ព័ត៌មានទាន់ហេតុការណ៍៖

Sevilla បាត់បង់៣ពិន្ទុក្រោយចាញ់ Malaga ៤-២

ចែករំលែក៖

ឱកាសរបស់ក្រុម Sevilla នៃការឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌ Champions League ជាស្វ័យប្រវត្តិបានរងការខកចិត្តដ៏ធំមួយកាលពីថ្ងៃចន្ទ ខណៈដែលក្រុម Malaga បានយកឈ្នះក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Andalusian តែមួយក្នុងលទ្ធផល ៤-២។

ក្រុមរបស់លោក Jorge Sampaoli នៅតែរក្សាការដេញតាមពីក្រោយក្រុមឈរលេខ៣ Atletico Madrid ចំនួន៣ពិន្ទុដដែល ខណៈដែលនៅសល់ការប្រកួត៣លើកទៀតនៅរដូវកាលនេះ។ ទោះបីជាយ៉ាងណា Sevillla កំពុងតែនាំមុខលើក្រុម Villarreal ដល់នៅ៥ពិន្ទុក្នុងការប្រជែងសម្រាប់កៅអីក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ ។

ក្រុម Sevilla បានចាប់ផ្តើមយ៉ាងល្អ នៅពេលដែលកីឡាករ Franco Vazquez បានជួយឲ្យក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខមុននៅនាទីទី៣០។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការនាំមុខនោះមានរយៈពេលត្រឹមតែ៨នាទីប៉ុណ្ណោះ ខណៈដែលកីឡាករ Pablo Fornals បានគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមម្ចាស់ផ្ទះ។ កីឡាករ Sandro Ramirez ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិប Barcelona បានបន្តការបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះរបស់គេ ជាមួយនឹងការរកបានគ្រាប់បាល់ទី៦ ពីការប្រកួតទាំង៦លើក ខណៈដែលរូបគេបានដណ្តើមយកប្រៀបពីការធ្វេសប្រហែសក្នុងតំបន់ការពារ ដើម្បីស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ។

ខ្សែបម្រើ Vazquez បានជួយឲ្យក្រុម Sevilla រកគ្រាប់បានគ្រាប់បាល់តាមស្មើវិញ ជាមួយនឹងការស៊ុតបាល់នៅជិតប្រអប់ទី។ ប៉ុន្តែខ្សែប្រយុទ្ធ Diego Llorente បានរក្សាការនាំមុខរបស់ក្រុម Malaga វិញ នៅពេលដែលរូបគេបានតែតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Ramirez នៅរយៈពេល១៣នាទីចុងក្រោយ។

កីឡាករ Juan Carlos បានបំពេញការទទួលជ័យជម្នះរបស់ក្រុមខ្លួនដោយរកបាន១គ្រាប់ទៀតនៅនាទីទី៨២ ជិតបញ្ចប់ការប្រកួត ខណៈដែលជ័យជម្នះជាលើកទី៣នេះបានជួយឲ្យក្រុម Malaga កាន់តែមានក្តីសង្ឃឹម ៕ ដេវីត


ចែករំលែក៖