ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង១និង៣០នាទីរំលងអធ្រាត្រ នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមនឹងថ្នាំញៀន២កញ្ចប់តូច ត្រង់ចំណុចមុខស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យដែលជានិស្សិតខាងលើមានឈ្មោះ ស្រី ថា អាយុ ២៤ ឆ្នាំ មានទីលំនៅម្ដុំកន្លែងកើតហេតុ និង មានស្រុកកំណើតនៅ សង្កាត់ទឹកថ្លា ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើកំពុងអង្គុយលើម៉ូតូម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG.3778 នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ពេលទិញហើយ ក៏យកថ្នាំនោះកំពុងអង្គុយចាំមិត្តភក្តិមកទៅជក់ទាំងអស់គ្នា តែមិនទាន់បានទៅផង ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតតាមមូលដ្នានប្រទះឃើញ ដូចជាមានការសង្ស័យក៏បានឃាត់ខ្លួនឆែកឆេរ ទើបរកឃើញថ្នាំញៀន២កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖