ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង៖ ចិនមានសញ្ញាក្បត់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង

ចែករំលែក៖

កូរ៉េខាងជើង កាលពីថ្ងៃទី៣ខែឧសភា បានចោទប្រកាន់ចិនថាបាន បង្កឲ្យមាន ភាពស្មុគស្មាញ ដោយចិនមានសកម្មភាព «ក្បត់ »កូរ៉េខាងជើង ដោយចិន សម្រេច ចូលទៅកៀកអាមេរិក។

សារព័ត៌មានកូរ៉េខាងជើង
បាន ផ្សព្វផ្សាយនូវ អត្ថបទវិភាគមួយ ដោយក្នុង នោះបានបញ្ជាក់ថា «ចិនមិនត្រូវប្រថុយសាកល្បងទៅលើការអត់ធ្មត់របស់យើងទេ»។ នៅក្នុងអត្ថបទនោះបញ្ជាក់ទៀតថា ចិន តែងតែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ យុទ្ធសាស្ត្ររបស់កូរ៉េខាងជើង នៅពេល ដែលចិន បានខិតចូលកៀកអាមេរិក។ ទាំងនោះជាសកម្មភាព បង្ហាញពីការ «ក្បត់កូរ៉េខាងជើង របស់ចិន»។

សកម្មភាពខាងលើ របស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែលទំនាក់ទំនងរវាងចិន នឹងអាមេរិក កាត់តែជិតស្និទ្ធគ្នា។ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានបង្ហាញក្តីសង្ឃឹមថា ចិននឹងដោះ ស្រាយកម្មវិធីបរមាណូ របស់កូរ៉េខាងជើង បានឆាប់បំផុត។

ចំណែកកូរ៉េខាងជើង វិញក៏បានប្រកាស ផងដែរថា ទីក្រុងព្យុងយ៉ាង គ្មានបំណង ផ្អាកកម្មវិធីបរមាណូនោះឡើយ ។ ចំពោះកូរ៉េខាងជើង បរមាណូគឺជាតំណាង នៃតម្លៃនិងកម្លាំងរបស់ប្រទេស និងជា ការយកចិត្តទុកដាក់ធំបំផុត របស់មេដឹក នាំគ្រប់ជំនាន់។ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា ប្រសិនបើ កូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូនោះ មិនត្រឹមតែទទួលរងទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយ គឺថែម ទាំងរងការវាយប្រហារដោយយោធាទៀត ផង។

កាលពីថ្ងៃទី៣ខែឧសភា ទីក្រុងបេកំាង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងកំពុងតែធ្វើដំណើរលើវិថីដ៏គ្រោះថ្នាក់ ហើយត្រូវតែ ពិចារណាដោយ ត្រឡប់ថយក្រោយឲ្យ ទាន់ពេលវេលា ។ កម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូនោះនឹងធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងសភាពគ្រោះថ្នាក់តែប៉ុណ្ណោះ។

ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតាន តឹងខ្លាំងឡើងៗក្នុងពេលដែលអាមេរិក បានបញ្ជូន នាវាផ្ទុកយន្តហោះ នាវាមុជទឹក ហើយចុងក្រោយនេះគឺបញ្ជូនយន្តហោះ ទមា្លក់គ្រាប់បែកបរមាណូ ហោះឆ្លងកាត់ កូរ៉េខាងជើងទៀតផង។ ហេតុការណ៍ខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង ។

នៅពេលនេះដែរ ចិនបានធ្វើការ ជំរុញជាថ្មីម្តងទៀត ឲ្យភាគីទាំងអស់ អនុវត្តភាពអត់ធ្មត់ និង “ឈប់កំញើញ ដាក់គ្នា ទៅវិញទៅមកទៀត” ទុកជាការ ឆ្លើយតប ទៅនឹងសហរដ្ឋអាមេរិក ដែល បានហោះហើរ យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដើម្បីបង្ហាញពីកម្លាំង រារាំង កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ របស់ទីក្រុង ព្យុងយ៉ាង។

យោងតាមប្រភពព័ត៌មាន Ibtimesបាន ឲ្យដឹងថា កាលពីថ្ងៃចន្ទកន្លងទៅ យន្ត ហោះទម្លាក់គ្រាប់បែក លឿនជាងសំឡេង របស់អាមេរិក B-1B Lancer ពីរគ្រឿង បានហោះលើឧបទ្វីបកូរ៉េ ដើម្បីចូលរួមធ្វើ សមយុទ្ធយោធា ជាមួយទ័ពអាកាស សេអ៊ូល តែកូរ៉េខាងជើង មានប្រតិកម្មជា ខ្លាំង ចំពោះសមយុទ្ធនោះ ដោយចោទថា សហរដ្ឋអាមេរិក កំពុងជំរុញឧបទ្វីបកូរ៉េ ឲ្យចូលទៅរក សង្គ្រាមនុយក្លេអ៊ែរ តាម រយៈការបង្កហេតុ យោធាដ៏ព្រហើនរបស់ ខ្លួន។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅថ្ងៃ ពុធថា ក្រោយពីសមយុទ្ធ យោធាសហរដ្ឋ អាមេរិក នាពេលថ្មីៗនេះ និងការឆ្លើយតប របស់ក្រុងព្យុងយ៉ាង ចំពោះសមយុទ្ធនោះ ស្ថានភាពលើឧបទ្វីបកូរ៉េ កាន់តែមាន ភាពស្មុគស្មាញ និងរសើបខ្លាំងឡើង ដូច្នេះ ភាគីពាក់ព័ន្ធទាំងអស់ គួរតែរក្សាភាព ស្ងប់ស្ងៀម អនុវត្តភាពអត់ធ្មត់ បញ្ឈប់ សកម្មភាពកំញើញដាក់គ្នាទៅវិញទៅមក និងប្រឹងប្រែងធ្វើការបង្កើត បរិយាកាស មួយ សម្រាប់ទំនាក់ទំនង និងកិច្ចចរចាគ្នា ជាមួយគ្រប់ភាគី ឲ្យប្រព្រឹត្តទៅដោយ លឿនបំផុត តាមតែអាចទៅរួច៕ ម៉ែវ សាធី


ចែករំលែក៖