុវត្តនីតិវិធី ស្វែងរកការពិតក្នុងរឿងនេះឲ្យឃើញ ព្រោះមិនមែនជារឿងតូចតាច ហើយគ្មានអ្នកទទួលខុសត្រូវនោះឡើយ ៕ សុខ ខេមរា

ae (3) ae ae (1) ae (2)

ae (11) ae ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9) ae (10)

de


ចែករំលែក៖