ជនដៃដល់ដែលវាយប្រហារសម្លាប់មនុស្ស១១នាក់នៅស្ថានីយរថភ្លើង ក្នុងទីក្រុង St. Peterburgត្រូវបានគេស្គាល់ថា ជាមនុស្សមកពីតំបន់អាស៊ីភាគកណ្តាលមានអាយុប្រមាណ ២០-៣០ឆ្នាំ ។
កាលពីថ្ងៃទី៣ ខែមេសា សារព័ត៌មាន Interfax របស់រុស្ស៊ីបានផ្សាយថា ជនដៃដល់ ត្រូវបានកំណត់អត្តសញ្ញាណ ប៉ុន្តែព័ត៌មាន ស្តីពីជនដៃដល់នៅមិនទាន់មានភាពចុះសម្រុងគ្នាទាំងស្រុងនោះឡើយថា តើជនដៃដល់ខាងលើវាយប្រហារអត្តឃាតដែរ ឬទេ។
សារព័ត៌មាន Interfazx បាន ដកស្រង់ព័ត៌មានពី ក្រុមស្រាវជ្រាវរុស្ស៊ីបានឲ្យដឹងថា យុវជនមានអាយុ២៣ឆ្នាំ មកពីតំបន់អាស៊ីកណ្តាល មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមភេរវកម្ម អិស្លាម IS ។ សារព័ត៌មានខាងលើបានបញ្ជាក់ថាជនដៃដល់ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសាកសព ត្រូវខ្ទិច បែកជាច្រើនបំណែងពិបាកក្នុងការសន្និដ្ឋាន។ ក្នុងពេលនោះដែរ សារព័ត៌មាន រុស្ស៊ីTassបានផ្សាយថា ការវាយប្រហារខាងលើអាចជាស្ត្រី ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានចាត់ទុកការបំផ្ទុះគ្រាប់បែកនោះ ជាការវាយប្រហារភេរវកម្ម ។ គណកម្មាធិការស្រាវជ្រាវ របស់រុស្ស៊ីបានឲ្យដឹងថា ការវាយប្រហារនោះ ជាសកម្មភាពភេរវកម្ម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវក៏បាន ត្រូវពិនិត្យលើបញ្ហាផ្សេងផងដែរ ខ្លាចជាប់ពាក់ព័ន្ធនយោបាយ ។
នៅពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ខ្លួននៅឡើយ ។ ការវាយប្រហារកើតឡើងក្នុងពេលដែលក្រុមភេរវកម្ម IS បង្កើនការវាយប្រហារ ទៅលើប្រទេសរុស្ស៊ីដើម្បីសងសឹកទៅនឹង ការវាយប្រហាររបស់រុស្ស៊ីទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរី។
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា មូលហេតុដែលអាចទៅរួច ទាំងអស់នៃការបំផ្ទុះនៅស្ថានីយរថភ្លើងក្រោមដី ក្នុងទីក្រុង St.Petersburg គឺកំពុងស្ថិតក្នុងការសន្និដ្ឋាន ក្នុងនោះ មានទាំងភេរវកម្ម ផងដែរ ។
លោក ពូទីន បន្តថា មូលហេតុដែលនាំឲ្យ មានការបំផ្ទុះនេះគឺមិនទាន់បញ្ជាក់ឲ្យច្បាស់ នៅឡើយទេ ព្រោះវាលឿនខ្លាំងពេក ដើម្បីសន្និដ្ឋាន ។ ការស៊ើបអង្កេតនឹងត្រូវបង្ហាញ ។
សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាម ទីភ្នាក់ងារព័ត៌មាន Interfax and RIA របស់រុស្ស៊ីថា មានហេតុការណ៍ផ្ទុះចំនួនពីរ បានកើតឡើង នៅស្ថានីយរថភ្លើងក្រោមដីរុស្ស៊ី។
ក្រោយការណ៍ផ្ទុះកើតឡើង ស្ថានីយរថភ្លើង ចំនួន៣ផ្សេងទៀត បានបិទដំណើរការជាមួយគ្នានោះដែរ យោងតាមទីភ្នាក់ងារព័ត៌មាន Tassបានផ្សាយថា មនុស្សចំនួន១០នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរបួស។
កាលពីខែមីនា ឆ្នាំ២០១០ ស្ថានីយរថភ្លើងពីរកន្លែងនៅទីក្រុងមូស្កូប្រទេសរុស្ស៊ី បណ្តាលឲ្យមបនុស្សរាប់សិបនាក់ស្លាប់ ។ នៅឆ្នាំ២០០៤ ផ្លូវរថភ្លើងក្រោមដី ក៏រងការវាយប្រហារពីរលើកផងដែរ ។ នៅក្នុងខែមេសា ឆ្នាំ២០០៤ មានការវាយប្រហារ បំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងទីក្រុងមូស្កូ សម្លាប់មនុស្ស៣៩នាក់ ។ នៅខែកញ្ញា ឆ្នាំ២០០៤ ជនវាយប្រហារអត្តឃាតក៏បានបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស៩នាក់ផងដែរ ៕ ម៉ែវ សាធី