ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ លោកចៅសង្កាត់ព្រៃស រួមជាមួយព្រះតេជគុណ ព្រះចៅអធិការវត្តឫស្សីសាញ់ ក្រុមការងារចុះជួយសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងលោកមេភូមិ បានចុះចែកអំណោយដល់គ្រួសារទីទល់ក្រ ពិការ និងកើតមេរោគអេដស៍ និងគ្រួសារត្រូវភ្លើងឆេះផ្ទះ កន្លងមក ០១គ្រួសារ សរុបទាំងអស់ ១០១គ្រួសារ ចំនួន ៦ភូមិ ជាបីគោលដៅចុះ ក្នុងនោះបានចុះគោលដៅទី១ នៅភូមិប្រការ គោលដៅទី២ នៅភូមិអន្លង់គងថ្មី និងគោលដៅទី៣ នៅភូមិធម្មត្រ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
នាឱកាសនោះ អំណោយដែលទទួលបានក្នុង១គ្រួសារ មានអង្ករ ២០គីឡូក្រាម តែ ស្ករស ទឹកដោះគោ ១កញ្ចប់ និងថវិកា ១៥០០០រៀល ។
លោកចៅសង្កាត់ខាងលើ បានពាំនាំការសាកសួរសុខទុក្ខពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកម្ពុជា និង លោក នុត ពុធដារ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌដង្កោ និងជាអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលពេលណាបងប្អូនមានទុក្ខ ពេលនោះមានកាកបាទក្រហមកម្ពុជា នៅជាមួយបងប្អូនជានិច្ច ហើយព្រមទាំងបានជំរាបជូនបងប្អូន សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ អោយបានគ្រប់ៗគ្នា៕ តាឡឹម