ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ «ចំណងទំនាក់ទំនង»រវាងចិននឹងកូរ៉េខាងជើងពិបាកដាច់ឬរបូតណាស់

ចែករំលែក៖

បើទោះបីទីក្រុងព្យុងយ៉ាងបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិនដែលបានខិតជិតអាមេរិក ហើយចាត់ទុកកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ជា គ្រោះថ្នាក់ដល់សន្តិសុខចិន។ ប៉ុន្តែការ ប្រឈមមុខតានតឹងដាក់គ្នា រវាងចិននឹង​ កូរ៉េខាងជើងមិនអាចអូសបន្លាយយូរអង្វែងនោះឡើយ។

កន្លងមកសារព័ត៌មានចិនបានផ្សាយ រិះគន់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង ហើយមិនត្រឹមតែប៉ុណ្ណោះក៏បាន អំពាវនាវ ឲ្យផ្អាកផ្តល់ប្រេងឲ្យកូរ៉េខាងជើង និងផ្អាកការទិញ ធ្យូងថ្មពីកូរ៉េខាងជើងផង ដែរ។

ប៉ុន្តែក្រុមអ្នកឯកទេសនយោបាយ បាន បញ្ជាក់ថា សកម្មភាពរបស់ចិននិងកូរ៉េខាងជើងដែលកើតមាន នេះគឺដោយសារតែ ចង់បានរបស់ប្រទេសមួយចំនួនពិសេសគឺអាមេរិក ប៉ុន្តែការប្រឈមមុខតានតឹងរវាងកូរ៉េខាងជើងនឹងចិននេះ មិនអូសបន្លាយ រយៈពេលយូរឡើយ។

លោក Alexander volontsov អ្នក ឯកទេសជនជាតិរុស្ស៊ី បានបញ្ជាក់ថា«យើងនៅតែមន្ទិលសង្ស័យ ទៅលើវិវាទរបស់ ចិននិងកូរ៉េខាងជើង មិនអាចកើតឡើង យូរអង្វែងឡើយ។ ទាំងនោះអាចជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ដើម្បីបង្ហាញឲ្យ ពិភពលោកដឹងថា ចិនពិតជា បានដាក់ គំនាបទៅលើកូរ៉េខាងជើង ។ ខ្ញុំជឿជាក់ថា រវាងចិននឹងកូរ៉េខាងជើង មិនអាចមានវិវាទ យូរអង្វែងឡើយ»។

តាមប្រភព័ត៌មាន ពីក្រុមអ្នកជំនួញ និងរដ្ឋាភិបាលប្រទេសមួយចំនួនបានបញ្ជាក់ថា ក្រុមហ៊ុនចិន និងកូរ៉េខាងជើង មានទំនាក់ ទំនងរកសុី ជាមួយគ្នាជាច្រើនកន្លងមក ហើយ។ជាក់ស្តែងក្រុមហ៊ុន Limac របស់ ចិន និងក្រុមហ៊ុន Ryonbong របស់កូរ៉េ ខាងជើង ដែលអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅកាលពីឆ្នាំ២០០៤បានរួមគ្នា ខួងយក​សារធាតុ Tantalum, Niobium និង Zirconium ។ សារធាតុទំាងនោះ អាចប្រើប្រាស់​សម្រាប់ ចម្រាញ់ចម្រើនសារធាតុបរមាណូ និងមីស៊ីល។

នៅក្នុងរបាយការណ៍ដែលបានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមអ្នកឯកទេស​ បញ្ជាក់ថា កូរ៉េខាងជើង បាននាំចូលសម្ភារសម្រាប់ផលិតមីស៊ីលនិងយន្តហោះធុនតូចមកពីប្រទេសចិន។

អ្នកឯកទេសវិភាគរបស់រុស្ស៊ីលោក Alexander Volontsov បានបញ្ជាក់ទៀតថា ចិន កំពុងតែបញ្ចៀសការប្រឈមមុខតាន តឹង ជាមួយកូរ៉េខាងជើង ហើយ ក៏មិនចង់ ឲ្យកូរ៉េខាងជើង ផ្លាស់ប្តូររដ្ឋាភិបាល ឬជួប សង្គ្រាមនោះដែរ។

ចំណុចទាំងនោះហើយទើបធ្វើឲ្យក្រុមអ្នកវិភាគបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េ ខាងជើងនឹងចិន មិនអាចកាត់ផ្តាច់បានឡើយបើទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ ចិនបានរក្សាទុកកូរ៉េខាងជើងដើម្បីជួយការពារចិន និងគំរាមកំហែងដល់សត្រូវរបស់ចិនផងដែរ ក្នុងនោះមានអាមេរិកជា​ដើម ។ ប្រសិនបើកូរ៉េខាងជើងដួលរលំនោះចិននឹងកាន់តែឯកោម្នាក់ឯង មិនមានសម្ពន្ធមិត្តណាមួយជួយការពារឡើយ។

ចំណែកទំនាក់ទំនងតានតឹងនាពេល កន្លងមក ក្នុងនោះមានការព្រមានរបស់​កូរ៉េខាងជើង ថាចិនបានក្បត់ ទីក្រុងព្យុង យ៉ាង ទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា តាំងពីដើមមក ចិននិងកូរ៉េខាងជើង មាន ភាពជិតស្និទ្ធគ្នាយ៉ាងខ្លាំង ហើយពេលនេះ ការបែកបាក់គ្រាន់តែ ជាការបន្លំភ្នែកគេ​ប៉ុណ្ណោះ។

ជាក់ស្តែងកាលពីថ្ងៃទី៣ខែឧសភា កូរ៉េខាងជើងបានចោទប្រកាន់ចិនថាបាន បង្កឲ្យមាន ភាពស្មុគស្មាញ ដោយចិនមាន សកម្មភាព «ក្បត់ »កូរ៉េខាងជើង ដោយចិន សម្រេច ចូលទៅកៀកអាមេរិក។

សារព័ត៌មានកូរ៉េខាងជើងបាន ផ្សព្វផ្សាយ នូវ អត្ថបទវិភាគមួយ ដោយក្នុងនោះបាន បញ្ជាក់ថា «ចិនមិនត្រូវប្រថុយសាកល្បងទៅលើការអត់ធ្មត់របស់យើងទេ»។ នៅ​ក្នុងអត្ថបទនោះបញ្ជាក់ទៀតថា ចិន តែងតែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ យុទ្ធ សាស្ត្ររបស់កូរ៉េខាងជើង នៅពេលដែល ចិន បានខិតចូលកៀកអាមេរិក។ ទាំងនោះ ជាសកម្មភាព បង្ហាញពីការ «ក្បត់កូរ៉េខាង ជើង របស់ចិន»។

សកម្មភាពខាងលើ របស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែលទំនាក់ទំនងរវាងចិន នឹងអាមេរិក កាត់តែជិតស្និទ្ធគ្នា។ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានបង្ហាញក្តីសង្ឃឹមថា ចិននឹងដោះ ស្រាយកម្មវិធីបរមាណូ របស់កូរ៉េខាងជើង បានឆាប់បំផុត។

ចំណែកកូរ៉េខាងជើងវិញក៏បានប្រកាសផងដែរថា ទីក្រុងព្យុងយ៉ាង គ្មានបំណង ផ្អាកកម្មវិធីបរមាណូនោះឡើយ ។ ចំពោះ កូរ៉េខាងជើង បរមាណូគឺជាតំណាង នៃ តម្លៃនិងកម្លាំងរបស់ប្រទេស និងជាការយក ចិត្តទុកដាក់ធំបំផុត របស់មេដឹក នាំគ្រប់ ជំនាន់។ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយ​ ថា ប្រសិនបើ កូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូនោះ មិនត្រឹមតែទទួលរងទណ្ឌ កម្មសេដ្ឋកិច្ចនោះឡើយ គឺថែមទាំងរងការវាយប្រហារដោយយោធាទៀតផង។

កាលពីថ្ងៃទី៣ខែឧសភា ទីក្រុងប៉េកំាង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងកំពុងតែធ្វើដំណើរលើវិថីដ៏គ្រោះថ្នាក់ ហើយត្រូវតែ ពិចារណាដោយ ត្រឡប់ថយក្រោយឲ្យ ទាន់ពេលវេលា ។ កម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូនោះនឹងធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងសភាពគ្រោះថ្នាក់តែប៉ុណ្ណោះ។

ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងខ្លាំងឡើងៗក្នុងពេលដែលអាមេរិក បាន បញ្ជូន នាវាផ្ទុកយន្តហោះ នាវាមុជទឹក ហើយចុងក្រោយនេះគឺបញ្ជូនយន្តហោះ ទមា្លក់គ្រាប់បែកបរមាណូ ហោះឆ្លងកាត់ កូរ៉េខាងជើងទៀតផង។ ហេតុការណ៍ខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង ។

នៅពេលនេះដែរ ចិនបានធ្វើការ ជំរុញ​ជា​ថ្មីម្តងទៀត ឲ្យភាគីទាំងអស់ អនុវត្តភាព អត់ធ្មត់ និង “ឈប់កំញើញដាក់គ្នាទៅ វិញទៅមកទៀត” ទុកជាការ ឆ្លើយតប ទៅនឹងសហរដ្ឋអាមេរិក ដែល បានហោះ ហើរ យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដើម្បីបង្ហាញពីកម្លាំង រារាំង កម្មវិធី​មីស៊ីល និងនុយក្លេអ៊ែរ របស់ទីក្រុង ព្យុង យ៉ាង។

យោងតាមប្រភពព័ត៌មាន Ibtimesបាន ឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក លឿនជាងសំឡេង របស់អាមេរិក B-1B Lancer ពីរគ្រឿង បានហោះលើឧបទ្វីបកូរ៉េ ដើម្បីចូលរួមធ្វើ សមយុទ្ធយោធា ជាមួយ ទ័ពអាកាស សេអ៊ូល តែកូរ៉េខាងជើង មានប្រតិកម្មជា ខ្លាំង ចំពោះសមយុទ្ធនោះ ដោយចោទថា សហរដ្ឋអាមេរិក កំពុង ជំរុញឧបទ្វីបកូរ៉េ ឲ្យចូលទៅរកសង្គ្រាម នុយក្លេអ៊ែរតាម រយៈការបង្កហេតុ យោធាដ៏ ប្រហើនរបស់ខ្លួន៕ ម៉ែវ សាធី

 


ចែករំលែក៖