កន្លងមកថ្មីៗ ព្យុះ Debbie បានវាយប្រហារ ប្រទេសអូស្ត្រាលី ធ្វើឲ្យ អាជ្ញាធរប្រទេសនេះបញ្ជាឲ្យជម្លៀសពលរដ្ឋ ចេញពីរដ្ឋចំនួន២ដែលអាចរងគ្រោះ ដោយសារទឹកជំនន់ជន់លិចខ្លាំង បង្កឡើងដោយព្យុះស៊ីក្លូន Debbie ។ នៅអូស្ត្រាលី ពលរដ្ឋប្រមាណ១០.០០០នាក់ ត្រូវបានជម្លៀសខ្លួន ចេញពីលំនៅឋាន ស្ថិតនៅភាគខាងជើង New South Wales និង នៅភាគខាងជើង Queensland ។
ព្យុះបានរំកិលខ្លួនឆ្ពោះទៅកាន់សមុទ្រ បន្ទាប់ពីបានវាយប្រហារមកលើដែនដីភាគខាងជើង Queensland ដែលជាព្យុះស្ថិតក្នុងលំដាប់លេខ៤ ក្នុងចំណោមព្យុះស៊ីក្លូន ដែលវាយប្រហារ កាលពីកន្លងមកនេះ ។
នៅពេលនេះ ព្យុះ Debbie បានចូលដល់ប្រទេសណូវែលហ្សេឡង់ បង្កឲ្យមានទឹកជន់លិច និងផ្លូវថ្នល់ជាច្រើន ត្រូវបិទផ្អាកធ្វើចរាចរ ហើយបង្កហូរច្រោះបាក់ដីខ្លាំងក្លា ។ ព្យុះនេះបានវាយប្រហារមកដល់ភាគខ្លះ នៃប្រទេសណូវែលហ្សេឡង់ ដែលកក្រើកឡើងវិញ ក្រោយពីមានគ្រោះរញ្ជួយដី កាលពីខែវិច្ឆិកា ឆ្នាំមុន ។ ការិយាល័យឧតុនិយមបានព្រមានថា មានភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងរយៈពេល២-៣ថ្ងៃ ដោយតំបន់ខ្លះទទួលបានទឹកភ្លៀងធ្លាក់ចុះ នៅក្នុងរយៈពេល២៤ម៉ោងខាងមុខ ។
ការិយាល័យឧតុនិយម បានឲ្យដឹងថា “នេះជាសញ្ញាណមួយ ដែលប្រាប់អំពីភ្លៀងធ្លាក់ ហើយពលរដ្ឋត្រូវបានផ្តល់ដំបូន្មាន ដើម្បីឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែកម្រិតទឹកទន្លេ បានកើនឡើង បង្កជាគ្រោះទឹកជំនន់និងមានការហូរច្រោះបាក់ដី” ។
ព្យុះស៊ីក្លូន Debbie ជាព្យុះមួយ ស្ថិតក្នុងលំដាប់លេខ៤ ដែលមានកម្លាំងខ្យល់ បោកបក់រយៈពេលខ្លី ក្នុងកម្រិតលេខ៥ ហើយបានបោកបក់នៅលើទឹកដីឃ្វីនឡែន ប្រទេសអូស្ត្រាលី កាលពីសប្តាហ៍ មុននឹងបង្កឲ្យមានបញ្ហាជាច្រើន នៅតំបន់រម្មនីយដ្ឋាននានា ធ្វើឲ្យដាច់ចរន្តអគ្គីសនី និងអណ្តូងរ៉ែ ត្រូវបិទផ្អាកដំណើរការមួយរយៈ ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងការ ធ្លាក់ភ្លៀងខ្លាំង បង្កឲ្យមានការបាក់ដី នៅក្នុងប្រទេសកូឡំបី ពេលនេះ មានអ្នកស្លាប់ កើនឡើងដល់ ២៦២នាក់ ក្នុងនោះមានកុមារចំនួន៤៣នាក់ ។ លោក Juan Manuel Santos ប្រធានាធិបតីកូឡុំប៊ី បានគូសបញ្ជាក់កាលពីថ្ងៃចន្ទ ។
លោកប្រធានាធិបតី Santos បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ ក្រោយពីមានកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី ថា “ដូចអ្វីដែលខ្ញុំបាននិយាយ ស្ថានភាពនៅ Mocoa នៅតែអាក្រក់ដដែល ។ ខ្ញុំត្រូវតែជូនដំណឹង ដល់អស់លោកអ្នក ដោយក្តីសោកស្តាយជាទីបំផុតហើយចំនួនអ្នកស្លាប់នៅ តែបន្តកើនឡើងជានិច្ច ។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍មកខ្ញុំថា ចំនួនអ្នកស្លាប់មានរហូតដល់ ២៦២នាក់ហើយ” ។
លោក Santos នឹងត្រឡប់មកពី Mocoa ហើយលោកបានគូសបញ្ជាក់ថា មានពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងស្ថានភាពអាក្រក់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីមន្ទីរពេទ្យរបស់យើង ពួកគេនៅតែបន្តខិតខំ ព្យាបាលដល់ជនរងគ្រោះទាំងនោះដើម្បីឲ្យឆាប់ជាសះស្បើយ និងជួយស្រោចស្រង់អាយុជីវិត តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕ ម៉ែវ សាធី