នៅថ្ងៃទី២៧ ខែមីនា ក្រុម រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើតុលាការចេញច្បាប់ចាប់ខ្លួន អតីតប្រធានាធិបតីលោកស្រី ផាក់ គឹនហេ ពាក់ព័ន្ធនឹងអំពើពុករលួយ។
ក្រុមរដ្ឋអាជ្ញា ប្រទេសនេះបានបញ្ជាក់ថា ការចាប់ខ្លួនលោកស្រី ផាក គឹនហេ គឺស្រប់ទៅនឹងច្បាប់ ។
សារព័ត៌មាន Korea Times បានផ្សាយថា អតីតប្រធានាធិបតីផាក់ គឹនហេ ប្រឈមនឹងការចោទប្រកាន់ជាច្រើន ក្នុងនោះមាន ការទួលប្រាក់សំណូក រំលោភអំណាច ដាក់គំនាប និងធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់របស់ជាតិ ពាក់ព័ន្ធនឹងមិត្តភក្តិជិតស្និទ្ធបំផុតរបស់លោកស្រី គឺឈ្មោះ Choi Soon Sil ។
ប្រសិនបើតុលាការ សម្រេចចេញដីកាចាប់ខ្លួននោះ លោកស្រី ផាក់ គឹនហេ នឹងក្លាយជាអតីតប្រធានាធិបតី ទី៣នៅក្នុងប្រទេសនេះដែលត្រូវតុលាការចាប់ខ្លួន ជាប់ពាក់ព័ន្ធ នឹងបទព្រហ្មទណ្ឌ បន្ទាប់ពីអតីតប្រធានាធិបតី Roh Tae Woo និង Chun Doo Hwan ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយខាងលើ ដែលលោកស្រី ផាក គឹនហេ ត្រូវបានក្រុម សមាជិកសភាចោទប្រកាន់ ប្រឆាំងនឹងលោកស្រីកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ និងត្រូវបានតុលាការធម្មនុញ្ញ សម្រេចផ្អាកតំណែងរបស់លោកស្រីរយៈពេល ៦ខែ និងក្រោយមកលោកស្រី ត្រូវបានតុលាការសម្រេច គាំទ្របទចោទប្រកាន់ និងបណ្ដេញចេញពីតំណែងកាលពីដើមខែមីនា កន្លងទៅនេះ។
នៅពេលនេះដែរ កូរ៉េខាងជើងបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៩ ខែឧសភា ខាងមុខ ។ ក៏ប៉ុន្តែការបោះឆ្នោត ជាផ្លូវការនឹងត្រូវគណកម្មាធិការរៀបចំការបោះឆ្នោត ជាតិ ប្រកាសនៅពេលដ៏ខ្លីខាងមុខ បន្ទាប់ពីជួបប្រជុំ គណកម្មធិការរៀបចំការបោះឆ្នោត រួចរាល់ ។ តាមច្បាប់កូរ៉េខាងត្បូងការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ ក្រោយតុលាការរដ្ឋធម្មនុញ្ញប្រទេសនេះ បានសម្រេចដកដំណែងប្រធានាធិបតី ផាក់ គឹនហេ នៅថ្ងៃទី១០ ខែមីនា កន្លងមក។
ស្ថានភាពនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែអាក្រក់ទៅ ដោយសារវិបត្តិនៅក្នុងប្រទេស និងការសងសឹកទណ្ឌកម្មពីប្រទេសចិន ដោយសារ តែប្រទេសនេះបានសម្រេចឲ្យអាមេរិកដាក់មីស៊ីលវាយស្ទាក់ នៅក្នុងទីក្រុងសេអ៊ូល ៕ ម៉ែវ សាធី