នៅទីលានក្រហមប្រទេសរុស្ស៊ី ទាហាន រាប់សិបពាន់នាក់ និងសព្វាវុធទំនើបៗជា ច្រើន បានចូលរួមដង្ហែក្បួនព្យុហយាត្រា ទ្រង់ទ្រាយធំ ប្រារព្ធខួបលើកទី៧២ថ្ងៃ ទទួលបានជ័យជម្នៈលើរបប ហ្វាស៊ីស ថ្ងៃ ទី៩ ខែឧសភា។
ពិធីដង្ហែក្បួនព្យុហយាត្រាមានទាហានប្រមាណ១មុឺននាក់ចូលរួម និងកម្លាំងអាវុធ មកពី១១៤កងពលទ័ពជើងគោកផ្សេងៗ គ្នា និង៧២កងពលនៃទាហានអាកាស ចូលរួម។
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងអគ្គមេបញ្ជាការកងទ័ពរុស្ស៊ីរួមជាមួយអតីត យុទ្ធជន មេទ័ព ដែលបានចូលរួមក្នុង សង្គ្រាមការពារជាតិកាលពីជាង៧០ឆ្នាំ កន្លងទៅ បានចូលរួមក្នុងពិធីសំខាន់នោះ ដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu ជាអ្នករៀបចំពិធីដង្ហែក្បួនព្យុហយាត្រា និងអ្នកបញ្ជាការដង្ហែក្បួន ផ្ទាល់គឺឧត្តមសេនីយ៍ Oleg Salyukov មេបញ្ជាការកងទ័ពជើងគោក។
ពិធីដង្ហែក្បួនព្យុហយាត្រាលើកនេះគឺជាការបង្ហាញសាច់ដុំរបស់រុស្ស៊ីឲ្យពិភពលោកបានដឹង ក៏ដូចជាការផ្សព្វផ្សាយអាវុធទំនើបៗរបស់រុស្ស៊ីក្នុងពេលដែលស្ថានភាពសន្តិសុខលើពិភពលោកប្រឈមមុខតានតឹងដាក់គ្នា ក្នុងនោះមានស្ថានភាពនៅក្នុងប្រទេសស៊ីរី និងកូរ៉េខាងជើង។
កម្លាំងទាហានរបស់រុស្ស៊ីក្រោមការដឹកនាំរបស់លោក ពូទីន គឺត្រូវតែខ្លាំងជានិច្ច ដូចអ្វីដែលលោកបានប្រកាសថា កម្លាំង ទាហានខ្លាំងទើបសមជាប្រទេសមហា អំណាច។ តាំងពីលោក ឡើងកាន់តំណែង មកទល់ពេលនេះ លោកបានបញ្ជាឲ្យទាហានបើកការធ្វើសមយុទ្ធជាបន្តបន្ទាប់ ក៏ ដូចជាដកតំណែងមន្ត្រីយោធាដែលមិន បំពេញការងារបានល្អ ៕ ម៉ែវ សាធី