ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិអាមេរិកចេញពីកាតារ បន្តទៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Jim Mattis បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌី និង ប្រទេសកាតារ ដោយលោកបន្តដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីពង្រឹង ទំនាក់ទំនងយោធា ជាមួយប្រទេសនេះក្នុងការប្រឆាំងភេរវកម្ម។

ការពង្រឹងទំនាក់ទំនងយោធារបស់ អាមេរិកកើតឡើងចំពេលដែលស្ថានភាព ពិភពលោកកំពុងតែតានតឹង ក្នុងនោះមានការវាយប្រហារនៅក្នុងប្រទេសស៊ីរី ក៏ដូចជាភាពតានតឹងនៅតំបន់អាស៊ីមានឧបទ្វីបកូរ៉េជាដើម។

ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាហ្វហ្គានីស្ថានរបស់លោក Jim Mattis មិនសូវទទួលបានលទ្ធផលល្អនោះឡើយ ដោយសារតែ រដ្ឋមន្ត្រីការពារជាតិប្រទេសនេះលាលែងពីតំណែង ធ្វើឲ្យក្រសួង ការពារជាតិចន្លោះប្រហោង គ្មានក្បាលម៉ាសុីនដឹកនាំ។ការលាលែងពីតំណែងរបស់រដ្ឋ មន្ត្រីការពារជាតិនេះគឺ ក្រោយពីមហាភេរ វកម្មសម្លាប់មនុស្សយ៉ាងតិចជាង១៣០ នាក់នៅលើមូលដ្ឋានយោធាមួយនាភាគខាងជើងអាហ្វហ្គានីស្ថានរួចមក។

នៅខណៈពេលដែលពួកតាលីបង់បង្កើនសកម្មភាពដ៏ហិង្សានៅក្នុងប្រទេស អាហ្វ ហ្គានីស្ថាន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis បានធ្វើដំណើរទៅដល់អាហ្វហ្គានីស្ថាននៅថ្ងៃចន្ទទី២៤មេសាមុននេះ។ ដំណើរទស្សនកិច្ចនេះត្រូវប្រព្រឹត្តទៅនៅខណៈពេលដែលរដ្ឋមន្ត្រី ការពារជាតិនិងនាយសេនាធិការអាហ្វហ្គានីស្ថាន បានលាលែងចេញពីមុខតំណែងនៅថ្ងៃចន្ទទី២៤មេសានោះដែរ។

ការសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិលោក Abdullah Habibi និងអគ្គសេនាធិការអាហ្វហ្គានីស្ថានលោក Qadam Shah Shahim ត្រូវបានលោក ប្រធានាធិបតី Ashraf Ghani ទទួលយល់ ព្រមហើយ។

អាជ្ញាធរអាហ្វហ្គានីស្ថាន ត្រូវរងការរិះគន់យ៉ាងខ្លាំងក្លានាអំឡុងចុងសប្តាហ៍នេះ ពីសំណាក់ក្រុមអ្នកសង្កេតការណ៍និងអ្នកជំនាញដែលបានទាមទារឲ្យមានការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន ពីបទវិសមត្ថភាពនៅលើការធានាសន្តិសុខពលរដ្ឋរបស់ខ្លួនក៏ដូចជាការ ការពារមូលដ្ឋានយោធា។ ពីព្រោះកាលពី ថ្ងៃសុក្រមុន កងកុម៉្មង់ដូតាលីបង់ប្រមាណ ជា១០ នាក់ប្រកបដោយអាវុធធុនធ្ងន់និងគ្រឿងផ្ទុះ បានបើកការវាយប្រហារជាង ៥ម៉ោងប្រឆាំងលើមួលដ្ឋានទ័ពប្រទេស អាហ្វហ្គានីស្ថានដ៏សំខាន់បំផុតមួយនៅភាគខាងជើងនិងបានសម្លាប់ទាហានយ៉ាងតិចពី១៣០នាក់ទៅ១៦០នាក់។

នេះជាការវាយប្រហារទ្រង់ទ្រាយធំលើកទីពីរក្នុងរយៈពេលតែប៉ុន្មាន សប្តាហ៍ ប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារកាលពីដើមខែមីនាមុនប្រឆាំងទៅលើមន្ទីរពេទ្យ យោធាដ៏សំខាន់មួយនៅទីក្រុងកាប៊ុលដែលបណ្តាលឲ្យស្លាប់មនុស្សជាច្រើនសិប នាក់។

ក្នុងករណីវាយប្រហារទាំងពីរលើកនេះហើយទើបបានជាក្រសួងការពារជាតិ អាហ្វហ្គានីស្ថាន ត្រូវបានគេចោទ ថាខ្វះ តម្លាភាពនិងផ្តល់តួលេខនៃជន រងគ្រោះ មិនពិតប្រាកដ៕ ម៉ែវ សាធី


ចែករំលែក៖