ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះជំងឺអុតក្តាមលើសត្វគោក្របីរាប់រយក្បាលនៅស្រុកស្វាយជ្រំ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ១០ភូមិ ក្នុងឃុំឈើទាល មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារសត្វគោ ក្របីជាង៧០០ក្បាលមានជំងឺអុតក្តាមធ្ងន់ធ្ងរ និងងាប់រហូតមកដល់ពេលនេះ កំពុងមានជំងឺជាច្រើនក្បាលទៀត ពុំទាន់មានមន្ត្រីជំនាញពេទ្យសត្វណាចុះទៅអន្តរាគមន៍ឡើយ ទើបអំពាវនាវរកបទអន្តរាគមន៍ ។

ការអំពាវនាវរកបទអន្តរាគមន៍នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅភូមិឈើទាល និងភូមិតារក្ស ឃុំឈើទាល ស្រុកស្វាយជ្រំ ។

បើតាមលោក គោយ អឿន មេភូមិតារក្សបានឲ្យដឹងថា ចាប់តាំងពីមានភ្លៀងធ្លាក់ រយៈពេលមួយខែនេះ សត្វគោ ក្នុងភូមិតារក្ស ប្រមាណជា៥០ក្បាល បានកើតជំងឺអុតក្តាម ក៏ប៉ុន្តែពុំទាន់មាន មន្ត្រីជំនាញមកអន្តរាគមន៍ទេ ហើយបើតាមប្រជាពលរដ្ឋបានរាយការណ៍ថា ការផ្ទុះជំងឺអុតក្តាមនេះកើតនៅភូមិចេក និងភូមិសង្កែ ជាច្រើនក្បាល និងងាប់គោមួយក្បាល ។

លោកមេភូមិបន្តទៀតថា ដោយមានផ្ទុះជំងឺអុតក្តាមច្រើនដូច្នេះ ក៏បានរាយការណ៍ទៅលោកមេឃុំឈើទាល ដើម្បីរកមន្ត្រីពេទ្យសត្វជួយព្យាបាល ក៏ប៉ុន្តែគួរឲ្យសោកស្តាយលោកមេឃុំឆ្លើយតបថា គោរបស់គាត់កើតជំងឺអុតក្តាម៧ក្បាលដែរ មិនបានព្យាបាលអីទេ គឺជាអស់ហើយមិនបាច់ភ័យទេ។ នៅបីថ្ងៃចុងក្រោយនេះ ចាប់ផ្តើមផ្ទុះជំងឺអុតក្តាមទៅលើសត្វគោជាច្រើនក្បាលទៀត គួរឲ្យព្រួយបារម្ភ ពុំទាន់មានពេទ្យសត្វចុះមកពិនិត្យព្យាបាលឡើយ។

ទាក់ទិនករណីផ្ទុះជំងឺអុតក្តាមលើសត្វគោនេះដែរ លោកមាស សុខ មេឃុំឈើទាលបានមានប្រសាសន៍ថា ជំងឺអុតក្តាមបានកើតទៅលើសត្វគោ ប្រមាណជាង៧០០ក្បាល ចាប់តាំងពីខែមេសា មកដល់ខែឧសភា ឆ្នាំ២០១៧នេះ។

លោកមេឃុំបន្តទៀតថា ឃុំឈើទាលមាន១២ភូមិ ក្នុងនោះមាន១០ភូមិហើយ ដែលផ្ទុះជំងឺអុតក្តាម ក៏ប៉ុន្តែបានព្យាបាលជាសះស្បើយបណ្តើរៗហើយដែរ ។

ដោយឡែក នៅភូមិឈើទាល និងភូមិតារក្ស លោកមេភូមិបានរាយការណ៍មកឃុំថា គោជាច្រើនក្បាលបានចាប់ផ្តើមកើតជំងឺអុតក្តាមទៀត ហើយលោកមេភូមិកំពុងចុះស្រង់ស្ថិតិ និងសុំបទអន្តរាគមន៍។

ពាក់ព័ន្ធនឹងករណីនេះ លោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងពសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា រយៈពេល២ខែមកនេះ មានផ្ទុះជំងឺអុតក្តាមទៅលើសត្វគោក្របីប្រមាណជាង៣ម៉ឺនក្បាល ទូទាំងខេត្តស្វាយរៀង ក្នុងនោះមានស្រុករមាសហែក និងស្រុកស្វាយជ្រំ គោក្របីមានជំងឺអុតក្តាមច្រើនជាងគេ ក៏ប៉ុន្តែពុំមានគោក្របីឈឺអុតក្តាមងាប់ឡើយ មន្រ្តីពេទ្យសត្វបានចុះពិនិត្យព្យាបាល ជាធូរស្រាលបណ្តើរៗហើយ។

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានផ្ទុះជំងឺអុតក្តាមបន្តទៀតនៅឃុំគ្រួស និងឃុំឈើទាល ស្រុកស្វាយជ្រំ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង មានកើតជំងឺអុតក្តាម២០ក្បាល មន្រ្តីជំនាញកំពុងចុះផ្សព្វផ្សាយអំពីវិធីក្នុងការថែទាំ និងព្យាបាលជំងឺអុតក្តាមដល់ប្រជាពលរដ្ឋម្ចាស់គោក្របី រួចហើយគឺនៅថ្ងៃ៩ ខែឧសភានេះ ឃុំឈើទាលមានសត្វគោកើតជំងឺអុតក្តាម៧៥ក្បាល ក្របី១៥ក្បាល និងនៅឃុំក្រួស២៥ក្បាលកំពុងពិនិត្យព្យាបាល ។

មន្ត្រីរូបនេះបន្តទៀតថា ជំងឺអុតក្តាមជាជំងឺវីរុស វាជាជំងឺឆ្លងរហ័សទៅលើពពួកសត្វមានចង្វែកជើង មុខសញ្ញាមិនស៊ីចំណី មិនស៊ីស្មៅ សត្វគោកើតជំងឺអុតក្តាម គឺកើតនៅត្រង់ចង្វែកជើងមានទឹកល្ងៃ និងពងនៅត្រង់ដោះឬគល់ស្នែង បើគោកើតជំងឺអុតក្តាម ត្រូវដឹកយកសត្វគោក្របី ចងនៅកន្លែងស្ងួត ស្អាត ដាក់ដាច់ឆ្ងាយពីគោក្របីដែលជាគ្មានជំងឺហើយសំអាតកន្លែងឲ្យស្អាត បើធ្ងន់ មិនអាចស៊ីចំណីបានយើងត្រូវច្រកទឹកបបរឬឲ្យស្មៅខ្ចី ទន់ៗទើបគោអាចស៊ីបានហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរភូមិ ឃុំនិងពេទ្យសត្វដើម្បីព្យាបាលឲ្យបានទាន់ពេល ៕ យឹម សុថាន


ចែករំលែក៖