ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត ព្រោះតែម្ចាស់ស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារតែស្រវឹង ហើយបើករថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ត្រង់ចំណុចមុខរោងចក្រMV (ក្បែរផ្សារក្រមួន)នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្នុងវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះមាន បុរសម្នាក់បានស្រវឹងស្រា ហើយបើករថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2V.3229 ដោយធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កក៏បានជ្រុលចង្កូតទៅបុករបាំងថ្មយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេងខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរមិនបណ្ដាលឲ្យរងរបួស ដោយឡែកឯរបាំងថ្មបានបាក់អស់ចំនួន២កង់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទទួលផ្នែកចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់កន្លែងកើតហេតុ និងវាស់វែងយករថយន្តបង្កនោះទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។

គួរបញ្ចាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យខូចខាតដល់សម្បត្តិរដ្ឋ ដូចជា៖ ទ្រូងផ្លូវ បង្គោលភ្លើង ស្ពាន ថ្នល់ គេតែងតែសង្កេតឃើញសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅក្រុង ចុះហេតុអីបានជាសមត្ថកិច្ចទទួលផ្នែកចរាចរណ៍ខណ្ឌមានជ័យ យករថយន្តបង្កនោះទៅទុកនៅត្រឹមខណ្ឌទៅវិញ ជាក់ស្ដែងដូចករណីខាងលើនេះ៕ ភារ៉ា ដង្កោ


ចែករំលែក៖