ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសអេហ្ស៊ីប បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ពេលនេះក្រុមភេរវកម្ម IS បានចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន។
តាមការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលអេហ្ស៊ីបបានឲ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហារស្ថិតនៅភាគខាងជើងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងពេលមានពិធីថ្វាយបង្គំតាមបែបសាសនា កាលពីថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់កើនឡើងដល់៤៧នាក់ និងរបួស២៧នាក់ផ្សេងទៀត ។
សារព័ត៌មាន CNN បានឲ្យដឹងថា ក្រុមឧទ្ទាម IS បានអះអាងពីការទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងវិហារមួយកន្លែងក្នុងប្រទេសអេហ្ស៊ីប ស្របពេលដែលចំនួនអ្នកស្លាប់កើនឡើងដល់៤៧នាក់ នៅព្រឹកថ្ងៃទី១០ ខែមេសា ដោយក្នុងនោះអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ មានចំនួនរហូតដល់ទៅ២៧នាក់ និងធ្វើឲ្យ រដ្ឋាភិបាលអេហ្ស៊ីបប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣ខែថែមទៀតផង ។
យោងតាមសារព័ត៌មាន ABC News ចេញផ្សាយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង Nile Delta ដែលការវាយប្រហារនេះបានកើតឡើងមុនពេលដែលសម្តេច Pope Francis នឹងធ្វើទស្សនកិច្ចនៅអេហ្ស៊ីបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ៕