ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធបាល់ទាត់ពិភពលោកពិន័យប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ិកដោយសារអ្នកគាំទ្រស្រែកច្រៀងបែបរើសអើងស្រឡាញ់ភេទដូចគ្នា

ចែករំលែក៖

សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក (FIFA) បានដាក់ពិន័យជាទឹកប្រាក់ទៅលើសហព័ន្ធកីឡាប្រទេសប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ិក ដោយសារតែអ្នកគាំទ្ររបស់ខ្លួនស្រែកច្រៀងតាមបែបរើសអើងនៃការស្រឡាញ់ភេទដូចគ្នា (Homophobic chanting) ក្នុងវគ្គជម្រុះ World Cup 2018 នាពេលកន្លងមក។

សារព័ត៌មានរបស់អង់គ្លេសបានចេញផ្សាយថា FIFA បានពិន័យចំពោះសហព័ន្ធប្រេស៊ីល គិតជាទឹកប្រាក់៣៥.០០០ដុល្លារ អាហ្សង់ទីនពិន័យ២០.០០០ដុល្លារ និងប្រទេសម៉ិចស៊ិក ពិន័យ១០.០០០ដុល្លារសហរដ្ឋអាមេរិក។

ក្នុងសេចក្តីថ្លែងការណ៍របស់ FIFA បានបញ្ជាក់ថា «ការពិន័យចំពោះ៣ប្រទេសខាងលើនេះ ដោយសារតែសហព័ន្ធនៃប្រទេសទាំងនោះមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនបាន បង្កជាភាពអនាធិបតេយ្យ លាយឡំទៅដោយការស្រែកច្រៀងបែបរើសអើងស្រឡាញ់ភេទដូចគ្នា នៅក្នុងវគ្គជម្រុះ World Cup 2018 នាពេលកន្លងមក ដោយពុំបានបញ្ជាក់ពីការប្រកួតណាមួយឡើយ»។

ទន្ទឹមគ្នានោះដែរ អង្គភាពដែលមិនគិតពីប្រាក់កម្រៃ FIFA ដែលមានលោក Gianni Infantino ជាប្រធានផងនោះក៏បានពិន័យទៅលើសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសអាល់បានី អ៊ីតាលី ចិន អ៊ីរ៉ង់ បូស្នៀ ប៉ូឡូញ ម៉ុងតេនីក្រូ ជុំវិញការដុតកាំជ្រួចរំខានបោះចូលក្នុងទីលាន ដែលរំខានដល់ការប្រកួតនាពេលកន្លងមកផងដែរ ៕ ដេវីត


ចែករំលែក៖