ព័ត៌មានទាន់ហេតុការណ៍៖

កុមារទ្វីបអាហ្វ្រិក២២លាននាក់នឹងស្លាប់ដោយអត់ឃ្លានប្រសិនបើមិនទទួលបានការផ្តល់ជំនួយ

ចែករំលែក៖

អង្គការមូលនិធិកុមារអន្តរជាតិ UNICEF បានព្រមានថា កុមាររាប់លាននាក់នឹងត្រូវ ស្លាប់ដោយសារតែវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានជាច្រើន ទសវត្សកន្លងមក។ អង្គការ UNICEF បានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ដោយអំពាវនាវឲ្យបង្កើនមូលនិធិបន្ទាន់ ដែលមានទឹកប្រាក់២៥៥លានដុល្លារដើម្បី បំពេញតាមតម្រូវការចំពោះមុខជួយដល់ កុមារនៅក្នុងប្រទេសនីហ្ស៊េរីយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង និងយេរមែន។

អង្គការ UNICEF បានប្រកាសថា ពេលវេលាមិនមានច្រើនទៀតឡើយនៅ ពេលដែលការគំរាមកំហែងពីគ្រោះអត់ ឃ្លានកាន់តែច្រើនឡើងបណ្តាលមកពីគ្រោះរាំងស្ងួត និងសង្គ្រាមស៊ីវិល។ តាម របាយការណ៍របស់អង្គការខាងលើនៅក្នុងប្រទេស៤ ដែលបានរៀបរាប់មានកុមារ ដល់ទៅ២២លាននាក់កំពុងត្រូវការអាហារ បរិភោគជាបន្ទាន់។ កុមារទាំងនោះប្រឈម នឹងការឈឺថ្កាត់គ្មានផ្ទះសម្បែង និងមិន បានទៅសាលាឡើយ។ នៅក្នុងឆ្នាំនេះ មានកុមារប្រមាណជាង ១,៤លាននាក់ នឹងត្រូវស្លាប់បើជំនួយទៅមិនទាន់ពេលទេនោះ។

លោក Manuel Fontaine អគ្គនាយក នៃកម្មវិធីបន្ទាន់របស់ UNICEFបានបញ្ជាក់ ថា យើងធ្លាប់មានមេរៀននៅស៊ូម៉ាលីកាលពីឆ្នាំ២០១១ ដោយពេលនោះមានគ្រោះ អត់ឃ្លានបណ្តាលឲ្យកុមារជាច្រើនពាន់ នាក់ស្លាប់ ។

បច្ចុប្បន្ន UNICEF អំពាវនាវឲ្យផ្តល់ ជំនួយជាទឹកប្រាក់២៥៥លានដុល្លារ ដើម្បី ទិញស្បៀងអាហារថ្នាំសង្កូវ និងទឹកផឹក ជួយដល់កុមារ២២លាននាក់ជាបន្ទាន់។ សំណើខាងលើ គឺស្ថិតនៅក្នុងចំណោមទឹកប្រាក់៧១២លានដុល្លារ ដែលអង្គការនេះបានដាក់ចេញសម្រាប់ជួយដល់ប្រទេសទាំង៤ខាងលើនៅក្នុងឆ្នាំ២០១៧ គឺកើន ឡើង៥០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ តាមរបាយការណ៍ របស់អង្គការអន្តរជាតិខាងលើបានបញ្ជាក់ថា រៀងរាល់ឆ្នាំមានក្មេងៗអាយុក្រោម៥ឆ្នាំជិត៦លាននាក់បានស្លាប់ ក្នុងនោះជាង ៦០ភាគរយ ជាកុមារនៅតាមប្រទេសអាហ្វ្រិក និងអាស៊ីចំនួន១០។ នេះបើយោងតាមការសិក្សាមួយចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជ សាស្ត្រអង់គ្លេស The Lancet កាលពីថ្ងៃ សុក្រកន្លងទៅ។ ទោះជាការស្រាវជ្រាវរកមធ្យោបាយកម្ចាត់ជំងឺឆ្លងផ្សេងៗមានភាពរីកចម្រើន តែក៏នៅមិនអាចកាត់បន្ថយ អត្រាមរណភាពកុមារនៅតាមប្រទេស មួយចំនួនដែរ។

ការរីកចម្រើនផ្នែកវេជ្ជសាស្ត្រក្នុងការ កម្ចាត់ជំងឺឆ្លងមិនដូចគ្នាមិនសមភាពគ្នាទេនៅតាមបណ្តាប្រទេសទូទាំងពិភពលោក។ ក្នុងចំណោមក្មេងជិត៦លាននាក់ អាយុ ក្រោម៥ឆ្នាំ មានក្មេង៣លាន៥សែននាក់ ត្រូវនឹង៦០,៤ភាគរយ នៅតាមប្រទេស អាហ្វ្រិក និងអាស៊ីចំនួន១០បានស្លាប់ជារៀងរាល់ឆ្នាំ។

សម្រាប់ឆ្នាំ២០៣០ អង្គការសហប្រជាជាតិមានទិសដៅឲ្យអត្រាមរណភាពកុមារអាចធ្លាក់មកនៅត្រឹមក្រោម២៥នាក់ ក្នុង ចំណោមកុមារ ១.០០០នាក់។ ឆ្នាំ២០១៥ ប្រទេសចំនួន១១៤បានសម្រេចទិសដៅនេះរួចហើយ។ ប៉ុន្តែប្រទេសអាហ្វ្រិកចំនួន ១០ នៅតែមានកុមារស្លាប់ ក្នុងអត្រាខ្ពស់គឺ ៩០នាក់ ក្នុងចំណោម១.០០០នាក់។

ប្រទេសទាំងនោះ មានដូចជាអង់ហ្គូឡា ឆាដ ឬក៏សូម៉ាលី។ ទាក់ទងអត្រាក្មេងស្លាប់ ក្រោមអាយុ៥ឆ្នាំ គិតសម្រាប់ឆ្នាំ២០១៥ ឥណ្ឌាជាប្រទេសមុខគេ នាំមុខនីហ្សេរីយ៉ា ប៉ាគីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ។ ចិនស្ថិតក្នុងលំដាប់ទី៦។

មូលហេតុមរណភាពកុមារមានទាក់ ទងចម្បងនឹងបញ្ហាទារកកើតមិនគ្រប់ខែ។ បញ្ហានេះបានសម្លាប់ទារកជាង១លាន នាក់។ បន្ទាប់មកទៀត គឺជំងឺរលាកសួត ដែលសម្លាប់កុមារជាង៩សែននាក់។ បញ្ហាទាក់ទងនឹងការប្រសូតទារកវិញបានសម្លាប់ទារកជិត៧សែននាក់។ ជំងឺរលាកសួតជាមូលហេតុចម្បងនៅប្រទេសអាហ្វ្រិក ភាគខាងត្បូងតំបន់សាហារ៉ា។ ចំណែកនៅអាស៊ីខាងត្បូងដូចជាបង់ក្លាដែស ឥណ្ឌូ ណេស៊ី ប៉ាគីស្ថាន ឬក៏ឥណ្ឌាវិញ បញ្ហាទារកកើតមកមិនគ្រប់ខែជាមូលហេតុចម្បងនៃមរណភាពកុមារ។

ដោយឡែកភាពរីកចម្រើនផ្នែកវេជ្ជ សាស្ត្រកម្ចាត់ជំងឺដូចជា រលាកសួត គ្រុន ចាញ់ រាករូស ឬកញ្ជ្រឹល បានជួយបន្ថយ អត្រាមរណភាពកុមារបាន៤លាននាក់ ក្នុងឆ្នាំ២០១៥កន្លងទៅ៕ ម៉ែវ សាធី

1266810638q82gvqs Heidi_Baker2


ចែករំលែក៖