ចាប់តាំងពីសង្គ្រាមលោកលើកទី២មក គឺក្រោយពេលដែលជប៉ុនរងការទម្លាក់គ្រាប់ បែកបរមាណូពីរលើកពីអាមេរិក កម្លាំង ទាហានប្រទេសនេះដែលធ្លាប់តែខ្លាំងក្លាជាងប្រទេសនានាទាំងអស់នៅក្នុងតំបន់ត្រូវបាត់បង់ឥទ្ធិពល ហើយស្ថិតនៅក្រោមការការពារពីអាមេរិក។ តាំងពីពេលនោះ មកជប៉ុនមានតែកម្លាំងការពារប៉ុណ្ណោះ ដោយមិនមានកម្លាំងទាហានសម្រាប់វាយលុកធ្វើសង្គ្រាម ឬផលិតអាវុធដូចកាលពី មុនឡើយ។
ចាប់តាំងពីអាមេរិកបើកភ្លើងខៀវអនុញ្ញាតនោះកម្លាំងទាហានជប៉ុនបានអភិវឌ្ឍខ្លួនយ៉ាងឆាប់បំផុតនឹកស្មានមិនដល់ ដោយសារតែប្រទេសនេះមានសម្ភារបច្ចេក វិទ្យា និងហិរញ្ញវត្ថុគ្រប់គ្រាន់ជួយឲ្យទាហាន ជប៉ុនកែប្រែខ្លួនបានយ៉ាងឆាប់បំផុត។
បន្ទាប់ពីសភាជប៉ុនអនុម័តកែប្រែរដ្ឋ ធម្មនុញ្ញផ្តល់អាទិភាពលើផ្នែកយោធា ក្រោយពេលមានការគំរាមកំហែងពី ប្រទេសចិនជុំវិញប្រជុំកោះដែលមានវិវាទ ជប៉ុនបានផលិតអាវុធជាច្រើនសម្រាប់ ដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព និង លក់ចេញទៅក្រៅប្រទេសទៀតផង។ នៅ ពេលនេះកម្លាំងទាហានជប៉ុនមិនស្ថិតនៅត្រឹមតែការពារទៀតឡើយគឺអាចវាយលុកទៅលើទីតាំងរបស់សត្រូវបានគ្រប់ពេល។ ក្នុងនោះមានប្រទេសចិន និងកូរ៉េខាងជើងដែលកំពុងតែមានវិវាទជាមួយប្រទេស ជប៉ុន។
កន្លងមកថ្មីៗគណបក្សប្រជាធិបតេយ្យសេរីដែលជាបក្សកាន់អំណាចនៅជប៉ុន មិនមានបំណងចង់ឲ្យតូក្យូដកខ្លួនចេញដោយភាពភ័យខ្លាចចំពោះការដោះស្រាយជាមួយនឹងការបង្កហេតុដោយប្រើមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។
គណបក្សរបស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានក្យូដូ នៅថ្ងៃពុធ នេះ ទើបបានសម្រេចស្នើគោលនយោ បាយថ្មីជាផ្លូវការដែលអាចធានាឲ្យបាននូវសមត្ថភាពយោធាក្នុងការវាយប្រហារមូលដ្ឋានសត្រូវ។
គណបក្សកាន់អំណាចជប៉ុនបាន និយាយថា ការគំរាមកំហែងរបស់កូរ៉េខាង ជើងទើបបានចូលដល់ដំណាក់កាលថ្មី មួយ ហើយជប៉ុនគួរតែមានសមត្ថភាព ប្រឈមមុខនឹងមូលដ្ឋានរបស់សត្រូវ ហើយការត្រួតពិនិត្យលើបញ្ហាគួរតែចាប់ផ្ដើមឲ្យបានរហ័ស ព្រោះរហូតមកដល់ ពេលនេះកងកម្លាំងការពារជប៉ុនគ្មានសមត្ថ ភាពវាយប្រហារទប់នឹងមីស៊ីលកូរ៉េខាង ជើងនោះទេ។
យោងតាមប្រភពពត៌មាន UPI បានឲ្យ ដឹងថា គណបក្សកាន់អំណាចចង់ឲ្យដាក់ប្រើប្រព័ន្ធការពារបន្ថែម ព្រោះបណ្ដាញនៃប្រព័ន្ធការពារមីស៊ីលបច្ចុប្បន្ននេះប្រហែលជាមិនល្មមគ្រប់គ្រាន់ សម្រាប់រារាំងមីស៊ីលចំនួនច្រើនដែលបាញ់ចេញផ្ទួនៗគ្នានោះទេក្រោយសន្ធិសញ្ញាសន្តិសុខការឆ្លើយ តបទៅវិញចំពោះការប្រហារណាមួយមកលើជប៉ុន គឺសហរដ្ឋអាមេរិកជាអ្នកទទួល ខុសត្រូវ ប៉ុន្តែការដែលជប៉ុនមានសមត្ថភាពយោធាដើម្បីសងសឹកត្រឡប់វិញគឺអាចជាឥទ្ធិពលអវិជ្ជមានចំពោះសម្ពន្ធភាពសហ រដ្ឋអាមរិក និងជប៉ុន។ នេះបើតាមសេចក្តី រាយការណ៍របស់កាសែតជប៉ុន Nihon Keizai។
កន្លងមកជប៉ុនក៏បានបញ្ជូននាវាពិឃាត ទ្រង់ទ្រាយធំបំផុតរបស់ខ្លួនមកកាន់ដែនសមុទ្រចិនភាគខាងត្បូងដែលជាសញ្ញា មួយបង្ហាញឲ្យឃើញថា ជប៉ុនមិនអាចនៅស្ងៀមដូចកាលពីមុនទៀតឡើយ៕ ម៉ែវ សាធី