ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការបោះឆ្នោតបារាំងនឹងមានជនភៀសខ្លួនជាច្រើនទៀតប្រថុយគ្រោះថ្នាក់ចូលទៅអឺរ៉ុប

ចែករំលែក៖

ការជាប់ឆ្នោតរបស់លោកម៉ាក្រុង ដែលមានគោលនយោបាយមិនរើសអើងផ្សះផ្សា ក៏ដូចជាដោះស្រាយវិបត្តិជនភៀសខ្លួន ជាហេតុអាចធ្វើឲ្យជនភៀសខ្លួនជាច្រើនទៀតចូលទៅកាន់តំបន់អឺរ៉ុប។

បើទោះបីនៅមានជនភៀសខ្លួនរាប់សិបម៉ឺននាក់ មិនទាន់រកទីជម្រកសមស្របនៅអឺរ៉ុបក្តី តែជនភៀសខ្លួនជាច្រើនទៀតអាចនឹងបន្តទៅកាន់អឺរ៉ុបដើម្បីមានការរស់នៅប្រសើរជាង។ ដោយនៅក្នុងប្រទេសរបស់ខ្លួន ដែលញាំញីដោយសង្គ្រាមស៊ីវិលប្រឈមនឹងការស្លាប់គ្រប់ពេល ទាំងនោះហើយទើបជនភៀសខ្លួនលះបង់ជីវិតប្រថុយធ្វើដំណើរទៅអឺរ៉ុប។

ក្នុងរយពេលចុងក្រោយនេះមានកប៉ាល់ពីរគ្រឿងដែលដឹកអ្នកដំណើរបានលិចសម្លាប់មនុស្សជាច្រើន ។ មន្ត្រីនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ទើបបាននិយាយឲ្យដឹងថា មនុស្សជិត២៥០នាក់ បាន បាត់បង់ជីវិត និងបាត់ខ្លួននៅក្នុងហេតុការណ៍ គ្រោះថ្នាក់លិចកប៉ាល់ ពីរគ្រឿងនៅក្នុងសមុទ្រមេឌីទែរនេ។

យោងតាមសេចក្តីរាយការណ៍របស់ UPI ហេតុការណ៍លិចកប៉ាល់ទី១ បានកើតឡើងកាលពីថ្ងៃសុក្រនៅពេលដែលសំពៅកៅស៊ូមួយបានលិចបាត់ បន្ទាប់ពីវាបានធ្វើដំណើរអស់ពេលជាច្រើនម៉ោង ជាមួយនឹងមនុស្ស១៣២នាក់ ហើយអាជ្ញាធរបានសង្គ្រោះមនុស្ស ប្រមាណ៥០នាក់ កាលពីថ្ងៃអាទិត្យ ប៉ុន្តែមនុស្ស៨២នាក់ ផ្សេងទៀតបានបាត់បង់ជីវិតឬកំពុងបាត់ខ្លួន។

ចំណែកហេតុការណ៍ទី២ បានកើតឡើងនៅក្បែរតំបន់ឆ្នេរប្រទេសលីប៊ីកាលពីថ្ងៃអាទិត្យហើយកងកម្លាំងឆ្មាំសមុទ្រលីប៊ីជួយសង្គ្រោះបានស្ត្រីម្នាក់ និងបុរស៦នាក់ ហើយមនុស្ស ចំនួនប្រមាណ១៦៣នាក់ ផ្សេងទៀតត្រូវបានបាត់បង់ជីវិតឬកំពុងបាត់ខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖