ក្លិបយក្សរបស់ចិន Guangzhou Evergrande បានថ្កោលទោសដល់ខ្សែបម្រើសញ្ជាតិប្រេស៊ីល Paulinho ចំពោះរឿងអាស្រូវមួយ ដែលកីឡាករនេះ បានថតផ្សាយពាណិជ្ជកម្មជាមួយនឹងតារាសិចជប៉ុនTsukasa Aoi ឲ្យក្រុមហ៊ុនភ្នាល់បាល់មួយ ។
កីឡាករ Paulinho អតីតខ្សែបម្រើរបស់ក្លិបមាន់ខ្នាយមាស Tottenham មិនបានប្រាប់ដល់ក្លិប Guangzhou Evergrandeជាមុនពេលថតផ្សាយពាណិជ្ជកម្ម ហើយកំពុងតែស្ថិតក្រោមការស៊ើបអង្កេតរបស់ក្លិប ។
គួរបញ្ជាក់ថា ការភ្នាល់បាល់ និងរឿងសិចគឺជាអំពើខុសច្បាប់ នៅក្នុងប្រទេសចិន។ នៅពេលជាមួយគ្នានោះ កីឡាករវ័យ២៨ឆ្នាំPaulinhoបានបញ្ជាក់ថា គាត់មិនបានដឹងថាមាន វត្តមានរបស់តារាងសិចជប៉ុននៅក្នុងពេលថតឡើយ ហើយគាត់ក៏បានបញ្ចប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយនឹង ក្រុមហ៊ុនភ្នាល់បាល់នោះហើយ។
ក្លិបGuangzhou Evergrande ក៏បានចេញសេចក្តីថ្លែងការណ៍មួយថា “យើងបានធ្វើការស៊ើបអង្កេតភ្លាមៗក្រោយបានឃើញការផ្សាយ ពាណិជ្ជកម្មនៅលើសារព័ត៌មាន។ ការស៊ើបសួរដំបូងយើងបានរកឃើញថា Paulinho បានយល់ព្រមថត ផ្សាយពាណីជ្ជកម្មជាមួយនឹងក្រុមហ៊ុនភ្នាល់បាល់ដោយមិនបានប្រាប់ក្លិបឲ្យដឹងមុន” ។
គួររំលឹកថា Paulinho មិនអាចមានឱកាសជាប់ជម្រើសដំបូង នៅក្នុងក្លិបមាន់ខ្នាយមាសហើយក៏សម្រេចចិត្តផ្លាស់មកកាន់ប្រទេសចិនកាលពីឆ្នាំ២០១៥។ គាត់រកបាន១៩គ្រាប់ក្នុងចំណោម៧៥ប្រកួតឲ្យក្រុម Guangzhou Evergrande ប៉ុន្តែអនាគតរបស់គេនៅក្នុង ក្លិបនេះហាក់បីដូចជាមានភាពមិនប្រាកដប្រជាឡើយក្រោយមានរឿងអាស្រូវនេះ ៕ ដេវីត