ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករឆ្នើមទូកក្តោងកម្ពុជាកំពុងហ្វឹកហាត់នៅខេត្តគាន់តុង ប្រទេសចិន

ចែករំលែក៖

ប្រទេសចិន ៖ កីឡាករឆ្នើមរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា២នាក់គឺកីឡាករ ហៀង ស៊ុនហេង និងកីឡាករ សូត្រ មេសា ព្រមទាំងនាវឹកប្រចាំការនៅមូលដ្ឋានទ័ពជើងទឹករាម ខេត្តព្រះសីហនុបាននិងកំពុងហ្វឹកហាត់ជំនាញជិះទូកក្តោងជាមួយគ្រូ ជំនាញលំដាប់ពិភពលោកគឺលោក លីន សៀង អតីតគ្រូបង្វឹកជម្រើសជាតិចិន ។

លោក ថោង រដ្ឋស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានឲ្យដឹងថា លោកគ្រូ លីន សៀង ធ្លាប់មានស្នាដៃបង្ហាត់ កីឡាការិនីជម្រើសជាតិចិនឲ្យដណ្តើមយក មេដាយមាសអូឡាំពិក Beijing 2008 ផ្នែក RSX និងមេដាយប្រាក់ Brazil Rio Olympic នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកាលពីឆ្នាំ២០១៦កន្លងទៅ និងឈ្នះមេដាយ មាសកីឡាស៊ីហ្គេមលើកទី២៨នៅប្រទេសសិង្ហបុរី ។

លោក ថោង រដ្ឋស័ក្តិ បានបន្តថា កន្លងទៅកីឡាករកីឡាការិនីរបស់ប្រទេសសិង្ហបុរីក៏ធ្លាប់ទៅហ្វឹកហាត់នៅខេត្តគាន់តុង ប្រទេសចិនដែរ ពោលគឺមុនព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី២៨ដែលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៥រយៈពេល៩ខែ ជាលទ្ធផលជម្រើសជាតិទូកក្ដោងសិង្ហបុរី ដណ្តើមបានមេដាយមាស និងប្រាក់មួយ ចំនួនធំ។ សហព័ន្វកីឡាទូកក្តោងសិង្ហបុរី បាននិងកំពុងសុំការគាំទ្រពីថ្នាក់ដឹកនាំខេត្តគាន់តុង ប្រទេសចិនដើម្បីបណ្តុះបណ្តាល ធនធានមនុស្សជំនាញផ្នែកជិះទូកក្តោង ប្រកដដោយភាពប៉ិនប្រសប់ទាំងបច្ចេក ទេស សមត្ថភាព និងមានបំណងបង្កើត មជ្ឈមណ្ឌលហ្វឹកហាត់កីឡាទូកក្តោងដ៏ធំមួយនៅអាស៊ីអាគ្នេយ៍នេះ (ASEAN)។

លោកថោង រដ្ឋស័ក្តិ បញ្ជាក់ថា បច្ចុប្បន្ន យុវជនរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ទាំង២នាក់បាននិងកំពុងហ្វឹកហាត់ជាមួយគ្រូជំនាញនៅខេត្តគាន់ តុងប្រទេសចិន។ ក្រៅពីការហ្វឹកហាត់ជាមួយកីឡាករល្បីៗមកពីបណ្តាប្រទេសផ្សេងៗទៀតនៅខេត្ត គាន់តុងនោះក៏មានវត្តមានកីឡាការិនីឆ្នើមរបស់ចិនឈ្មោះ កញ្ញា ឈិន ផេនណា ដែលជាម្ចាស់មេដាយប្រាក់នៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលមកហ្វឹកហាត់សម្រាប់ត្រៀមលក្ខណៈក្នុងនាមកញ្ញាជាកីឡាការិនី តំណាងក្រុមខេត្តគាន់តុង ប្រទេសចិនផង ដែរ។

តាមរយៈសកម្មភាពខាងលើនេះបាន ឆ្លុះបញ្ចាំងឲ្យឃើញថា សហព័ន្វកីឡាទូក ក្តោងកម្ពុជាពិតជាបានខិតខំជំរុញឲ្យមានកីឡាករឆ្នើមរបស់ខ្លួនដែលកំពុងទទួល បានការហ្វឹកហាត់បំប៉នបច្ចេកទេសនិងស្មារតីជាពិសេសទទួលបទពិសោធន៍ទាំងក្នុងតំបន់និងអន្តរជាតិដើម្បីឈានទៅ ដណ្តើមកិត្តិយសមកជូនជាតិមាតុភូមិរបស់ ខ្លួននៅថ្ងៃអនាគត ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាក្ដោងកម្ពុជា ទើបនឹងបង្កើតឡើងបានរយៈពេលជាងមួយ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធមួយនេះបានខិតខំពង្រឹងសមត្ថភាពកីឡាករ ឆ្នើមរបស់ខ្លួនធ្វើយ៉ាងណាឲ្យស្ថិតក្នុងកម្រិត ស្តង់ដារសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិអន្តជាតិ និងកំពុងត្រៀមចូលជាសមាជិកទូកក្តោងពិភពលោក (World Sailing) នាពេលឆាប់ៗខាងមុខនេះផងដែរ ។

ជាមួយគ្នានោះដែរលោក ថោង រដ្ឋសក្តិ បានដឹកនាំក្រុមការងារទៅចូលរួមមហា សន្និបាតទូកក្តោងពិភពលោក (World Sailing) នៅទីក្រុងបាសេឡូណា ប្រទេស អេស្ប៉ាញជាលទ្ធផលយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹង។ កីឡាករឆ្នើមកម្ពុជា ទាំងពីររូបបានទទួលការស្វាគមយ៉ាងកក់ក្ដៅពីសំណាក់លោក លីន សៀង អតីតគ្រូ បង្វឹកជម្រើសជាតិចិនបច្ចុប្បន្នជាអ្នកបង្ហាត់ បង្រៀនផ្ទាល់ដល់កីឡាករឆ្នើមរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជាផងដែរ ៕ សារីម

sarim2


ចែករំលែក៖